ក្រុង​ប៊ុយការ៉េសៈ​ មេ​ដឹក​នាំ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សង្គម​និយម​( PSD)​ បាន​ថ្លែង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ រដ្ឋា​ភិបាល​រូម៉ានី​ នឹង​ធ្វើ​តាម​អាមេរិក​និង​រើ​ស្ថាន​ទូត​របស់​ខ្លួន​នៅ​អុីស្រា​អែល​​​​ទៅ​តាំង​​នៅ​​ក្រុង​ហ្ស៊េ​រុយ​សាឡិម​។

លោក​ Liviu Dragnea ​បានប្រាប់​ទូរ​ទស្សន៍​ Antena 3 ​នៅ​មុន​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​រដ្ឋា​ភិបាល​ថា​ នីតិ​វិធី​ជា​ច្រើន ​កំពុង​ចាប់​ផ្តើម​។ ​

យោង​តាម​លោក​Dragnea ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Viorica Dancila​ នៃ​គណ​បក្ស​ PSD ​បាន​ឯក​ភាព​គ្នា​កាល​ពី​ថ្ងៃ​ពុធ ​ទៅ​លើ​ការ​ចាប់​ផ្តើម​ដំណើរ​ការ​នា​នា​ ជា​មួយ​នឹង​ការតាមដានលើ​​ការ​រើ​ស្ថាន​ទូត​នោះ ​ទៅ​តាំង​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិម​។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ បាន​បដិ​សេធមិន​ធ្វើ​ការ​អធិប្បាយ​ នៅ​ពេល​ AFP ​សួរ​ ថ្វី​បើ​មាន​ពាក្យ​ចចាម​អារ៉ាម​អំពី​បំណង​នៃ​ការ​​រើ​ស្ថាន​ទូត​ពី​ក្រុង​តែល​ អាវីវ​ ​បាន​លេច​ធ្លាយ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​​២០១៧​​ ក្តី​។ ​​

ការ​អំពាវ​នាវ​របស់​លោក​ប្រធានា​ធិបតី​ដូ​ណាល់​ ត្រាំ​ ឲ្យ​រើ​ស្ថាន​ទូត​អាមេរិក​ ទៅ​តាំង​នៅ​ក្នុង​ក្រុង​ដែល​មាន​ជម្លោះ​នោះ​ បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​មាន​រដ្ឋ​ចំនួន១​២៨ ​បាន​​​ថ្កោល​ទោស​អាមេរិក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​មហា​សន្និ​បាត​មួយ​របស់​​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៧៕ PSA