ប្រទេសរវ៉ាន់ដា និងរុស្ស៊ី បានបញ្ជូនកងទ័ព និងគ្រឿងសម្ភារយោធាទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីជួយទប់ទល់នឹងការកើនឡើងនៃអំពើហិង្សា បង្កដោយក្រុមឧទ្ទាមមុនការបោះឆ្នោតប្រធានាធិបតី និងសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យខាងមុខ។
កម្លាំងសន្តិសុខ និងកងរក្សាសន្តិភាពសហរដ្ឋអាមេរិកបាននិងកំពុងទប់ទល់ជាមួយក្រុមឧទ្ទាម ដែលបានចេញពង្រាយខ្លួនពាសពេញទីប្រជុំជន និងផ្លូវនានានៅខាង ក្រៅរដ្ឋធានីនៃប្រទេសអាហ្វ្រិកកណ្ដាលនេះ។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនអាហ្វ្រិកកណ្ដាលបានចោទប្រកាន់អតីតប្រធានាធិបតីបារាំង លោក Francois Bozize ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារបន្ទាប់ពីក្រុមឧទ្ទាមដ៏មានឥទ្ធិពលចំនួន ៣ ក្រុម បានរួបរួមគ្នា និងចាប់ផ្ដើមបង្កចលាចលទ្រង់ទ្រាយធំសំដៅទៅរដ្ឋធានី Bangui ប្រទេសអាហ្វ្រិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រដាប់អាវុធដែលត្រៀមបង្កចលាចលនៅប្រទេសអាហ្វ្រិកកណ្ដាល បានសរសេរថា «ពួកយើងសម្រេចចិត្តរួបរួមគ្នា ដើម្បីបង្កើតទៅជាអង្គភាពតែមួយដែលគេហៅថា សម្ព័ន្ធនៃអ្នកស្នេហាជាតិ ដើម្បីការផ្លាស់ប្តូរឬ CPC»។ ក្រុមនេះក៏បានអំពាវនាវដល់ក្រុមប្រដាប់អាវុធផ្សេងទៀតទាំងអស់ឱ្យចូលរួមជាមួយគ្នាផងដែរ។
ក្រុមឧទ្ទាមបានអំពាវនាវឱ្យមានការលុបចោលការបោះឆ្នោតនៅថ្ងៃទី ២៧ ខែធ្នូ នេះរហូតដល់ប្រទេសមាន «សន្តិភាព និងសន្តិសុខ» ឡើងវិញ។
ប្រធានាធិបតីប្រទេសរវ៉ាន់ដា លោក Paul Kagame បាននិយាយថា៖ «ក្រុមប្រដាប់អាវុធបានព្យាយាមធ្វើឱ្យរំខានដល់ការបោះឆ្នោតហើយប្រទេសរវ៉ាន់ដា ក៏បានដឹងថា ពួកគេមួយចំនួនចង់តម្រង់គោលដៅទៅរកកម្លាំងរបស់យើងនៅអាហ្វ្រិកកណ្តាលពីព្រោះកងកម្លាំងរបស់យើងនៅទីនោះសុទ្ធតែមិនចង់ឱ្យមានការប្រទូសរ៉ាយធំដុំទេ»។
យ៉ាងណាមិញលោក Kagame ក៏បានព្រមានថា កងទ័ពរវ៉ាន់ដាថ្មីដែលបញ្ជូនទៅនោះនឹងមិនរាថយតាមវិធានរបស់អង្គការសហប្រជាជាតិស្ដីអំពីការចុះជួយប្រទេសដែលជាសមាជិកឡើយ។ លោកបានបញ្ជាក់ថា ប្រទេសលោកមានកងកម្លាំងច្រើនបំផុតនៅក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ MINUSCA ដែលមានកម្លាំងរហូតទៅដល់ ១១ ៥០០ នាក់ឯណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វ្រិកកណ្ដាលលោក Ange Maxime Kazagui បាននិយាយកាលពីថ្ងៃចន្ទថា៖ «ប្រទេសរុស្ស៊ី បានបញ្ជូនទាហានជាច្រើននាក់ និងអាវុធធុនធ្ងន់ជាច្រើនគ្រឿង»។ នេះបើយោងតាមសេចក្ដីនៅក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំង ២។ ចំណែកឯជនជាតិរវ៉ាន់ដាក៏បានបញ្ជូនទ័ពជាច្រើនរយនាក់ ដែលបានតាំងទីរួចហើយសម្រាប់ត្រៀមប្រយុទ្ធ»។
ប្រទេសរវ៉ាន់ដា បានបញ្ជាក់ពីការដាក់ពង្រាយទ័ពនេះថា ជាវិធានការមួយដើម្បីឆ្លើយតបទៅនឹងគោលដៅរបស់ខ្លួនក្នុងការរក្សាសន្តិភាពស្របទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិ ដើម្បីទប់ទល់នឹងក្រុមឧទ្ទាម ដែលគាំទ្រដោយលោក Bozize ដែលធ្លាប់គ្រប់គ្រងប្រទេសអាហ្វ្រិកកណ្ដាល តាំងពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៣។
បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ MINUSCA បានឱ្យដឹងកាលពីថ្ងៃចន្ទថា ស្ថានភាពបច្ចុប្បន្នស្ថិតក្នុងភាព «ស្រពេចស្រពិល» នៅឡើយចំពោះតំបន់នៅជិតទីប្រជុំជនយ៉ាលុន ក្រោយពីមានការវាយប្រហារពីក្រុមប្រដាប់អាវុធកាលពីចុងសប្តាហ៍កន្លងទៅ។ ប្រភពសន្តិសុខ និងមនុស្សធម៌បានឱ្យដឹងផងដែរថា ទីប្រជុំជន Mbaiki ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីក្រុង Bangui ក៏ស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ដូចគ្នាបើទោះជាមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ ក៏ដោយ។
អ្នកនាំពាក្យ MINUSCA លោក Vladimir Monteiro បាននិយាយថា ពួកគេបានពង្រាយទ័ពទៅគ្រប់ទីតាំងហើយស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រងល្អ។ ប៉ុន្តែក្រុមសន្តិសុខ និងមនុស្សធម៌បាននិយាយថា សមាជិកខ្លះនៃក្រុមប្រដាប់អាវុធនៅតែឈរជើងជុំវិញតំបន់ Bossembele ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ ពីទីក្រុង Bangui ដដែលនៅឡើយ។
ឆ្មាំសន្តិសុខឯកជនមួយបានបញ្ជាឱ្យក្រុមហ៊ុនរុស្ស៊ីផ្តល់កម្លាំងការពារសុវត្ថិភាពដល់ លោកប្រធានាធិបតី Faustin Archange Touadera រួចជាស្រេច និងបានចូលរួមក្នុងការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធក្នុងស្រុកឱ្យកាន់តែរឹងមាំជាងនេះផងដែរ។
សហរដ្ឋអាមេរិក បារាំងនិង រុស្ស៊ី ក៏បានចោទប្រកាន់លោក Bozize ថា កំពុងព្យាយាមរំខានដល់ការបោះឆ្នោតនៅអាហ្វ្រិកកណ្ដាល។
យ៉ាងណាមិញនៅមិនទាន់មានការបញ្ជាក់ណាមួយភ្លាមៗ ពីទីក្រុងម៉ូស្គូទេ ទោះបីជាវិមានក្រឹមឡាំងបានសម្តែងនូវ «ក្ដីព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះព្រឹត្តិការណ៍នៅក្នុងប្រទេសអាហ្វ្រិកកណ្ដាល នាពេលបច្ចុប្បន្ន និងថ្ងៃមុខ។
យ៉ាងណាក្ដី ក្រុមប្រទេស G5+ ដែលមានប្រទេសបារាំង រុស្ស៊ី អាមេរិក សហភាពអឺរ៉ុប និងធនាគារពិភពលោក ក៏បានជំរុញឱ្យក្រុមរបស់លោក Bozize និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្តដាក់អាវុធចុះ ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតប្រធានាធិបតី និងសភា នៅថ្ងៃអាទិត្យខាងមុខដោយសន្តិវិធី។
គួរបញ្ចាក់ផងដែរថា សាធារណរដ្ឋអាហ្វ្រិកកណ្ដាលចាប់ផ្ដើមមានជម្លោះតាំងពីឆ្នាំ ២០១៣ នៅពេលដែលលោក Bozize ត្រូវបានក្រុមបះបោរ ដែលជាជនជាតិភាគតិចមូស្លីមអាហ្វ្រិក Seleka ធ្វើរដ្ឋប្រហារដកលោកចេញពីតំណែង។ រដ្ឋប្រហារនេះ បានបង្កឱ្យមានការបង្ហូរឈាមយ៉ាងសម្បើមរវាងក្រុម Seleka និងក្រុម «កងកម្លាំងការពារខ្លួនប្រឆាំងបាឡាកា»៕