
លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ចាកចេញពីទីលាន Red Square ក្រោយពីព្យុះហយាត្រាយោធានៅក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃទី ៩ ឧសភា។ AFP
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យមានការផ្លាស់ប្តូរច្បាប់ ដែលអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់អាវុធពាក់កណ្តាលស្វ័យប្រវត្តិ ក្រោយពីមានករណីបាញ់ប្រហារនៅសាលាបណ្ដាលឱ្យមនុស្សចំនួន ៩ នាក់ស្លាប់។
មនុស្សយ៉ាងហោច ៩ នាក់ បានស្លាប់ក្នុងករណីផ្ទុះកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិនៅក្នុងទីក្រុង កាហ្សានកាលពីថ្ងៃចន្ទកន្លងទៅ។ វីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមបានបង្ហាញឱ្យឃើញសិស្សសាលាជាច្រើននាក់ បានលោតពីជាន់ទី៣ ចុះមកក្រោម ដោយក្នុងនោះមានសិស្ស ២ នាក់បានស្លាប់ ដោយសារហក់ចុះពីលើអគារ ចំណែកសិស្ស ៧ នាក់ និងបុគ្គលិកសាលា ២ នាក់ស្លាប់ ដោយសារគ្រាប់កាំភ្លើង។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ IlnazGalyaviyevអាយុ ១៩ ឆ្នាំ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។
ឆ្លើយតបនឹងករណីបាញ់ប្រហារនេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងធ្វើកំណែទម្រង់បន្ថែមទៀតលើច្បាប់នៃការកាន់កាប់កាំភ្លើងក្នុងប្រទេសឱ្យបានតឹងរ៉ឹងជាងនៅសហរដ្ឋអាមេរិក។អ្នកនាំពាក្យរដ្ឋាភិបាល លោក Dmitry Peskov មានឱ្យដឹងថា៖ «ប្រធានាធិបតីបានបញ្ជាឱ្យមានការធ្វើកំណែទម្រង់ជាបន្ទាន់នូវបទប្បញ្ញត្តិថ្មី ទាក់ទងនឹងប្រភេទអាវុធ ដែលជនស៊ីវិលអាចកាន់កាប់បាន»។
គួរបញ្ជាក់ផងដែរថា ជនជាតិរុស្ស៊ីដែលមានសិទ្ធិកាន់កាប់កាំភ្លើងមានប្រមាណជាង ២០ លាន ក្រោមលក្ខខណ្ឌអនុញ្ញាតឱ្យបរបាញ់ និងកីឡា។អាវុធដែលអាចផ្ទុកគ្រាប់លើសពី ១០ គ្រាប់ ឬ ប្រើគ្រាប់កាំភ្លើងណាមួយ ដែលច្បាប់មិនអនុញ្ញាតត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឡើយ។ ដើម្បីទទួលបានលិខិតអនុញ្ញាតប្រើប្រាស់កាំភ្លើង ពលរដ្ឋរុស្ស៊ីត្រូវទទួលបានវិញ្ញាបនបត្រសុខភាពផ្លូវចិត្តពីគ្រូពេទ្យជំនាញជាមុនសិន៕