ក្រុមហ៊ុននុយក្លេអ៊ែរជាតិរបស់ចិនបានឱ្យដឹងថា អង្គភាពថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនគឺ Hualong One ដែលជារ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ទី៣ បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មកាលពីថ្ងៃសៅរ៍ កន្លងទៅ។
រ៉េអាក់ទ័រនេះ មានទីតាំងនៅទីក្រុង Fuqing ក្នុងខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន ត្រូវបានរចនាឡើងឱ្យមានអាយុកាលរហូតទៅដល់ ៦០ ឆ្នាំ។ យោងតាមទូរទស្សន៍សាជីវកម្មនុយក្លេអ៊ែរជាតិចិន CNNC អង្គភាពនីមួយៗនៃHualong Oneមានសមត្ថភាពផលិតដល់ទៅ ១,១៦១ លានគីឡូវ៉ាត់ ហើយអាចបំពេញតម្រូវការថាមពលអគ្គីសនីក្នុងស្រុកប្រចាំឆ្នាំរបស់ប្រជាជន ១ លាននាក់នៅក្នុងប្រទេសអភិវឌ្ឍន៍។
លោក Yu Jianfeng ប្រធាន CNNC បាននិយាយថា៖ «នៅពេលដាក់ Hualong One ដំណើរការហើយ ប្រទេសចិន នឹងស្ថិតនៅជួរមុខគេនៃបច្ចេកវិទ្យានុយក្លេអ៊ែរជំនាន់ទី៣ នៅលើពិភពលោករួមជាមួយបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិកបារាំងនិងរុស្ស៊ី»។
លោកបានបន្ថែមថា Hualong One នឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននិងជួយឱ្យសម្រេចបាននូវគោលដៅកាត់បន្ថយឧស្ម័នពុលរបស់ប្រទេសចិន ឱ្យស្ថិតក្នុងកម្រិតទាបបំផុតមុនឆ្នាំ ២០៦០ ។
ដោយឡែក ការស្ថាបនា Hualong One ទី២ ក៏គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះផងដែរ៕