ក្រុងរីយ៉ាដៈ ក្រុមហ៊ុន​ថាមពល​អារ៉ាប៊ី សាអ៊ូឌីត Aramco របស់​រដ្ឋ​បាន​ឲ្យ​ដឹងថា​ការវាយប្រហារ​មួយ​ដែល​បាន​អះអាង​ដោយ​ក្រុម​ឧទ្ទាម​យេម៉ែន​បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​រោងចក្រ​ផលិត​ឧស្ម័ន​មួយ​កន្លែង​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​មិនបាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ឬ​រងរបួស​នោះទេ ឬ​ក៏​រំខាន​ទៅដល់​ចង្វាក់​ផលិតកម្ម​ឧស្ម័ន​នោះ​ឡើយ​។

ក្រុមហ៊ុន​ថាមពល​ខ្នាត​យក្ស​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ក្រុម​ឆ្លើយតប​របស់​ក្រុមហ៊ុន Aramco អារ៉ាប៊ី សាអ៊ូឌីត បាន​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​ឆេះ​នោះ​ឲ្យ​វិល​មក​សភាព​ដើម​វិញ​ទាំងស្រុង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅឯ​កន្លែង​ផលិត​វត្ថុ​រាវ​ឧស្ម័ន​ធម្មជាតិ​ Shaybah » «​ហើយ​មិនមាន​អ្នករងរបួស​ និង​ការ​កាត់ផ្តាច់​ប្រតិបត្តិ​ការផលិត​ប្រេង​របស់​ក្រុមហ៊ុន Aramco អារ៉ាប៊ី សាអ៊ូឌីត ​នោះ​ទេ​»​។

ក្រុម​ឧទ្ទាម​ហ៊ូធី បាន​បើក​ការវាយប្រហារ​មីស៊ីល និង​យន្ត​ហ្រោះ​ដូន​យ៉ាង​ខ្លាំង​ក្លា​នៅ​តាម​ព្រំដែន​ដែល​បាន​យក​មូលដ្ឋាន​ទ័ពអាកាស​របស់​អារ៉ាប៊ី សាអ៊ូឌីត និង​កន្លែង​ផ្សេង​មួយ​ចំនួន​ទៀត​ជា​គោលដៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ទៅនឹង​អ្វី​ដែល​ក្រុម​ហ៊ូធី​បាន​ហៅថា​ជា​ការសងសឹក​ទៅ​នឹង​សង្គ្រាម​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត នៅ​យេម៉ែន​៕ SK