ក្រុង​ម៉ូស្គូ៖​ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រុម​យុទ្ធជន​មក​ពី​ប្រទេស​ស៊ីរី​ និង​លីប៊ី​ កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​ជម្លោះ​ណាហ្គូរនី​ការ៉ាបាក់ហ៍​ ហើយ​ថា ​វា​គឺ​ជា ​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​» ​អំពី​ស្ថានការណ៍​វិវត្ត​នៅ​ទីនោះ​។​

ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា​៖ «​ក្រុម​យុទ្ធជន​ប្រដាប់​អាវុធ​ខុស​ច្បាប់​ នៅ​ក្នុង​នោះ​រួម​មាន​មក​ពី​ប្រទេស​ស៊ីរី ​និង​លីប៊ី​ ​កំពុង​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ណាហ្គូរនី​ ការ៉ាបាក់ហ៍​ ដើម្បី​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​»​។​

«​យើង​បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ដំណើរការ​ទាំង​នេះ​ ដែល​មិន​មែន​ជា​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​ជម្លោះ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​វា​​បង្ក​​ការ​គំរាមកំហែង​រយៈពេល​យូរ​បន្ត​ទៀត​ ដល់​សន្តិសុខ​សម្រាប់​បណ្តា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​»​។​

កង​កម្លាំង​របស់​អាមេនី ​និង​អាស៊ែបៃហ្សង់​ បាន​ជាប់​ទាក់ទិន​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​តំបន់​ការ៉ាបាក់ហ៍​ ដែល​ជា​ខេត្ត​កុលសម្ព័ន្ធ​របស់​ប្រទេស​អាមេនី​ ដែល​បាន​បំបែក​ខ្លួន​ចេញ​ពី​ប្រទេស​អាស៊ែបៃហ្សង់​ នៅ​ទសវត្សរ៍​ឆ្នាំ​ ​១៩៩០​ នៅ​អំឡុង​ពេល​ដែល​អតីត​សហភាព​សូវៀត​បាន​ដួល​រលំ។ ​

ប្រទេស​អាមេនី​ បាន​ចោទ​ប្រកាន់​តួកគី​ជា​សម្ព័ន្ធមិត្ត​របស់​​អាស៊ែបៃហ្សង់​ពី​បទ​បញ្ជូន «​​កងកម្លាំង​ស៊ី​ឈ្នួល» ​ទៅ​កាន់​តំបន់​ការ៉ាបាក់ហ៍​។​

ប្រទេសរុស្ស៊ី​ មិន​បាន​និយាយ​អំពី​​តួកគី​ទេ​ ប៉ុន្តែ​អំពាវនាវ​ឱ្យ​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​ភេរវករ៕ AFP/SK