លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែវិច្ឆិកា អាចនឹងត្រូវបានពន្យារពេល ខណៈលោក Donald Trump បានដាក់ពាក្យបណ្ដឹងនៅរដ្ឋសំខាន់ៗ ៣។
ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបឋមត្រូវបានប្រព្រឹត្តទៅ ក្រោយពីមណ្ឌលបោះឆ្នោតទូទាំងប្រទេសបានបិទ ហើយបេក្ខជនមកពីបក្សប្រជាធិបតេយ្យលោក Joe Biden បាននាំមុខចំនួនអង្គបោះឆ្នោត ដោយលោកបានទទួលជ័យជម្នះ នៅរដ្ឋខៀវចំនួន ១៩ ដូចជា New York, New Jersey, New Hampshire, New Mexico, Massachusetts, Rhode Island, Vermont, Connecticut, Delaware, Maryland, Maine, Virginia, Illinois, Colorado, Hawaii, California, Oregon, Washington State, និងរដ្ឋធានី Washington D.C. ហើយក៏បានឈ្នះរដ្ឋនៅកណ្ដាល (Swing States)ចំនួន ៤ Arizona, Wisconsin, Michigan និង Minnesota។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានកាត់បន្ថយគម្លាតជាមួយនឹងលោក Biden ដោយលោកបានឈ្នះ រដ្ឋ Swing State សំខាន់ៗចំនួន ៤ ដែលរួមមាន Ohio, Texas, Iowa, និង Florida ហើយក៏បានឈ្នះរដ្ឋក្រហមចំនួន ១៩ ដូចជា Idaho, Utah, Montana, Wyoming, North Dakota, South Dakota, Nebraska, Kansas, Oklahoma, Missouri, Arkansas, Louisiana, Indiana, Kentucky, Tenseness, Mississippi, Alabama, West Virginia, និង South Carolina។
បើគិតត្រឹមថ្ងៃព្រហស្បតិ៍ម៉ោង ១១:៣០ ព្រឹកម៉ោងនៅប្រទេសកម្ពុជា លោក Biden ត្រូវបានសារព័ត៌មាន AP និង Fox News សន្និដ្ឋានថា ទទួលបានអង្គបោះឆ្នោតចំនួន ២៦៨ ក្នុង Electoral College ធៀបនឹងអង្គបោះឆ្នោត ២១៤ ដែលលោក Trump បានទទួល។ បេក្ខជនត្រូវការអង្គបោះឆ្នោត ២៧០ ក្នុង Electoral College ដើម្បីទទួលបានជ័យជម្នះការបោះឆ្នោតប្រធានាធិបតី។ រដ្ឋ Nevada, Pennsylvania, North Carolina, Georgia គឺនៅមិនទាន់អាចធ្វើការសន្និដ្ឋានថា បេក្ខជនណាមួយទទួលជ័យជម្នះដោយសារលទ្ធផលបឋមមានគម្លាតសំឡេងជិតគ្នាខ្លាំង។
បន្ថែមពីលើនេះរដ្ឋ Pennsylvania មានភាពយឺតយ៉ាវក្នុងការរាប់សន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រ ដោយសារការកើនឡើងនៃការបោះឆ្នោតតាមប្រអប់សំបុត្រដោយសារការរាលដាលនៃជំងឺ COVID-19 និងដោយសាររដ្ឋនេះមានច្បាប់ហាមឃាត់ការរាប់សន្លឹកឆ្នោតមុនថ្ងៃបោះឆ្នោត ៣ វិច្ឆិកា ដែលច្បាប់នេះត្រូវបានអនុម័តដោយសភាគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។
ម្យ៉ាងវិញទៀត បុគ្គលិករាប់សន្លឹកឆ្នោតនៅរដ្ឋទាំងនេះបានសម្រាកនៅល្ងាចថ្ងៃទី ៣ ហើយនឹងបន្តរាប់នៅព្រឹកថ្ងៃបន្ទាប់។ នៅស្រុក Fulton រដ្ឋ Georgia ការរាប់សន្លឹកឆ្នោតត្រូវបានផ្អាកមួយរយៈសិនដោយសារការបែកបំពង់ទឹកនៅកន្លែងរាប់សន្លឹកឆ្នោត តែមន្ត្រីរៀបចំការបោះឆ្នោតបាននិយាយថា មិនមានសន្លឹកឆ្នោតណាមួយខូចខាតដោយសារការលិចទឹកនេះទេ។
នៅរដ្ឋ Pennsylvania គណបក្សសាធារណរដ្ឋបានដាក់ពាក្យបណ្ដឹងឱ្យចាត់ទុកសន្លឹកឆ្នោតចំនួន ១ ២០០ ជាមោឃៈដោយបានអះអាងថា អ្នកសង្កេតការណ៍របស់ពួកគេនៅកន្លែងរាប់សន្លឹកឆ្នោតបានរកឃើញថាសន្លឹកឆ្នោតទាំងនេះ មានបញ្ហាបច្ចេកទេសហើយមន្ត្រីរៀបចំការបោះឆ្នោតបានឱ្យឱកាសប្រជាជនកែប្រែកំហុសទាំងនោះ ដែលជាធម្មតាមិនត្រូវមានការកែប្រែកំហុសទេ។
ផ្សេងពីនេះ ក្រុមរៀបយុទ្ធនាការបោះឆ្នោតលោក Trump បានដាក់ពាក្យបណ្ដឹងនៅរដ្ឋ Georgia, Michigan, និង Pennsylvania ដែលពួកគេអះអាងថា មានការក្លែងបន្លំសន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រ ហើយទាមទារឱ្យបន្ថែមអ្នកសង្កេតការណ៍ពួកគេចូលពិនិត្យកន្លែងរាប់សន្លឹកឆ្នោតនៅរដ្ឋទាំងនេះ។
ក្រុមលោក Trump ក៏បានស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងរដ្ឋ Wisconsin ដោយបានអះអាងថា ពួកគេសង្កេតឃើញមានភាពមិនប្រក្រតីនៅក្នុងរដ្ឋនេះ។ រដ្ឋ Michigan និង Wisconsin ត្រូវបានគេសន្និដ្ឋានថា លោក Biden បានឈ្នះ។ អ្នកវិភាគមួយចំនួនបានយល់ឃើញថា សកម្មភាពទាំងនេះគឺការព្យាយាមរបស់ក្រុមលោក Trump ដើម្បីធ្វើឱ្យកកស្ទះការរាប់សន្លឹកឆ្នោតទាំងនេះ ហើយក៏ជាសកម្មភាពធ្វើឱ្យមានការសង្ស័យលើភាពត្រឹមត្រូវនៃការបោះឆ្នោតឆ្នាំនេះ។
ការកកស្ទះនៃការរាប់សន្លឹកឆ្នោត និងការសង្ស័យលើភាពត្រឹមត្រូវនៃការបោះឆ្នោតអាចនឹងធ្វើឱ្យគ្មានបេក្ខជនណាមួយទទួលបានអង្គបោះឆ្នោត ២៧០ គ្រប់គ្រាន់ ទាន់ពេលការជួបប្រជុំ Electoral College។ បើសិនគ្មានអ្នកទទួលជ័យជម្នះ សភាតំណាងរាស្ត្រនឹងធ្វើជាអ្នកតែងតាំងប្រធានាធិបតី ហើយព្រឹទ្ធសភាជាអ្នកតែងតាំងអនុប្រធានាធិបតី។
តែការតែងតាំងប្រធានាធិបតីនៅសភាតំណាងរាស្ត្រ គឺប្រព្រឹត្តទៅដោយបែងចែកសមាជិកជាក្រុមទៅតាមរដ្ឋដែលពួកគេតំណាងហើយក្រុមនីមួយៗ មានសំឡេងបោះឆ្នោតតែមួយគត់ដែលសរុបមានតែ ៥០ សំឡេងប៉ុណ្ណោះ។
សម្រាប់អាណត្តិបច្ចុប្បន្នបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន ២៣២ ធៀបនឹងសំឡេង ១៩៨ របស់បក្សសាធារណរដ្ឋក្នុងសភាតំណាងរាស្ត្រ តែបើសិនបែងចែកសមាជិកទៅតាមរដ្ឋដែលពួកគេតំណាង បក្សសាធារណរដ្ឋមានក្រុមចំនួន ២៦ ហើយ បក្សប្រជាធិបតេយ្យមាន ២៤ ក្រុម។ ដូច្នេះមានលោក Trump អាចត្រូវសភាតំណាងរាស្ត្របោះឆ្នោតឱ្យបន្តតំណែងជាប្រធានាធិបតី បើសិនគ្មានបេក្ខជនណាទទួលបានអង្គបោះឆ្នោតគ្រប់ ២៧០។
ស្របពេលជាមួយនឹងការបោះឆ្នោតប្រធានាធិបតីការបោះឆ្នោតសមាជិកសភាតំណាងរាស្ត្រទាំង ៤៣៥ អាសនៈ និងព្រឹទ្ធសភាចំនួន ៣៥ អាសនៈ ក៏បានប្រព្រឹត្តទៅលើសន្លឹកឆ្នោតតែមួយ។ គិតត្រឹមពេលវេលាដូចខាងលើ បក្សប្រជាធិបតេយ្យបានទទួល ២០៤ អាសនៈ ក្នុងសភាតំណាងរាស្ត្រ ហើយបក្សសាធារណរដ្ឋទទួលបាន ១៩០ អាសនៈ នៅសល់ ៤១ អាសនៈទៀតដែលមិនទាន់មានការសន្និដ្ឋានឈ្នះ ឬចាញ់។ ដើម្បីឈ្នះសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ គណបក្សត្រូវការអាសនៈចំនួន ២១៨។
រីឯការបោះឆ្នោតព្រឹទ្ធសភាវិញបក្សប្រជាធិបតេយ្យបានឈ្នះ ១៣ អាសនៈ និងបក្សសាធារណរដ្ឋឈ្នះ ១៨ អាសនៈ នៅសល់ ៤ អាសនៈទៀត ដែលមិនទាន់មានការសន្និដ្ឋានឈ្នះ ឬចាញ់។ លទ្ធផលបឋមនេះបានធ្វើឱ្យសំឡេងក្នុងព្រឹទ្ធសភាស្មើគ្នា ៤៨-៤៨។ គណបក្សមួយត្រូវការអាសនៈចំនួន ៥១ ដើម្បីឈ្នះសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា។
យ៉ាងណាមិញលទ្ធផលខាងលើនេះគឺគ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះ យើងត្រូវតែរង់ចាំមើលជាក់ស្ដែងក្រោយពីការរាប់សន្លឹកឆ្នោតបានចប់ជាស្ថាពរ។ បើសិនគ្មានការប្រឆាំង ហើយការប្ដឹងផ្ដល់ត្រូវបានដោះស្រាយរួច លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នឹងត្រូវទទួលស្គាល់ជាផ្លូវការក្រោយពីការជួបប្រជុំនៃអង្គបោះឆ្នោតនៃ Electoral College នៅថ្ងៃទី ១៤ ខែធ្នូ និងក្រោយពីការទទួលស្គាល់ដោយសម័យប្រជុំរួមនៃសភាតំណាង និងព្រឹទ្ធសភាអាណត្តិថ្មីនៅដើមខែមករា ឆ្នាំ ២០២១៕