The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី ​អ៊ុងសាន ស៊ូជី ត្រូវ​បាន​គេ​ឃើញ​នៅ​តុលាការជា​លើក​ដំបូង ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ




លោកស្រី ​អ៊ុងសាន ស៊ូជី ត្រូវ​បាន​គេ​ឃើញ​នៅ​តុលាការជា​លើក​ដំបូង ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ

Content image - Phnom Penh Post
មេ​ដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបាន​យោធា​ចាប​់ឃុំ​ខ្លួនកាលពីថ្ងៃ​ទី ១ ខែកុម្ភៈ​​។ រូបថត AFP

លោកស្រី ​អ៊ុងសាន ស៊ូជី ត្រូវ​បាន​គេ​ឃើញ​នៅ​តុលាការជា​លើក​ដំបូង ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ

មេ​ដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង លោកស្រី ​អ៊ុងសាន ស៊ូជី បាន​ឡើង​តុលាការ​កាល​ពី​ថ្ងៃ​ចន្ទ ​តាមរយៈ​ការ​ភ្ជាប់​វីដេអូ ដោយ​ត្រូវ​បាន​មេធាវី​របស់​លោកស្រី​ឃើញ​ជា​លើក​ដំបូង ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​មួយ​រយៈពេល ១ ខែ​កន្លង​ទៅ បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ឥត​ឈប់​ឈរ។

ការ​បង្ហាញ​មុខ​របស់​លោកស្រី ​ស៊ូជី បាន​កើត​ឡើង ខណៈ​ក្រុមបាតុករ​បាន​ឡើង​ទៅ​តាម​ដង​ផ្លូវ​នានា​ជា​ថ្មី​នៅ​ទូទាំង​ប្រទេស​ជា​ការ​ផ្គើន​ទៅ​នឹង​កម្លាំង​របស់​របប​យោធា ដែល​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ក្លាយ​ជា​ភាព​ចលាចល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ចាប់​តាំង​ពី​រដ្ឋប្រហារ​នោះ​មក។

មនុស្ស​យ៉ាង​តិច ១៨ នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ទាហាន និង​ប៉ូលិស បាន​បាញ់​គ្រាប់​ពិត​ទៅ​លើ​ហ្វូង​បាតុករ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ ដែល​បាន​លើក​ឡើង​ពី​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​របស់​ខ្លួន​នោះ។

លោក​មេធាវី Khin Maung Zaw បាន​ប្រាប់​សារព័ត៌មាន AFP តាម​ទូរស័ព្ទ​នៅ​ក្នុង​អំឡុង​ការ​សម្រាក​នៅ​ពេល​ដំណើរការ​នីតិវិធី​ថា លោកស្រី ​អ៊ុងសាន ស៊ូជី មាន​អាយុ ៧៥ ឆ្នាំ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​សុខភាព​មាំមួន​នៅ​ក្នុង​អំឡុង​បង្ហាញ​មុខ​នៅ​តុលាការ កាល​ពី​ថ្ងៃ​ចន្ទ។

លោកស្រី ​ស៊ូជី ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ទីក្រុង​ណៃពិដោ នៅ​មុន​ពេល​ថ្ងៃ​រះ​នៃ​ថ្ងៃ​រដ្ឋប្រហារ​នោះ និង​មិន​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ទេ តាំង​ពី​ពេល​នោះ​មក។

តាម​ការ​រាយការណ៍ លោកស្រី​ត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ណៃពិដោ ជាទី​ក្រុង​ដាច់​ដោយ​ឡែក​ពី​គេ​មួយ​ដែល​យោធា​បាន​បង្កើត​ឡើង នៅ​ក្នុង​អំឡុង​កាន់​អំណាច​ផ្តាច់ការ​កាល​ពី​ពេល​កន្លង​ទៅ​នោះ។

យោធា​បាន​ឡើង​កាន់​អំណាច ដោយ​បាន​បញ្ចប់​ការ​សាកល្បង​លទ្ធិប្រជាធិបតេយ្យ​រយៈពេល ១ ទសវត្សរ៍ ​ហើយ​បាន​ចោទ​ប្រកាន់​ថា មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ​នោះ។
គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) បាន​ឈ្នះ​ការ​បោះឆ្នោត​យ៉ាង​ភ្លូកទឹក​ភ្លូកដី។

ក្រុម​ឧត្តម​សេនីយ៍​បាន​វាយ​ប្រហារ​លោកស្រី ​អ៊ុងសាន ស៊ូជី ដោយ​ការ​ចោទ​ប្រកាន់​ចំនួន ២ ដែល​សហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​ថា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទាក់ទង​នឹង​ការ​នាំចូល​វិទ្យុ​ទាក់ទង និង​ធ្វើ​ការ​ជួបជុំ​យុទ្ធនាការ​នៅ​ក្នុង​អំឡុង​ពេល​កំពុង​មាន​ជំងឺ​ឆ្លង​រាតត្បាត។

ចំណែក​នៅ​ក្នុង​ប្រទេស​ថៃ ​វិញ ការ​ជួបជុំ​របស់​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​បាងកក បាន​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ ​កាណុង​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ក្រុម​បាតុករ ដែល​ព្យាយាម​ទម្លាយ​របាំង​ផ្លូវ។

ក្រុម​បាតុករ​បាន​លើក​សម្បក​គ្រាប់​ដើម្បី​បង្ហាញថា គ្រាប់​កៅស៊ូ​នោះ​ត្រូវ​បាន​គេ​បាញ់​ទៅ​លើ​ពួក​គេ។

មិន​មាន​របាយការណ៍​អំពី​អ្នក​រង​របួស ប៉ុន្តែ​រថយន្ត​សាមុយ ១ គ្រឿង ត្រូវ​បាន​គេ​បើក​ទៅ​កាន់​មន្ទីរពេទ្យ Veterans General Hospital។

ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​សម្រេច​ប្រើ​កាណុង​បាញ់​ទឹក ​ដើម្បី​បំបែក​ហ្វូង​មនុស្ស​ជួបជុំ ​ក្រោយ​ពី​បាតុករ​បាន​ដក​កុងតឺន័រ​ដែល​ត្រូវ​បាន​ដាក់ ដើម្បី​បិទផ្លូវ Vibhavadi Rangsit Road នោះ។

ពួក​គេ​ក៏​បាន​បាញ់​ឧស្ម័ន​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដែល​បាន​គប់ ​និង​វត្ថុ​ផ្សេងៗ​ទៅ​លើ​ពួក​គេ។ វត្ថុ​ទាំង​នោះ​ត្រូវ​បាន​គេ​ឃើញ​ហោះ​ចេញ​ពី​ភាគី​ទាំង ២។

ក្រោយ​ពី​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​កើត​ឡើង ក្រុម​បាតុករ​បាន​វិល​ត្រឡប់​ទៅ​ខាង​ក្រៅ​មន្ទីរពេទ្យ General Hospital។

ភាព​មិន​ចាញ់​មិន​ឈ្នះ​រវាង​ប៉ូលិស និង​ក្រុម​អ្នក​តវ៉ា​បាន​បន្ត​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ ប៉ុន្តែ​ភាព​តានតឹង​បាន​ធូរស្រាល​នៅ​ពេល​កងកម្លាំង​សន្តិសុខ បាន​បង្កើត​ច្រវាក់​មនុស្ស ដើម្បី​ព័ទ្ធ​អ្នក​តវ៉ា និង​ប៉ូលិស​នៅ​ឆ្ងាយ​ពី​គ្នា​ប្រកប​ដោយ​សុវត្ថិភាព៕

អត្ថបទគួរចាប់អារម្មណ៍