ក្រុងតេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់់លោក ហាស្សាន រូហានី បានថ្លែងប្រាប់សមភាគីបារាំងរបស់លោក គឺលោក អេម៉ានុយអែល ម៉ាក្រុង តាមទូរស័ព្ទកាលពីថ្ងៃពុធថា កិច្ចចរចានានាជាមួយសហរដ្ឋអាមេរិកនឹង «គ្មានន័យនោះទេ» ប្រសិនបើអាមេរិកមិនដកទណ្ឌកម្មជាមុនសិនទេនោះ ។
សេតវិមានកាលពីថ្ងៃអង្គារបានថ្លែងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចង់ជួបជាមួយ លោក រូហានី ដោយគ្មានលក្ខខណ្ឌ ខណៈអាមេរិកនៅតែបន្តយុទ្ធនាការនៃ «ការដាក់សម្ពាធអតិបរមា» របស់ខ្លួនទៅលើប្រទេស អ៊ីរ៉ង់ នោះ។
លោក ហាស្សាន រូហានី បានសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី ម៉ាក្រុង ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
មេដឹកនាំបារាំង បានចេញមុខដឹកនាំឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេស អ៊ីរ៉ង់ និងក្រុមប្រទេសមហាអំណាចធំៗនៅលើពិភពលោក។
កិច្ចព្រមព្រៀងដែលត្រូវបានគេដឹងគ្រប់ៗគ្នាជាផ្លូវការថា ផែនការនៃសកម្មភាពទូលំទូលាយរួម (JCPOA) បានស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបរាជ័យជាផ្នែកៗ ចាប់តាំងពី លោក ដូណាល់ ត្រាំ បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះកាលពីខែ ឧសភា ឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មលើអ៊ីរ៉ងជាថ្មីនោះ៕ AFP/SK