ប្រទេសរស្ស៊ី៖ ​កាលពី​ថ្ងៃ​សុក្រ​បាន​ហាម​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ពី​រដ្ឋការ​របស់លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន មិន​ឱ្យ​ចូល​ប្រទេស​នេះ ខណៈ​អាមេរិក​បាន​ប្រកាស​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ និង​បណ្តេញ​ក្រុម​អ្នកការទូត ស្រប​ពេល​ភាពតានតឹង​រវាង​សត្រូវ​ទាំង ២ នេះ​កើន​កម្តៅ​ខ្លាំង។

ទោះបី​ជា​យ៉ាងណាក៏ដោយ ក៏​ទីក្រុង​ម៉ូស្គូ ពិចារណា​អំពី​លទ្ធភាព​នៃ​ជំនួប​រវាង​លោក​ បៃដិន និង​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ទណ្ឌកម្ម និង​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំនួន ១០ រូប​ជា​ការសងសឹក​ចំពោះ​អ្វីដែល​ខ្លួន​និយាយថា ជា​ការជ្រៀតជ្រែក​របស់​វិមាន​ក្រឹមឡាំង​នៅក្នុង​ការបោះឆ្នោត​របស់​អាមេរិក ការវាយប្រហារ​តាម​អ៊ីនធឺណិត​ទ្រង់ទ្រាយ​ធំ និង​សកម្មភាព​បង្ក​អារិភាព​ដទៃទៀត។

ជា​ការឆ្លើយ​យ៉ាង​ពេញទំហឹង​នោះ ទីក្រុង​ម៉ូស្គូ​បាន​និយាយថា មន្ត្រី​ជាន់ខ្ពស់​អាមេរិក​នៅក្នុង​នោះ​មាន​លោក​អគ្គមេធាវី Merrick Garland ទីប្រឹក្សា គោលនយោបាយ​ក្នុងស្រុក​របស់​លោក​ បៃដិន លោកស្រី Susan Rice និង​ប្រធាន FBI លោក Christopher Wray នឹងត្រូវ​បាន​ហាម​មិន​ឱ្យចូល​ប្រទេស​រុស្ស៊ី។

កាលពី​ថ្ងៃ​សុក្រ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ប្រទេស​រុស្ស៊ី កំពុង​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​របស់​អាមេរិក​ក្នុង​លក្ខណៈ​សងសឹក ដោយ​បាន​ស្នើឱ្យ​ក្រុម​អ្នកការទូត​អាមេរិក​នៅក្នុង​ប្រទេស​រុស្ស៊ី ចាកចេញ​ពី​ប្រទេស​នេះ ខណៈ​ដែល​បណ្តេញ​អ្នកការទូត​ប៉ូឡូញ ៥ រូប​ចេញ​ដែរ ជា​ការឆ្លើយតប​នឹង​វិធានការ​ស្រដៀង​គ្នា​របស់​ទីក្រុង​វ៉ាស៊ីវី។

លោក Lavrov ក៏​បាន​និយាយថា ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់លោក​ពូទីន គឺ​លោក Yury Ushakov បាន​ផ្តល់​ជា​អនុសាសន៍​ថា លោក​ប្រេសិត​ពិសេស​អាមេរិក​ Yury Ushakov គួរតែ​ចាកចេញ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ឱ្យ​បាន​ហ្មត់ចត់។

ប៉ុន្តែ​ក្រសួង​ការបរទេស​រុស្ស៊ី បាន​បញ្ជាក់ថា ខ្លួន​បាន​ពិនិត្យមើល​សំណើ​របស់​លោក បៃដិន ដើម្បី​រៀបចំ​ជំនួប​មួយ​ជាមួយ​លោក ពូទីន ដោយ​បាន​បន្ថែមថា សំណើ​នោះ​ស្ថិត​នៅ​ក្រោម​ការពិចារណា។

កាលពី​ដើម​សប្តាហ៍​មុន លោក​ បៃដិន បាន​ស្នើសុំ​ឱ្យ​រៀបចំ​ជំនួប​មួយ ខណៈ​ដែល​ភាពតានតឹង​រវាង​ប្រទេស​រុស្ស៊ី​ និង​លោកខាងលិច​បាន​កើនឡើង​ជុំវិញ​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយក្រែន និង​ទណ្ឌកម្ម​ថ្មីៗ​ដែល​ដាក់​ដោយ​ទីក្រុង​វ៉ាស៊ីនតោន។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ជាយូរ​មកហើយ លោក ពូទីន បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ការធ្វើឱ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​វ៉ាស៊ីនតោន វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើង​វិញ៕