
លោក Sergei Skripal ជាអតីតភ្នាក់ងារចារបុរសរបស់រុស្ស៊ី។ AFP
កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសរុស្ស៊ី បានបណ្តេញអ្នកការទូតឆែកចំនួន ២០ នាក់ជាការសងសឹកប្រទេសនេះវិញ ហើយទុកពេលឱ្យអ្នកទាំងនោះត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ដើម្បីចាកចេញពីប្រទេសរុស្ស៊ី។
ការសម្រេចបែបនេះធ្វើឡើងក្រោយសាធារណរដ្ឋឆែក (Czech) បណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១៨ នាក់កាលពីថ្ងៃសៅរ៍ ដោយទុកពេលឱ្យអ្នកទាំងនេះ ៧២ ម៉ោង ដើម្បីចាកចេញពីប្រទេស បន្ទាប់ពីមានការចោទប្រកាន់ថា ចារបុរសរុស្ស៊ី ២ នាក់ដែលត្រូវបានគេស្គាល់ថា ជាភ្នាក់ងារបំពុល សរសៃប្រសាទនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៨ ស្ថិតនៅពីក្រោយករណីបំផ្ទុះឃ្លាំងផ្ទុកអាវុធ ១ របស់ឆែកកាលពីឆ្នាំ ២០១៤។
សាធារណរដ្ឋឆែក (Czech) បាននិយាយថា ខ្លួនបានជូនដំណឹងដល់សម្ព័ន្ធមិត្តណាតូ (NATO) និងសហភាពអឺរ៉ុបថា ខ្លួនសង្ស័យចារបុរសរុស្ស៊ីទាំង ២ នាក់នេះជាអ្នកនៅពីក្រោយករណីបំផ្ទុះឃ្លាំងផ្ទុកអាវុធ ១ របស់ឆែកនាឆ្នាំ ២០១៤ ហើយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ក៏គ្រោងពិភាក្សាបញ្ហានេះនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទកន្លងទៅផងដែរ។
ចំណាត់ការថ្មីនេះ កាន់តែបង្ហាញអំពីភាពតានតឹងកំពុងកើនឡើងរវាងរុស្ស៊ី និងលោកខាងលិចជាទូទៅ ទាក់ទិននឹងការបង្កើនកម្លាំងយោធារបស់រុស្ស៊ីនៅតាមព្រំដែនខាងលិច និងនៅគ្រីមា (Crimea) ដែលជាតំបន់រុស្ស៊ីបញ្ចូលជាឧបសម្ព័ន្ធនៃប្រទេសខ្លួនពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។
ប៉ូលិសរបស់សាធារណរដ្ឋឆែកបានកំណត់អត្តសញ្ញាណបុរស ២ នាក់មានឈ្មោះថា Alexander Mishkin និង Anatoly Chepigov ដែលត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងការវាយប្រហារ ដោយប្រើភ្នាក់ងារសរសៃប្រសាទ Novichok នៅទីក្រុង Salisbury ប្រទេសអង់គ្លេសកាលពី ៣ ឆ្នាំមុន។
កាលពីឆ្នាំ ២០១៨ លោក Sergei Skripal ជាអតីតភ្នាក់ងារចារបុរសរបស់រុស្ស៊ី និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេបំពុលស្លាប់។ រីឯ ស្ត្រីម្នាក់ ដែលរស់នៅក្នុងតំបន់ម្នាក់ឈ្មោះ Dawn Sturgess ត្រូវបានគេបំពុលដូចគ្នាក្នុងរយៈពេលប៉ុន្មានខែក្រោយមកដោយសារធាតុ Novichok ក្នុងដបទឹកអប់។
ដោយឡែកប្រទេសរុស្ស៊ីបាននិយាយថា ការចោទប្រកាន់របស់ប្រទេសឆែក គឺមិនសមហេតុផលដូចពេលដែលប្រទេសនេះចោទប្រកាន់ប្រទេសខ្លួនពីករណីបំផ្ទុះមួយនៅឯតំបន់ Vrbetice ចម្ងាយ ៣០០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីកាលពីពេលថ្មីៗនេះដូចគ្នា។
រុស្ស៊ីបានហៅចំណាត់ការរបស់ឆែកថាជា «សកម្មភាពប្រឆាំងនឹងរុស្ស៊ីជាបន្តបន្ទាប់ ដែលធ្វើឡើងដោយសាធារណរដ្ឋឆែកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ» និងបានចោទប្រកាន់ប្រទេសនេះថា «ខិតខំផ្គាប់ចិត្តសហរដ្ឋអាមេរិកប្រឆាំងនឹងការដាក់ទណ្ឌកម្មថ្មីៗមកលើប្រទេសរុស្ស៊ី»។
គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្ម និងបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១០ នាក់ជាការសងសឹកក្នុងករណីដែលអាមេរិកថា រុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោតរបស់វិមានក្រឹមឡាំងក្រោមការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំសម្បើមមួយ និងសកម្មភាពអរិភាពផ្សេងៗទៀត។
ជាការឆ្លើយតប ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងបណ្តេញអ្នកការទូតអាមេរិកចំនួន ១០ នាក់ និងចាត់វិធានការសងសឹកផ្សេងទៀត ដើម្បីជាការបង្ហាញអំពីភាពតានតឹងរវាងប្រទេសរុស្ស៊ី និងអាមេរិក៕