
ទាហានជួបជុំគ្នានៅក្នុងភូមិ ១ នៅក្នុងស្រុក Dooplaya នៃរដ្ឋការ៉ែនភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា។ AFP
ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ពីសំណាក់ប្រទេសលោកខាងលិចកាន់តែធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងហានិភ័យសង្គ្រាមស៊ីវិល ខណៈសហភាពអឺរ៉ុបត្រៀមនឹងដាក់វិធានការថ្មីបន្ថែមទៀត ដើម្បីដាក់សម្ពាធដល់មេដឹកនាំរបបយោធាបន្ថែមទៀត។
រុស្សីបានលើកឡើងថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងអាជ្ញាធរមីយ៉ាន់ម៉ា គឺគ្មានប្រយោជន៍ និងកាន់តែបន្តឱ្យមានគ្រោះថ្នាក់ដល់ប្រទេសមីយ៉ាន់ម៉ា កាន់តែខ្លាំងឡើង។
ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងនៅក្នុងទីភ្នាក់ងារសារព័ត៌មាន Interfax ថា៖ «ការធ្វើដូចនេះកាន់តែធ្វើឱ្យភាគីទាំងសងខាងពាក់មុខយក្សដាក់គ្នាថែម ហើយចុងក្រោយអាចនឹងជំរុញប្រជាជនប្រទេសនេះ ក្ដៅក្រហាយថែម ហើយបង្កឱ្យមានសង្គ្រាមស៊ីវិលថែមទៀតផង»។
ប្រទេសរុស្ស៊ី ដែលជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់ប្រទេសមីយ៉ាន់ម៉ា និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៅឯរដ្ឋធានីញូវដេលីកាលពីខែមុនត្រូវទទួលរងការរិះគន់ពីសកម្មជនសិទ្ធិមនុស្ស ដែលបានចោទប្រកាន់ទីក្រុងម៉ូស្គូថា បានផ្ដល់អំណាចដល់របបយោធាបន្ថែមទៀត។
ដោយឡែកវេជ្ជបណ្ឌិត Sasa ជាសមាជិកជាន់ខ្ពស់នៃសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យបានឱ្យដឹងថា ក្រោយមានភាពចលាចល និងអំពើហិង្សាសឹងរាល់ថ្ងៃក្រោយរដ្ឋប្រហារថ្ងៃ ១ កុម្ភៈមក ប្រទេសនេះអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។
លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើកម្លាំងប្រដាប់អាវុធរបស់ប្រទេស (ដែលគួរតែការពារប្រទេសមីយ៉ាន់ម៉ា) នៅតែបន្តវាយប្រហារប្រជាជនមីយ៉ាន់ម៉ាអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រទេសពោលគឺអាចធ្វើឱ្យប្រទេសនេះនឹង ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏ធំបំផុតដែលយើង មិនធ្លាប់ឃើញពីមុនមក»។
ជាមួយគ្នានេះដែរ កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាបាននិយាយថា បើគ្មានការដាក់ទណ្ឌកម្មពីអន្តរជាតិលើរបបយោធាទេប្រទេសនេះ អាចនឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលជាក់ជាមិនខាន។
ប្រភពដដែលបានប្រាប់កាសែត The Globe និង Mail ថា កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងស្ថិតក្នុងដំណើរការនៃការកសាងកងទ័ពបង្រួបបង្រួមជាតិមួយ ដែលអាចនឹងលំបាកក្នុងការកសាង ហើយអាចនឹងត្រូវរំលាយចោល ហើយជំនួសដោយកងកម្លាំងយោធាដែលមានស្រាប់របស់ប្រទេសឈ្មោះថា Tatmadaw។
រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោក Jean Yves Le Drian បាននិយាយថា សហភាពអឺរ៉ុបកំពុងត្រៀមដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួនទៀត ដែលបម្រើឱ្យរបបយោធាទាំងក្នុង និងក្រៅប្រទេស។
លោក Le Drian បានប្រាប់សមាជិកសភាថា៖ «យើងនឹងបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចប្រទេសចំនួន ២៧ នៅសហភាពអឺរ៉ុប (EU) ដែលជាប់ទាក់ទងនឹងរបបយោធាដោយការដាក់ទណ្ឌកម្មបន្ថែមនេះនឹងត្រូវអនុម័តឆាប់ៗតាមតែអាចធ្វើបាន»។
គួរបញ្ជាក់ផងដែរថា កាលពីខែមុន សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើមន្ត្រីមួយចំនួនរួចមកហើយ ដែលជាប់ទាក់ទងនឹងរបបយោធា ក៏ដូចជាការចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនណា ដែលគ្រប់គ្រងដោយរបបយោធា។
ការតវ៉ាដែលគ្រោងធ្វើនៅថ្ងៃពុធ បានអំពាវនាវឱ្យមានការដុតបំផ្លាញទំនិញផលិតនៅប្រទេសចិន។ ក្រុមអ្នកតវ៉ាជាច្រើនបានតវ៉ាប្រឆាំងនឹងប្រទេសចិន ដែលជាអ្នកវិនិយោគដ៏ធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថា ប្រទេសនេះគាំទ្ររបបយោធា។
ក្រុមតស៊ូមតិរបស់សមាគមអ្នកទោសនយោបាយ (AAPP) បាននិយាយថា មនុស្សប្រហែល ៥៧០ នាក់ រួមទាំងកុមាររាប់សិបនាក់ ត្រូវបានបាញ់សម្លាប់ដោយកងទ័ព និងប៉ូលិសនៅក្នុងការប្រឆាំងតវ៉ាស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីរដ្ឋប្រហារ ខណៈមនុស្សជិត ៣ ៥០០ នាក់ទៀត ត្រូវបានចាប់ខ្លួន៕