ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​កាល​ពី​ថ្ងៃ​ពុធ​​បាន​សាទរ​ចំពោះ ​«ភាព​ក្លាហាន» របស់​នាយក​រដ្ឋមន្ត្រី​អាមេនី​លោក​ Nikol Pashinyan ដែល​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​នៅ​ទីក្រុង​ Nagorno-Karabakh ខណៈ​ដែល​ប្រជាជន​កំពុង​មាន​ប្រតិកម្ម​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​។

ប្រទេស​អាមេនី​ បាន​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​ដែល​ផ្ដើម​ដោយ​រុស្ស៊ី​ជាមួយ​នឹង​ការ​សហការ​ជាមួយ​ប្រទេស​អាស៊ែបៃហ្សង់ ​កាលពី​ថ្ងៃទី ៩ ខែ​វិច្ឆិកា​ ខណៈ​​​ដំណើរការ​នៃ​ការ​រៀបចំ​សេចក្ដី​ព្រមព្រៀង​នេះ បង្ក​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​រឿង​ទឹកដី​នៃ​តំបន់ ​Nag orno-Karabakh ​អស់​រយៈពេល​ ៦ ​សប្តាហ៍​កន្លង​មក​។

ក្រោម​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​លោក ​Pashinyan ​បាន​ប្រគល់​ស្រុក​ចំនួន​ ​៣ ​នៅ​ជុំវិញ​តំបន់​ជនជាតិ​ភាគ​តិច​អាមេនី​ និង​តំបន់​ព័ទ្ធ​ជុំវិញ​ទីនោះ​ចំនួន ៤ ​តំបន់​ទៀត ​ទៅឱ្យ​ប្រទេស​អាស៊ែបៃហ្សង់។​ វា​ជា​កាតព្វកិច្ច​សំខាន់​ដែល​តម្រូវ​ឱ្យ​អាមេនី​ប្រគល់​តំបន់​ទាំង​អស់​ដែល​ខ្លួន​​កាន់កាប់​នៅ​ខាង​ក្រៅ​តំបន់​បំបែក​ខ្លួន​​ទៅ​ឱ្យ​គេ​វិញ។ ​ប្រទេស​អាស៊ែបៃហ្សង់ ​បាន​កាន់​កាប់​ទឹក​ដី​ទាំង​នេះ​មក​វិញ​​កាល​ពី​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​ប្រទេស​នេះ​ បាន​​ដណ្តើម​កាន់​កាប់​តំបន់ ​Lachin ​ដែល​ស្ថិត​នៅ​ចន្លោះ​តំបន់​ Nagorno-Karabakh​ និង​ប្រទេស​អាមេនី។

លោក ​Pashinyan ​បាន​និយាយ​ការពារ​កិច្ច​ព្រមព្រៀង​នេះ​ថា ​ជា​សកម្មភាព​ដ៏​​ឈឺ​ចាប់​មួយ ​ប៉ុន្តែ​ជា​កិច្ច​ចាំបាច់​​ក្នុង​ការ​រារាំង​ប្រទេស​អាស៊ែបៃហ្សង់ ​ក្នុង​ការ​លេប​យក​​តំបន់ ​Nagorno-Karabakh ​ទាំង​មូល​។

គួរ​បញ្ជាក់​ថា ​តំបន់​ Nagorno-Karabakh ​ស្ថិត​នៅ​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់​ ប៉ុន្តែ​គ្រប់គ្រង​របស់​ក្រុម​ជនជាតិ​ភាគតិច​អាមេនី​ ដែល​មាន​កងទ័ព​អាមេនី​ជួយ​ការពារ​តាំងតែ​ពី​មាន​សង្គ្រាម​ផ្តាច់​ខ្លួន​កាល​ពី​ឆ្នាំ ១៩៩៤ ​មក​ម្ល៉េះ។​

សង្គ្រាម​នោះ​មិន​ត្រឹមតែ​បន្សល់​ទុក​តំបន់ ​Nagorno-​Karabakh ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទឹកដី​ជុំវិញ​តំបន់​អាមេនី​ផង​ដែរ​។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​វីដេអូ​រវាង​មេ​ដឹកនាំ​នៅ​ទីក្រុង​ម៉ូស្គូ​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម ​(CSTO) ​លោក ​ពូទីន​ បាន​និយាយ​ថា៖ «ពួក​គេ​ត្រូវ​ការ​ភាព​ក្លាហាន​ខ្លាំង​ណាស់ ​ដើម្បី​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្រ្តី។ ភារកិច្ច​របស់​យើង​ឥឡូវ​នេះ ​គឺ​គាំទ្រ​ទាំង​នាយក​រដ្ឋមន្ត្រី​ និង​ក្រុម​របស់​គាត់ ​ដើម្បី​ធានា​បាន​នូវ​សន្តិភាព​»។

យ៉ាងណា​មិញ​ កាល​ពី​ថ្ងៃ​ពុធ ​អ្នក​នាំពាក្យ​វិមាន ​Kremlin ​លោក ​Dmitry Peskov ​បាន​និយាយ​ថា​ រុស្ស៊ី​ស្វាគមន៍​សេចក្ដី​ព្រមព្រៀង​នេះ​ តែ​មិន​ទទូច​ចង់​ធ្វើ​ឱ្យ​ភាសា​រុស្ស៊ី​ក្លាយ​ជា​ភាសា​ផ្លូវ​ការ​ទី២ នៅ​ Karabakh ​ឡើយ។​

លោក ​Peskov ​បាន​បន្ថែម​ថា ​វា​អាស្រ័យ​លើ​អាមេនី ​និង​អាស៊ែបៃហ្សង់​ប៉ុណ្ណោះ​ក្នុង​ការ​កំណត់​ភាសាទី ២ ​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

បើទោះ​ជា​មាន​ការគាំទ្រ​ពី​សំណាក់​មេ​ដឹកនាំ​រុស្ស៊ី​ក្ដី​លោក ​Pashinyan ​កំពុង​តែ​ប្រឈម​នឹង​សម្ពាធ​ដោយ​សារ​បញ្ហា​ក្នុង​ខ្លួន ​ព្រោះ​ចាប់​តាំង​ពី​ការ​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​មក ស្ថានភាព​នយោបាយ​របស់​ទីក្រុង ​Karabakh លែង​មាន​ក្ដី​សង្ឃឹម​អ្វី​ទៀត​សម្រាប់​ថ្ងៃ​អនាគត​។

ក្រុម​បាតុករ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានី ​Yerevan ​នៃ​ប្រទេស​អាមេនី ​បាន​ហៅ​លោក ​Pashinyan ​ថា​ជា ​«ជន​ក្បត់​ជាតិ» ​ក្នុង​ការ​យល់ព្រម​លើ​​កិច្ច​ព្រមព្រៀង​នេះ ហើយ​បាន​ទាមទារ​ឱ្យ​លោក​លាឈប់​ពី​តំណែង​ទៀត​ផង។​ យ៉ាង​ណា​មិញ​ កាល​ពី​ខែ​មុន​នេះ​អាជ្ញាធរ​អាមេនី​បាន​និយាយ​ថា​ មាន​គេ​ចង់​ធ្វើ​ឃាត​​លោក​ទៀត​ផង ប៉ុន្តែ​ពួក​គេ​បាន​រារាំង​ផែន​ការ​ទាន់​។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ប្រទេស​អាមេនី ​បាន​និយាយ​ថា ​លោក ​Pashinyan ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ខ្លួន​ដែល​លោក​បាន​បរាជ័យ​ក្នុង​ការ​​ចរចា​បញ្ចប់​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ហើយ ​លោក​ក៏​បាន​បន្ថែម​ថា ​លោក Pashinyan ​គួរ​តែ​ចរចា​យ៉ាង​ណា​ឱ្យ​មាន​អត្ថប្រយោជន៍​ដល់​ប្រទេស​អាមេនី ផង។ ​

ទោះ​យ៉ាង​ណា​លោក ​Artur Vanetsyan ​អតីត​ប្រធាន​សន្តិ​សុខជាតិ ​ដឹកនាំ​គណបក្ស​ប្រឆាំង​ Homeland បាន​សង្កត់​ធ្ងន់​ថា​ ក្រុម​ប្រឆាំង​មិន​ដែល​ជំរុញ​ឱ្យ​មាន​ការ​លុប​ចោល​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ទេ។

ទោះបី​ជា​តំបន់​មាន​ជម្លោះ នេះ​បាន​បាត់បង់​ទឹកដី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​យ៉ាង​ណា​ក្ដី​ក៏​ដោយ​គេ​មើល​ឃើញ​អនាគត​របស់​ប្រទេស​នេះ ​នឹង​ត្រូវ​បាន​កង​រក្សា​​សន្តិភាព​រុស្ស៊ី​ជិត ​២ ០០០ ​នាក់ ​ដាក់​ពង្រាយ​សម្រាប់​អាណត្តិ​ ៥ ឆ្នាំ​ម្តង។

លោក ​Ilham Aliyev ​ប្រធានាធិបតី​ប្រទេស​អាស៊ែបៃហ្សង់​ បាន​និយាយ​ថា ​ថ្វី​​បើ​កិច្ច​ព្រមព្រៀង​នេះ​ជា​ជ័យជម្នះ​របស់​ប្រទេស​លោក​ក៏​ដោយ​ ប៉ុន្តែ​កង​ទ័ព​រុស្ស៊ី​ជិត​ ២ ០០០ ​នាក់​ ដែល​កំពុង​ប្រតិបត្តិការ​ជា​អ្នក​ថែរក្សា​សន្តិភាព ឥឡូវ​នេះ​នឹង​ត្រូវ​ឈរ​ជើង​នៅ​លើ​ទឹកដី​អាស៊ែបៃហ្សង់​។ វា​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​រុស្ស៊ី ​ប៉ុន្តែ​វា​ក៏​ជា​ហានិភ័យ​ផង​ដែរ ​ព្រោះ​រុស្សី​បាន​ដាក់​កងទ័ព​នៅ​ចំ​កណ្តាល​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ជនជាតិ​ភាគ​តិច​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភព​លោក។

លោក ​Azad Isazade ​ដែល​បម្រើ​ការ​នៅ​​ក្រសួង​ការពារ​ជាតិ​អាស៊ែបៃហ្សង់​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា ​តើ​វា​នឹង​បញ្ចប់​ពេល​ណា ​ឬ​ដោយ​របៀប​ណា​ឡើយ​ហើយ​វា​ក៏​មិនមែន ជា​គំរូ​ល្អ​នៃ​សកម្មភាព​ថែ​រក្សា​សន្តិភាព​របស់​រុស្ស៊ី​ក្នុង​ការ​ពង្រាយ​កងទ័ព​នៅ​តាម​តំបន់ ​Caucasus ​នេះ​ទេ​»៕