ក្រុងយ៉ាំងហ្គោន៖ ការរាប់សន្លឹកឆ្នោតបានបន្តរហូតដល់ពេលយប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពីការបោះឆ្នោតមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកកាន់អំណាចរដ្ឋាភិបាលវិញ របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលនៅតែជាវីរនារីម្នាក់នៅក្នុងប្រទេសមួយនេះ ទោះបីជាកេរ្តិ៍ឈ្មោះរបស់លោកស្រីនៅក្រៅប្រទេស ត្រូវបានបំផ្លាញដោយសារវិបត្តិរ៉ូហ៊ីងយ៉ាក្តី។
ក្រុមអ្នកគាំទ្ររាប់រយនាក់ បានស្រែកអបអរសាទរដោយមិនអើពើទៅនឹងការព្រមានអំពីការឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី ដ៏ចម្លែកមួយនេះទេ ហើយបានប្រមូលផ្តុំគ្នា នៅក្នុងការអបអរសាទរមុនការកំណត់នៃការប្រកាសលទ្ធផលឆ្នោតដោយមានអ្នកខ្លះបានរាំ ច្រៀង និងការគ្រវីទង់ជាតិនៅខាងក្រៅទីស្នាក់ការរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លទ្ធផលសរុបទាំងអស់នោះ នឹងមិនត្រូវបានធ្វើឱ្យចប់សព្វគ្រប់ នៅក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខនោះទេ។
ការបោះឆ្នោតនោះ គឺគ្រាន់តែជាការបោះឆ្នោតលើកទី ២ ប៉ុណ្ណោះ ចាប់តាំងពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរួចផុតជិតពាក់កណ្តាលទសវត្សរ៍ពីការគ្រប់គ្រងរបស់របបយោធានៅឆ្នាំ ២០១១។
៥ ឆ្នាំកន្លងទៅនេះ គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ NLD បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែត្រូវបានអនុវត្តដោយច្បាប់រដ្ឋធម្មនុញ្ញ ចែងឱ្យមានកិច្ចព្រមព្រៀងបែងចែកអំណាច មិនងាយស្រួលមួយ ជាមួយយោធាដ៏មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា មួយនេះ។
បច្ចុប្បន្ន មេដឹកនាំស៊ីវិលរូបនេះ បានស្ថិតនៅក្នុងកិច្ចការប្រឹងប្រែងមួយ ដើម្បីរក្សាសំឡេងភាគច្រើនបំផុតនៅក្នុងសភា ដែលបានអំពាវនាវឱ្យពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់ត្រូវពុះពារការភ័យខ្លាចវីរុសផ្លូវដង្ហើមកូរ៉ូណារបស់ពួកគេឱ្យខាងតែបាន ដើម្បីចេញមកបោះឆ្នោតទាំងអស់គ្នា។
មនុស្សជាច្រើនលាននាក់ បានតម្រង់ជួរគ្នានៅខាងក្រៅមណ្ឌលបោះឆ្នោតនៅទូទាំងប្រទេសមីយ៉ាន់ម៉ា នៅមុនព្រះអាទិត្យរះ ខណៈមនុស្សមួយចំនួនផ្សេងទៀត បាននាំគ្នាឈររង់ចាំអស់ជាច្រើនម៉ោង នៅតាមវត្តអារាម មជ្ឈមណ្ឌលលក់ទំនិញផ្សេងៗ និងការិយាល័យបោះឆ្នោតជាច្រើនទៀត នៅទូទាំងប្រទេស។
នៅក្នុងទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងធំបំផុតទី២ របស់ប្រទេសមីយ៉ាន់ម៉ា និងជាតំបន់ក្តៅមួយនៃការឆ្លងរាលដាលវីរុសផ្លូវដង្ហើមកូរ៉ូណាផងដែរ ហ្វូងមនុស្ស បានធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោតមួយកន្លែង នៅខាងក្រៅព្រះបរមរាជវាំងបុរាណនៅទីក្រុងយ៉ាំងហ្គោន។
ក្រុមអ្នកបោះឆ្នោតនៅទូទាំងប្រទេសបាននាំគ្នាពាក់ម៉ាស់នៅតាមមណ្ឌលបោះឆ្នោត ប៉ុន្តែនៅតាមមណ្ឌលបោះឆ្នោតជាច្រើន ត្រូវបានគេមើលឃើញហ្វូងមនុស្ស យ៉ាងណែនណាន់តាន់តាប់នាំគ្នាទៅបោះឆ្នោតទាំងហ្វូងៗយ៉ាងយកចិត្តទុកដាក់បំផុត។
ករណីឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាបានកើនឡើងយ៉ាងខ្លាំងប៉ុន្មានខែថ្មីៗនេះ ដោយនាំឱ្យបិទប្រទេសហើយធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមអនឡាញ៕ AFP/SK