កាល​ពី​ថ្ងៃ​អង្គារ ទី ២៣ មីនា រដ្ឋមន្រ្តី​ការ​បរទេស​ប្រទេស​ចិន និង​រុស្ស៊ី បាន​ថ្កោល​ទោស​ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ទៅលើ​ភាគី​ទាំង​ពីរ។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​នានា​របស់​សហភាព​អឺរ៉ុប​ អង់គ្លេស អាមេរិក និង​កាណាដា ដែល​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង។ បណ្តា​ប្រទេស​លោក​ខាង​លិច​ទាំង​នោះ​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ចិន ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ប្រជាជន​ម៉ូស្លីម​អ៊ុយហ្គួរ​នៅ​តំបន់​ស៊ីនជាំង​ភាគ​ខាង​លិច​ប្រទេស​ចិន។

កាល​ពី​ដើម​ខែ​នេះ​ប្រទេស​រុស្ស៊ី បាន​និយាយ​ថា ទណ្ឌកម្ម​ដែល​ដាក់​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ជុំវិញ​ករណី​លោក Alexei Navalny នឹង​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​រុស្ស៊ី​ជាមួយ​ប្រទេស​ទាំង​ពីរ។

រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន បាន​មើល​ឃើញ​ថា សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​ពឹង​ផ្អែក​លើ​សម្ព័ន្ធមិត្ត​យោធា​នៃ​សង្គ្រាម​ត្រជាក់​ ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ច្បាប់​អន្តរជាតិ។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​ទៅ​លើ​ប្រទេស​រុស្ស៊ី បាន​ផ្តោត​លើ​បុគ្គល​ជា​ច្រើន​នៅ​ក្នុង​វិស័យ​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី ដែល​ក្នុង​នោះ​មាន​ទាំង​ប្រធាន​សេវា​សន្តិសុខ​សហព័ន្ធ គឺ លោកAlexander Bortnikov។ កាល​ពី​ថ្ងៃទី ២២ មីនា សហភាព​អឺរ៉ុប​ក៏​បាន​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​តំបន់ និង​បក្ស​កុម្មុយនីស្ត​ចិន​ចំនួន ៤ នាក់​រួម​មាន​លោក Chen Mingguo ប្រធានការិយាល័យ​សន្តិសុខ​សាធារណៈ​ស៊ីនជាំង៕