ក្រុងម៉ូស្គូ៖ ប្រទេស​រុស្ស៊ី ​កាល​ពី​ថ្ងៃ​អង្គារ​បាន​អះ​អាង​ថា​ ខ្លួន​បាន​បង្កើត​វ៉ាក់សាំង​ដំបូង​បំផុត​នៅ​ក្នុង​ពិភព​លោក​​​ដែល​ផ្តល់​ភាព​ស៊ាំ​អាច​ទ្រទ្រង់​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បាន ​ខណៈ​វីរុស​រាតត្បាត​នេះ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​កំណត់ត្រា​មួយ​ទៀត​ ដោយ​មាន​អ្នក​ឆ្លង​នៅ​ទូទាំង​សកល​លោក​ កើន​រហូត​ជាង ​២០ ​លាន​នាក់​។ ​​

លោក​ប្រធានាធិបតី​ វ៉្លាឌីមៀរ ​ពូទីន​ បាន​​ថ្លែង​ថា ​កូន​ស្រី​ម្នាក់​ក្នុង​ចំណោម​កូន​ស្រី​របស់​លោក​បាន​ទទួល​​ការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​នេះ ​ដែល​ត្រូវ​បាន​ប្រកាស​នៅ​លើ​សារព័ត៌មាន Sputnik។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​លោក​ខាង​លិច​ធ្លាប់​បង្ហាញ​កង្វល់​អំពី​ល្បឿន​នៃ​ការ​បង្កើត​វ៉ាក់សាំង​របស់​រុស្ស៊ី​ ដោយ​​បញ្ជាក់​ថា​ ក្រុម​អ្នក​ស្រាវជ្រាវ​អាច​កាត់​បន្ថយ​ការ​រឹត​ត្បិត​ខ្លះ​។

អង្គការ​សុខភាព​ពិភព​លោក ​(WHO) កាល​ពី​ថ្ងៃ​អង្គារ​ បាន​ព្រមាន​ថា ​ការ​អនុម័ត​ណា​មួយ​ទៅ​លើ​វ៉ាក់សាំង​​របស់​រុស្ស៊ី ​នឹង​តម្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ទិន្នន័យ​ ដើម្បី​បង្ហាញ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នោះ​។

លោក ​ពូទីន ​បាន​ថ្លែង​អំពី​វ៉ាក់សាំង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ ​Gamaleya ​​ដែល​មាន​ការ​សហការ​ជាមួយ​ក្រសួង​ការពារ​ជាតិ​ក្រុង​ម៉ូស្គូ​ថា​៖ ​«​ខ្ញុំ​​ដឹង​ថា ​វ៉ាក់​សាំង​នេះ ​មាន​ប្រសិទ្ធភាព​យ៉ាង​ពិត​ប្រាកដ ​ដែល​វ៉ាក់សាំង​នេះ​ផ្តល់​ឲ្យ​នូវ​ភាព​ស៊ាំ ​ដែល​អាច​ទ្រទ្រង់​ប្រឆាំង​នឹង​វីរុស​នេះ​បាន»។ ​​​​​

ប្រទេស​រុស្ស៊ី ​សង្ឃឹម​ថា​ នឹង​ចាប់​ផ្តើម​ផលិតកម្ម​នៅ​ក្នុង​ខែ​កញ្ញា ​ហើយ​នឹង​ចាប់​​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ពេទ្យ​ទាំង​អស់​ភ្លាមៗ»។

ប្រទេស​ក្រៅ​ប្រហែល ​២០ ​បាន​បញ្ជា​ទិញ​ ១​ ពាន់​លាន​ដូស ដោយ​ផ្អែក​ទៅ​លើ​មូលនិធិ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់​ ដែល​បាន​ជួយ​ផលិត​វ៉ាក់សាំង​នេះ​។

លោកប្រធានាធិបតីរុស្ស៊ី វ្លា​៉ឌីមៀ​រ ពូទីន ​ធ្វើជាអធិបតី​​ជំនួប​មួយ​ជាមួយសមា​ជិក​​​​​របស់រដ្ឋាភិបាល។ រូប​AFP

ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​បាន​កើន​ឡើង ​ខណៈ​ប្រទេស​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក​បាន​​ប្រឈម​នឹង​ការ​ផ្ទុះ​ឆ្លង​វីរុស​ជា​ថ្មី ​ដោយសារ​ពួក​គេ​បាន​ព្យាយាម​ស្តារ​សេដ្ឋកិច្ច​ ដែល​រង​ប៉ះពាល់​ដោយសារ​ការ​បិទ​ប្រទេស ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​នេះ​។

អ្នក​ស្លាប់​ជិត ​៧៣៧ ​០០០ នាក់ ​ត្រូវ​បាន​គេ​កត់ត្រា​ចាប់​តាំង​វីរុស​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ ​២០១៩​ និង​បាន​រាលដាល​ទូទាំង​សកល​លោក​ដោយ​តួលេខ​នេះ​ត្រូវ​រំពឹង​ទុក​ថា ​នឹង​កើន​ឡើង​ជាង ​៧៥ ម៊ឺន​​នាក់ ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

លោក​រដ្ឋមន្ត្រី​សុខាភិបាល​រុស្ស៊ី Mikhail Murashko បាន​ថ្លែង​ថា ​ការ​ពិសោធ​វ៉ាក់សាំង​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​ចូលរួម​រាប់​ពាន់​នាក់​នឹង​បន្ត​ធ្វើ​តទៅ​ទៀត​។

នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភព​លោក​ប្រទេស​ឥណ្ឌូនេស៊ី បាន​ថ្លែង​ថា ​ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ពិសោធន៍​វ៉ាក់សាំង​មក​ពី​ក្រុមហ៊ុន ​Sinovac​ Biotech ​ទៅ​លើ​មនុស្ស​ក្នុង​ដំណាក់​កាល​ទី៣។

«ដំណាក់​កាល​ទី៣ ​នេះ​ និយាយ​សំដៅ​ការ​ពិសោធ​ដែល​ពាក់ព័ន្ធ​ការ​តេស្ត​មនុស្ស​ចំនួន​ច្រើន​​ ហើយ​ជា​ដំណាក់កាល​ចុង​ក្រោយ​មុន​នឹង​អនុម័ត​តាម​ផ្លូវ​ច្បាប់​។

វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន ​Sinovac ឈ្មោះ CoronaVac ​ត្រូវ​​គេ​ធ្វើ​តេស្ត​លើ​អ្នក​ធ្វើ​ការ​​ផ្នែក​សុខភាព​ប្រេស៊ីល​ ៩ ០០០ នាក់​​រួច​ហើយ​៕ AFP/PSA