កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ តុលាការ​រុស្ស៊ី​បាន​បញ្ជា​ឱ្យ​ផ្អាក​នូវ​រាល់​សកម្មភាព​របស់​ទីស្នាក់ការ​កណ្តាល​របស់​មេដឹកនាំ ក្រុមប្រឆាំង​លោក Alexei Navalny និង​បណ្ដា​ការិយាល័យ​ជិត ៤០ ទៀត​ប្រចាំ​តំបន់ និង​កំពុង​ពិចារណា​ថា ត្រូវ​ហាមឃាត់​ក្រុម​ទាំងនេះ​រហូត​ឬ​យ៉ាងណា?

ក្រុម​រដ្ឋអាជ្ញា​បាន​និយាយថា៖ «ស្ថាប័ន​របស់លោក Navalny បណ្ដាល​ឱ្យ​មាន​ការចូល​រួម​បង្ក អស្ថិរភាព​សង្គម​ និង​សង្គម​នយោបាយ​នាពេល​បច្ចុប្បន្ន»។ ប្រភព​ដដែល​នេះ​បាន​ចោទប្រកាន់​បណ្តាញ​របស់​លោក Navalny ថា បាន​ប៉ុនប៉ង​ផ្លាស់ប្តូរ «គ្រឹះ​នៃ​បទបញ្ជា​រដ្ឋធម្មនុញ្ញ» និង​បាន​ហៅ​សកម្មភាព​នេះ​ជា​អ្វី ដែល​សង្គម​មិន​ចង់បាន។

ក្រុម​រដ្ឋអាជ្ញា​រុស្ស៊ី បាន​ស្នើឱ្យ​តុលាការ​ហាមឃាត់​ស្ថាប័ន​ចំនួន ៣ ដែល​ពាក់ព័ន្ធ​នឹង​លោក Navalny នៅក្នុង​សវនាការ​សំខាន់​មួយ។ នេះ​បើតាម​ការឱ្យ​ដឹងពី​មេធាវី​របស់ Navalny ដែលមាន​សិទ្ធិ​ចូល​មើល​ឯកសារ​អយ្យការ​ទាក់ទិន​នឹង​ករណី​ខាងលើ។

ការផ្អាក​សកម្មភាព​នេះ​មាន​ន័យថា រាល់​បណ្តាញ​នយោបាយ​សំខាន់​រប0ស់លោក Navalny បច្ចុប្បន្ន​វ័យ ៤៤ ឆ្នាំ​នៅក្នុង​ប្រទេស​ក៏​ត្រូវ​បាន​រារាំង​មិនឱ្យ​ចូលរួម​ក្នុង​ដំណើរការ​មុន​ការបោះឆ្នោត​សភា​នៅ​ខែ​កញ្ញា​ផង​ដែរ។

ជាមួយ​គ្នា​នេះដែរ តុលាការ​ក៏បាន​ផ្អាក​គណនី Youtube និង បណ្តាញ ផ្សព្វផ្សាយ​សង្គម​ផ្សេងទៀត ដែល​ទាក់ទង​ជាមួយ​លោក Navalny ដោយ​អះអាងថា គេហទំព័រ​ទាំងនេះ​ផ្សព្វផ្សាយ​មាតិកា​ជ្រុលនិយម ហើយ​ក៏​បានចេញ​សេចក្តី​អំពាវនាវ​ឱ្យមាន​ការចូលរួម ដើម្បី​បញ្ឈប់​សកម្មភាព​ជ្រុលនិយម និង​បញ្ហា​ទ្រង់ទ្រាយ​ធំ​នានា​ផងដែរ។

យោងតាម​ក្រុម​សិទិ្ធមនុស្ស ការហាម​ប្រាម​នេះ​នឹង​ក្លាយជា​វិធាន​មួយ ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបង្ក្រាប​សេរីភាព​នៃ​ការបញ្ចេញមតិ និង​បំផ្លាញ​ចលនា​ប្រឆាំង​ចាប់តាំងពី​ការដួលរលំ​នៃ​សហភាពសូវៀត​កាលពី ៣០ ឆ្នាំមុន​មក។

តុលាការ​បាន​ធ្វើការ​សម្រេច​នៅ​ថ្ងៃ​អង្គារ ថា តើ​ត្រូវ​ផ្អាក​សកម្មភាព​របស់​មូលនិធិ​ប្រឆាំង​អំពើពុករលួយ ដែល​កំពុង​រង់ចាំ​ការសម្រេច​របស់​តុលាការ​លើ​បម្រាម​នេះ ក៏ដូចជា ទីស្នាក់ការ​កណ្តាល​របស់​លោក Navalny និង​ការិយាល័យ​ប្រចាំ​តំបន់​ឬ​យ៉ាងណា?

គួរបញ្ជាក់​ផងដែរ​ថា មូលនិធិ​ប្រឆាំង​អំពើពុករលួយ​របស់លោក Navalny ដែល​រដ្ឋអាជ្ញា​ស្នើឱ្យ​ហាមឃាត់​នូវ​សកម្មភាព​របស់ខ្លួន​ធ្លាប់​បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​អំពើពុករលួយ​របស់​មន្ត្រី​ការទូត​កំពូលៗ​របស់​រុស្ស៊ី និង​មន្ត្រី​មកពី​ខាង​ប្រធានាធិបតី​លោក Vladimir Putin ដែល​រួមបញ្ចូល​ទាំង​ប្រវត្តិ​នៃ​សំណូក​ធំ​បំផុត​របស់​ពិភពលោក មាន​អ្នកមើល​នៅលើ Youtube ប្រមាណ​ជាង ១១៦ លាន​ដង។ ក្នុង​នោះ​មាន​វីដេអូ​ឯកសារ​ប្រមាណ​ជាង ១ ម៉ោង​មាន​ចំណងជើង​ថា “វាំង​របស់​ពូទីន” (Putin’s Palace) ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មករា​កន្លងទៅនេះ រៀបរាប់​ពី​ក្រុម​ឈ្មួញ​ប្រេង និង​ក្រុម​ពាក់ព័ន្ធ​នឹង​ពូ​ទីន​ដែល​នឹង​ការសាងសង់​ភូមិគ្រឹះ​ដ៏ស្កឹមស្កៃ​មួយ​ដែលមាន​តម្លៃ​ប្រមាណ​ជាង ១៣៥ កោដិ​ដុល្លារ​អាមេរិក។

ដោយឡែក​សម្រាប់​ការហាមឃាត់​ទីស្នាក់​កណ្ដាល និង​បណ្តាញ​ការិយាល័យ​ជិត 40 ក្នុង​តំបន់​នៅ​រុស្ស៊ី​មានន័យថា បុគ្គលិក​ការិយាល័យ​ទាំងនោះ​អាច​នឹង​ជាប់​ពន្ធនាគារ ប្រសិនបើ​ពួកគេ​បន្ត​ធ្វើការ ហើយ​ស្ថាប័ន​ទី ៣ ដែល​រដ្ឋអាជ្ញា​ស្នើឱ្យ​ហាមឃាត់​គឺ អង្គការ​ការពារ​សិទ្ធិ​ស៊ីវិល។

លោក Ivan Pavlov មេធាវី​ម្នាក់​ក្នុងចំណោម​ស្ថាប័ន​របស់លោក Navalny បាន​មានប្រសាសន៍​ថា៖ «យើង​មិនដែល​ជួបប្រទះ​ករណី​ណា ចាត់ទុក​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​របស់​រដ្ឋ​ឡើយ»។ លោក​ក៏​បាន​បន្ថែមថា ករណី​នេះ​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​រុស្ស៊ី​ទាំងអស់ ពីព្រោះ​វា​ប្រឆាំង​នឹង «អ្វីដែល​មនុស្ស​គ្រប់គ្នា​គាំទ្រ និង​បានផ្ដល់​មូលនិធិ ដើម្បី​គាំទ្រ​ការឃ្លាំមើល​ការស៊ើបអង្កេត​នេះ​ទៀតផង»។

យ៉ាងណាមិញ​ប៉ូលិស​ក៏បាន​ចាប់​ផ្តើមចេញ​សកម្មភាព​ជា​បណ្ដើរៗ ហើយដោយ​ធ្វើការ​ចាប់ ខ្លួន​បុគ្គលិក និង​អ្នកគាំទ្រ​លោក Navalny ជាង ៧០ នាក់​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ក្រោយ​មាន​ការតវ៉ា​ទូទាំង​ប្រទេស​ដែល​ទាមទារ​ឱ្យ​ដោះលែង​លោក Navalny ផងដែរ។

នៅ​ថ្ងៃ​ចន្ទ​ដដែល​នោះ សម្ព័ន្ធ​របស់​លោក Navalny បាន​និយាយថា ពួកគេ​នឹង​បញ្ឈប់​សកម្មភាព​សាធារណៈ​របស់​ក្រុម​ខ្លួន​សិន ដើម្បី​ការពារ​បុគ្គលិក​របស់​ខ្លួន​ពី​ការពិន័យ និង​ការចាប់ខ្លួន (ដែល​អាច​នឹង​ត្រូវ​ទទួល​ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ៦ ឆ្នាំ)៕