The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រុស្ស៊ី​ងាក​ទៅរក​ចិន​ឱ្យជួយ​ផលិត​វ៉ាក់សាំង Sputnik V ដើម្បី​បំពេញ​តម្រូវការ




រុស្ស៊ី​ងាក​ទៅរក​ចិន​ឱ្យជួយ​ផលិត​វ៉ាក់សាំង Sputnik V ដើម្បី​បំពេញ​តម្រូវការ

Content image - Phnom Penh Post
វ៉ាក់សាំង Sputnik V របស់​ប្រទេស​រុស្ស៊ី។ AFP

រុស្ស៊ី​ងាក​ទៅរក​ចិន​ឱ្យជួយ​ផលិត​វ៉ាក់សាំង Sputnik V ដើម្បី​បំពេញ​តម្រូវការ

ប្រទេស​រុស្ស៊ី​កំពុង​ងាក​ទៅរក​ក្រុមហ៊ុន​ចិន​មួយចំនួន​ឱ្យជួយ​ផលិត​វ៉ាក់សាំង Sputnik V របស់​ពួកគេ ដើម្បី​បំពេញ​ការកើនឡើង​តម្រូវការ​វ៉ាក់សាំង​នេះ។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ រុស្សី​បាន​ប្រកាស​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន ៣ ដើម្បី​ផលិត​វ៉ាក់សាំង​សរុប​ចំនួន ២៦០ លានដូស។ ការសម្រេច​នេះ​អាច​មានន័យថា ការផ្គត់ផ្គង់​អាច​លឿន​ជាង​មុន​សម្រាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន មជ្ឈិមបូព៌ា និង​អាហ្វ្រិក ដែល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​រុស្ស៊ី ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ផ្ដល់​អាទិភាព​សំខាន់​លើ​តម្រូវ​ការចាក់​វ៉ាក់សាំង​ក្នុងស្រុក​ពួកគេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយថា តម្រូវការ​វ៉ាក់សាំង Sputnik V គឺ​លើសពី​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​របស់​ប្រទេស​រុស្ស៊ី។ រដ្ឋាភិបាល​រុស្ស៊ី បាន​បដិសេធ​ប្រកាស​តួលេខ​ចំនួន​ដូស ដែល​ពួកគេ​ព្រមព្រៀង​ផ្គត់ផ្គង់​ទៅ​ប្រទេស​ដទៃទៀត។ Airfinity ដែលជា​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​វិទ្យាសាស្ត្រ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ បាន​ប៉ាន់​ស្មានថា រុស្ស៊ី​បាន​យល់ព្រម​ផ្គត់ផ្គង់ Sputnik V ប្រមាណ ៦៣០ លានដូស​ដល់​ជាង ១០០ ប្រទេស ប៉ុន្តែ​មកដល់​ពេល​នេះ​មាន​ការរាយការណ៍​ថា រុស្ស៊ី​ផលិត​បានត្រឹមតែ ៥៤ លានដូស​ប៉ុណ្ណោះ ដែល​ក្នុងនោះ​មាន​ការនាំចេញ​ចំនួន ១១,៥ លានដូស។

ដើម្បី​បង្កើន​ផលិតកម្ម មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី (RDIF) ដែលជា​ស្ថាប័ន​រដ្ឋាភិបាល​វិនិយោគ​ក្នុងការ​បង្កើត Sputnik V និង​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​ផលិត​អន្តរជាតិ បាន​ចុះ​កិច្ចព្រមព្រៀង​ផលិត​ជាមួយ​ក្រុមហ៊ុន​ឱសថ​ជាច្រើន នៅក្នុង​ប្រទេស​ឥណ្ឌា កូរ៉េខាងត្បូង ប្រេស៊ីល ស៊ែប៊ី តួកគី អ៊ីតាលី និង​ប្រទេស​ជាច្រើន​ដទៃទៀត។ បើទោះជា​យ៉ាងនេះ​ក៏ដោយ មាន​តម្រុយ​តិចតួច​ដែល​បង្ហាញថា ប្រទេស​ទាំងនេះ ក្រៅពី​កាហ្សាក់ស្ថាន និង​បេឡារុស បាន​ផលិត​វ៉ាក់សាំង​រុស្ស៊ី​ក្នុង​បរិមាណ​ច្រើន​ដើម្បី​បំពេញ​តម្រូវការ។

ថ្មីៗនេះ RDIF បានប្រកាស​ថា ពួកគេ​នឹង​ផលិត​វ៉ាក់សាំង​ចំនួន ១០០ លានដូស​ក្នុង​ការសហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន Hualan Biological Bacterin Inc បន្ថែម​លើ​កិច្ចព្រមព្រៀង​មុន​ដែល​បានប្រកាស​កាលពី​ខែមីនា ដើម្បី​ផលិត​វ៉ាក់សាំង​ចំនួន ៦០ លានដូស​ជាមួយ​ក្រុមហ៊ុន Shenzhen Yuanxin Gene tech Co។

កិច្ចព្រមព្រៀង​ទាំង ២ នេះ​គឺជា​ការបន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​ដែល​បានប្រកាស​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ជាមួយ​ក្រុមហ៊ុន Tibet Rhodiola Pharmaceutical Holding Co ដែល​បាន​ចំណាយ​ប្រាក់ ៩ លាន​ដុល្លារ​ ដើម្បី​ទិញ​សិទ្ធិ​ផលិត និង​ចែកចាយ​វ៉ាក់សាំង Sputnik V ក្នុងប្រទេស​ចិន។ មូលនិធិ RDIF ប្រកាស​កាលពី​ខែមេសា ថា លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​កំណត់ថា ក្រុមហ៊ុន Tibet Rhodiola នឹង​ផលិត​វ៉ាក់សាំង​ចំនួន ១០០ លានដូស។

យ៉ាងណាមិញ ក្រុមហ៊ុន​ទាំង ៣ នេះ​មិនទាន់​ចាប់ផ្ដើម​ការផលិត​វ៉ាក់សាំង Sputnik V នៅឡើយ។ ក្រុមហ៊ុន Tibet Rhodiola បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​មួយ​នៅ​ក្រុង​ស៊ាងហៃ​កាលពី​ចុងឆ្នាំ​មុន ហើយ​រំពឹងថា ផលិតកម្ម​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា​ឆ្នាំនេះ។ លោក Chen Dalin ប្រធាន​ក្រុមហ៊ុន Tibet Rhodiola ក៏បាន​និយាយ​ផងដែរ​ថា បន្ទាប់ពី​ការផ្ទេរ​បច្ចេកវិទ្យា​ជោគជ័យ ពួកគេ​នឹង​ចាប់ផ្តើម​ជាមួយនឹង​ការបំពេញ​ការបញ្ជាទិញ​ចំនួន ៨០ លានដូស ដើម្បី​លក់​ទៅ​ប្រទេស​រុស្ស៊ី​វិញ។

ការកំណត់​ពេលវេលា​សម្រាប់​ផលិតកម្ម​ដោយ Hualan Bio និង Shenzhen Yuanxin គឺ​មិនមាន​ភាពច្បាស់លាស់​នៅឡើយ។ អ្នកនាំពាក្យ​ក្រុមហ៊ុន Shenzhen Yuanxin មួយរូប​បាន​បដិសេធ​មិន​និយាយថា​ពេលណា​ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ផលិតកម្ម​នោះទេ ប៉ុន្តែ​បាន​និយាយថា ការបញ្ជាទិញ​របស់​ពួកគេ​នឹងមិន​ត្រូវ​បានដាក់​លក់​នៅក្នុង​ប្រទេស​ចិន​ទេ។ មូលនិធិ​រដ្ឋ​រុស្ស៊ី RDIF បាន​និយាយថា ផលិតកម្ម​នឹង​ចាប់ផ្តើម​នៅ​ខែ​នេះ។

បើទោះបីជា​មាន​ការពន្យារ​ពេល​ក៏ដោយ ការទូត​វ៉ាក់សាំង​របស់​រុស្ស៊ី​បានទទួល​ជោគជ័យ​មួយចំនួន​ផងដែរ។

តាំងពីដើម​មក រុស្ស៊ី គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩ ដែលមាន​គោលបំណង​ចែកចាយ​នៅ​ទូទាំង​ពិភពលោក។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី​ការផ្ដល់​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់ Sputnik V RDIF បានចាប់ផ្តើម​ធ្វើ​ផ្សព្វផ្សាយ​យ៉ាងសកម្ម​នៅក្រៅ​ប្រទេស ដោយ​ប្រកាស​ពី​កិច្ចព្រមព្រៀង​ជាច្រើន ដើម្បី​ផ្គត់ផ្គង់​ទៅ​ប្រទេស​ផ្សេងទៀត។

ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​យ៉ាង​លឿន​នេះ​បានធ្វើឱ្យ​មានការ​រិះគន់​អំពី​កង្វះ​ទិន្នន័យ​សុវត្ថិភាព និង​ប្រសិទ្ធភាព។ ការរិះគន់​បាន​ស្ងប់ស្ងាត់ បន្ទាប់ពី​ចេញផ្សាយ​ទិន្នន័យ​ការសាកល្បង​នៅលើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​អង់គ្លេស The Lancet ដែល​បង្ហាញថា វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​មាន​អត្រា​ប្រសិទ្ធភាព ៩១%។

វ៉ាក់សាំង​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅក្នុង ៦៤ ប្រទេស​ដែល​ភាគច្រើន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ នៅ​អាមេរិក​ឡាទីន ប្រទេស​ម៉ិកស៊ិក និង​អាហ្សង់ទីន​បាន​ចាក់​វ៉ាក់សាំង​នេះ​បាន​ប្រហែល ៧ លាន​ដូស ខណៈ​ប្រជាជន​ជាង ១២ លាន​នាក់​នៅ​រុស្ស៊ី​បាន​ទទួល​ការចាក់​វ៉ាក់សាំង។

បើទោះជា​យ៉ាងនេះ​ក៏ដោយ កាលពី​សប្ដាហ៍​មុន និយតករ​ប្រទេស​ប្រេស៊ីល​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ Sputnik V ដោយសារ​ពួកគេ​គិតថា ទិន្នន័យ​ការសាកល្បង​នៅមាន​កម្រិត ហើយ​ពួកគេ​បាន​រកឃើញថា វ៉ិចទ័រ​វីរុស Adeno នៃ​វ៉ាក់សាំង​នេះ​គឺ​នៅ​មាន​ភាពសកម្ម​នៅឡើយ ដែល​អាច​បង្ក​ជំងឺ​ផ្លូវដង្ហើម និង​សម្លាប់​មនុស្ស​មាន​ប្រព័ន្ធ​ស៊ាំ​ខ្សោយ។ ការបដិសេធ​ធ្វើឱ្យមាន​ការប៉ះពាល់​ពាក្យសម្តី​រវាង RDIF និង​ភ្នាក់ងារ​និយតករ ANVISA។ ANVISA បាន​និយាយថា បញ្ហា​នេះ​អាច​ដោះស្រាយ​ ប្រសិន​បើ​រុស្ស៊ី អាច​បង្ហាញថា វ៉ាក់សាំង​នេះ​មិនមាន​ផ្ទុក​វ៉ិចទ័រ​វីរុស​ដែលមាន​គ្រោះថ្នាក់ ឬ​មាន​ក្នុង​កម្រិត​ទាប​បំផុត​ដែល​មិនអាច​បង្ក​ហានិភ័យ​នោះទេ៕

អត្ថបទគួរចាប់អារម្មណ៍