
លោក Joe Biden (ឆ្វេង) និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ AFP
វិមានក្រឹមឡាំងឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃសុក្រកន្លងទៅ ដោយបានផ្តល់សច្ចាប័នលើការពន្យារសន្ធិសញ្ញាត្រួតពិនិត្យអាវុធសំខាន់ជាមួយសហរដ្ឋអាមេរិកឬ ១ សប្តាហ៍មុនពេលផុតកំណត់។
ប្រភពដដែលបានឱ្យដឹងថា កិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ START នឹងត្រូវពន្យាររយៈពេល ៥ ឆ្នាំទៀតរហូតដល់ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៦។ សន្ធិសញ្ញានេះផងដែរ គឺជាកតិកាសញ្ញាចុងក្រោយ សន្ធិសញ្ញារវាងរុស្ស៊ីនិងអាមេរិកក្រោយសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនុយក្លេអ៊ែរដាច់ដោយឡែកជាមួយប្រទេសរុស្ស៊ី មក គឺសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ក្នុងអាណត្តិ Trump កាលពីឆ្នាំ ២០១៩ កន្លងមក។
លោក Putin និងប្រធានាធិបតីអាមេរិក Joe Biden បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដោយសម្ដែងនូវ «ការពេញចិត្ត» ចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ស្តីពីការពង្រីកសន្ធិសញ្ញានេះ។ ក្រោយមកសភារុស្ស៊ីក៏បានបោះឆ្នោតផ្តល់សច្ចាប័នដល់ការបន្តសន្ធិសញ្ញារយៈពេល ៥ ឆ្នាំទៀតនៅថ្ងៃពុធ សប្ដាហ៍មុន។
គួរបញ្ជាក់ផងដែរថា សន្ធិសញ្ញាត្រូវបានចុះហត្ថលេខាជាលើកដំបូងកាលពីឆ្នាំ ២០១០ ក្នុងអាណត្តិអតីតប្រធានាធិបតីអាមេរិក Barack Obama និងអតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev ដែលសន្ធិសញ្ញានេះត្រូវបានចូលជាធរមាននៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១១ និងមានសុពលភាពរយៈពេល ១០ ឆ្នាំ។
សន្ធិសញ្ញានេះធ្វើឡើងគោលបំណងកម្រិតយុទ្ធសាស្ត្រ និងអាវុធយោធារវាងប្រទេសទាំង។
សន្ធិសញ្ញានេះដាក់កម្រិតលើភាគីនីមួយៗឱ្យដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) មិនឱ្យលើសចំនួន ៧០០ គ្រាប់ មីស៊ីលផ្លោងឆ្លងទ្វីប (SLBMs) និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ជាដើម និងមិនឱ្យលើសពី ១ ៥៥០ គ្រាប់ ក្នុងការដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) មីស៊ីល ផ្លោងឆ្លងទ្វីប (SLBMs) និងគ្រាប់បែកធុនធ្ងន់ផងដែរ។ បន្ថែមពីនេះ ភាគីទាំង ២ នឹងមិនត្រូវដាក់ពង្រាយគ្រាប់រ៉ុក្កែត ICBMក្នុងកម្រិត ៨០០ គ្រាប់ ឧបករណ៍បាញ់ព្រួញ SLBM និងអ្នកបំផ្ទុះគ្រាប់បែកធុនធ្ងន់ជាដើម។
វិមានក្រឹមឡាំងបានបន្តថា៖ «ការពន្យាររយៈពេលសន្ធិសញ្ញានេះ គឺដើម្បីបំពេញនូវផលប្រយោជន៍ជាតិរបស់សហព័ន្ធរុស្ស៊ីធ្វើឱ្យមានលទ្ធភាពរក្សាតម្លាភាព និងការព្យាករនៃទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក និងគាំទ្រស្ថិរភាពយុទ្ធសាស្ត្រជាសកល និងបានផ្ដល់នូវសារប្រយោជន៍ដល់ស្ថានភាពអន្តរជាតិនិងចូលរួមចំណែកក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរផងដែរ»។
គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុនលេខាធិការសារព័ត៌មាននៅសេតវិមានអាមេរិកលោកស្រី Jen Psaki បានឱ្យដឹងថា៖ «សន្ធិសញ្ញា START ថ្មីគឺស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកហើយការពង្រីកនេះកាន់តែធ្វើឱ្យទំនាក់ទំនងការទូតជាមួយប្រទេសរុស្ស៊ី កាន់តែល្អជាងមុន ខណៈស្ថានភាពបច្ចុប្បន្នវាមិនសូវអំណោយផល»។
លោកស្រីបានប្រាប់សារព័ត៌មាន CNN ថានេះជា «សន្ធិសញ្ញាដែលនៅសេសសល់ដែលរារាំងដល់កម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី និងជាយុថ្កានៃស្ថិរភាពយុទ្ធសាស្ត្ររវាងប្រទេសយើងទាំង២»។
កាលពីខែវិច្ឆិកា កន្លងទៅរដ្ឋបាល Trump បាននិយាយថា ខ្លួនបានដកអាមេរិកចេញពីសន្ធិសញ្ញា Open Skies Treaty ជាកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងរដ្ឋចំនួន ៣៤ ដែលជាវិធានការកសាងទំនុកចិត្ត និងអនុញ្ញាតឱ្យប្រទេសនានាអាចហោះហើរដោយគ្មានអាវុធលើទីតាំងយោធារបស់ប្រទេសហត្ថលេខីផ្សេងទៀតដើម្បីឃ្លាំមើល។ កាលពីដើមខែនេះ ទីក្រុងម៉ូស្គូបាននិយាយថា ខ្លួនក៏នឹងបោះបង់ចោលកិច្ចព្រមព្រៀងនេះដែរ។
ប៉ុន្តែក្នុងអាណត្តិលោក Joe Biden ឡើងកាន់តំណែងកាលពីសប្តាហ៍មុនស្ថានភាពហាក់ដូចជាផ្លាស់ប្តូរ។ នាពេលថ្មីៗនេះភាគីទាំង ២ បានបង្ហាញសញ្ញាថា ពួកគេមានឆន្ទៈលើការគ្រប់គ្រងអាវុធរួមទាំងការគំរាមកំហែងមិនមែននុយក្លេអ៊ែរផងដែរ៕