នៅថ្ងៃពុធ ទី ១៤ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្តេជ្ញាថា ក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតបទៅវិញចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើករណីបំពុលមេដឹកនាំប្រឆាំងលោក Alexei Navalny។
រដ្ឋមន្ត្រីការបរទេសរុស្សីរូបនេះបាននិយាយថា៖ «អាល្លឺម៉ង់នឹងមិនផ្តល់ភ័ស្តុតាងណាមួយឡើយ បើទោះបីជាពួកគេមានកាតព្វកិច្ចធ្វើបែបនោះតាមច្បាប់អន្តរជាតិក៏ដោយ។ យើងនឹងឆ្លើយតបទៅវិញក្នុងទម្រង់ដូចគ្នា។ ពិតណាស់! វាជាការអនុវត្តការទូត ប៉ុន្តែនេះក៏ជាការឆ្លើយតបតាមបែបការទូតដែរ»។
ការប្រកាសរបស់លោក Sergei Lavrovធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មលើរុស្ស៊ី។ នេះគឺជាទណ្ឌកម្មដែលផ្តួចផ្តើមដំបូង ដោយរដ្ឋមន្ត្រីការបរទេសបារាំង និងអាល្លឺម៉ង់ ក្នុងការអនុវត្តទៅលើមន្ត្រីរុស្ស៊ីចំនួន ៦ រូប និងអង្គភាពរដ្ឋាភិបាលរុស្ស៊ីមួយ។
ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ី គឺនឹងបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើររបស់បុគ្គល ដែលគេគិតថាជាអ្នករៀបចំផែនការបំពុលលោក Navalny ដែលរួមមាន ប្រធានអង្គភាពសន្តិសុខ និងចារកម្ម FSB (អតីត KGB) លោក Aleksandr Bortnikov អនុប្រធានបុគ្គលិករដ្ឋបាលប្រធានាធិបតី លោកSergei Kiriyenko ប្រធាននាយកដ្ឋានគោលនយោបាយក្នុងស្រុកលោក Andrei Yarin អភិបាលតំបន់ស៊ីប៊េរីលោក Sergei Menyaylo ព្រមទាំងអនុរដ្ឋមន្ត្រីការពារជាតិ ២ រូប គឺលោក Aleksei Krivo ruchko និងលោក Pavel Popov។
ទណ្ឌកម្មនេះក៏នឹងត្រូវអនុវត្តទៅលើវិទ្យាស្ថានស្រាវជ្រាវគីមីវិទ្យាសរីរាង្គ និងបច្ចេកវិទ្យា ដែលត្រូវប្រទេសលោកខាងលិចចោទថា វិទ្យាស្ថាននេះជាអ្នករកឃើញ និងផលិតអាវុធគីមី Novichok ដែលអាល្លឺម៉ង់ចោទថា គឺជាសារធាតុបំពុលលោក Navalny។
គួររំឭកថា កាលពីថ្ងៃទី ២០ ខែសីហា លោក Navalny បានដួលសន្លប់នៅពេលធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងម៉ូស្គូ បន្ទាប់ពីលោកបានចំណាយពេលជាច្រើនថ្ងៃជួបជាមួយអ្នកគាំទ្រនៅស៊ីប៊េរី។ លោកត្រូវបានគេជម្លៀសទៅក្រុងប៊ែរឡាំង ក្រោយពីគ្រូពេទ្យនៅស៊ីប៊េរីប្រកាសថា លោកត្រូវបានគេបំពុល។
ភ្លាមៗបន្ទាប់ពីលោក Navalny បានទៅដល់ទីក្រុងប៊ែរឡាំង អ្នកវិទ្យាសាស្ត្រយោធាអាល្លឺម៉ង់បានកំណត់ថា លោកត្រូវបានបំពុលដោយសារធាតុគីមីពុលថ្មី ប្រភេទ Novichok ដែលអាចផលិតបានតែនៅក្នុងមន្ទីរពិសោធន៍របស់រដ្ឋាភិបាលរុស្ស៊ី។ ក្រោយមកការរកឃើញនេះត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៅបារាំង និងស៊ុយអែត។
ជាមួយគ្នានេះ អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលជាអង្គការឃ្លាំមើលអាវុធគីមីមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ក៏បានបញ្ជាក់ថា លោក Navany ត្រូវបានបំពុល ដោយសារធាតុ Novichok ផងដែរ។
លោក Navalny ដែលបានភ្ញាក់ដឹងខ្លួនពីការសន្លប់កាលពីខែមុន បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ វិមានក្រឹមឡាំង បានច្រានចោលការចោទប្រកាន់របស់លោក Navalny ដោយលើកឡើងថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋាន និងមិនអាចទទួលយកបាន។
វិមានក្រឹមឡាំងបានលើកអំណះអំណាងតបវិញថា មុនពេល លោកNavalny ត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យនៅទីក្រុងប៊ែរឡាំង មន្ទីរពិសោធន៍របស់រុស្ស៊ី និងមន្ទីរពេទ្យនៅស៊ីប៊េរីមិនបានឃើញសញ្ញានៃការបំពុលដោយអាវុធគីមីនោះទេ។ ទីក្រុងម៉ូស្គូ បានទាមទារឱ្យអាល្លឺម៉ង់ និងអង្គការ OPCW ផ្តល់ភ័ស្តុតាងបញ្ជាក់លើរឿងនេះ។
គួរកត់សម្គាល់ថា ករណីបំពុលលោក Navalny បានធ្វើឱ្យសហភាពអឺរ៉ុប និងរុស្ស៊ីកើនឡើងភាពតានតឹងជាថ្មី។ នៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ប្រធានគណ:កម្មការអឺរ៉ុបលោកស្រី Ursulavon der-Leyen បានច្រានចោលលទ្ធភាពនៃការបង្កើតភាពជាដៃគូរវាងអឺរ៉ុប និងរុស្ស៊ី ដោយបាននិយាយថា សេណារីយោនេះ នឹងកើតឡើងទៅបានលុះត្រាតែវាជាអ្វីដែល EU ចង់បាន។ ជាការឆ្លើយតប លោក Lavrov បានថ្លែងកាលពីថ្ងៃអង្គារថា «យើងប្រហែលជាត្រូវបញ្ឈប់ទំនាក់ទំនងជាបណ្ដោះអាសន្នជាមួយអ្នកនៅលោកខាងលិច ដែលទទួលខុសត្រូវចំពោះគោលនយោបាយការបរទេស តែមិនយល់ពីតម្រូវការសម្រាប់កិច្ចពិភាក្សាប្រកបដោយការគោរពគ្នាទៅវិញទៅមក»៕