ក្រុង​ឡាអេ៖ ​ម្ចាស់​ពាន​រង្វាន់​នូប៊ែល​សន្តិភាព​លោកស្រី អ៊ុងសាន ​ស៊ូជី ​កាល​ពី​ថ្ងៃ​អង្គារ​បាន​​ចេញ​ដំណើរ​ទៅ​តុលាការ​​ក្រុង​​ឡាអេ ​ដើម្បី​ការពារ​មីយ៉ាន់ម៉ា​ប្រឆាំង​ការ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ប្រល័យ​ពូជ​សាសន៍​ នៅ​ក្នុង​ការ​បាត់បង់​កេរ្តិ៍​ឈ្មោះ​គួរ​កត់​សម្គាល់​​សម្រាប់​ស្ត្រី​ម្នាក់​ដែល​គេ​ធ្លាប់​ទទួល​ស្គាល់​ជា​និមិត្តរូប​សិទ្ធិ​មនុស្ស​​របស់​ប្រទេស​នេះ​។

មេ​ដឹកនាំ​ស៊ីវិល​ប្រទេស មីយ៉ាន់ម៉ា ​បាន​បង្ហាញ​ខ្លួន​នៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ខណៈ​ជម្លោះ​របស់​រដ្ឋ​កាន់​ព្រះ​ពុទ្ធ​សាសនា​ បាន​អះអាង​ថា​ ខ្លួន​បាន​ព្យាយាម​កម្ទេច​ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ភាគ​តិច​ នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​យោធា​កាល​ពី​ឆ្នាំ ​២០១៧​។​

ប្រទេស ​ហ្គំប៊ី ​អាហ្វ្រិក​ខាង​លិច​ បាន​ព្យាយាម​ជា​លើក​ដំបូង​ ដើម្បី​នាំ​ប្រទេស ​មីយ៉ាន់ម៉ា ​ឡើង​​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ជុំវិញ​ការ​កាប់​សម្លាប់​យ៉ាង​សាហាវ​ ដោយ​បាន​ចោទ​ប្រកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ពី​បទ​រំលោភ​សន្ធិ​សញ្ញា​ស្តីពី​កិច្ច​ព្រមព្រៀង​អំពើ​ប្រល័យ​ពូជ​សាសន៍​ឆ្នាំ ១៩៤៨​។​

ប្រ​ជ​ាជន​ចូលរួម​កា​រ​ជួបជុំ​ដើម្បីគាំទ្រលោកស្រីស៊ូ​ជី មុន​បង្ហាញ​មុខនៅតុលាការក្រុង​ឡាអេ​​។ AFP

ការ​តវ៉ា​របស់​ក្រុម​ប្រឆាំង​នឹង​ក្រុម​អ្នក​គាំទ្រ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​កើត​ឡើង​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​មក​ដល់​របស់​លោកស្រី ​អ៊ុងសាន ​ស៊ូជី​ ដែល​ជា​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​និយាយ​លើក​ឡើង​ស្រដៀង​គ្នា​ដូច​ទៅ​នឹង ​លោក នីល​សុន ម៉ាន់​ឌឺឡា​ និង​លោក​មហាត្មះ​​ ​គន្ធី​​។​

កេរ្តិ៍​ឈ្មោះ​ជា​អន្តរជាតិ​របស់​លោកស្រី​ អ៊ុងសាន ​ស៊ូ​ជី​ មាន​វ័យ ​៧៤ ​ឆ្នាំ​រូប​នោះ​ ត្រូវ​បាន​អាប់​ឱន​​ដោយសារ​លោកស្រី​ស្ងៀមស្ងាត់​ ជុំវិញ​ស្ថានភាព​របស់​ជន​រ៉ូហ៊ីងយ៉ា​ ហើយ​លោក​ស្រី​បាន​ការពារ​ក្រុម​ឧត្តមសេនីយ៍។

ករណី​នោះ​នឹង​ត្រូវ​បាន​គេ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ ជា​ទី​ដែល​ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤ ​ម៉ឺន​នាក់ ​ត្រូវ​បាន​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន​ទៅ​កាន់​ជំរំ​ជា​ច្រើន​ ដោយសារ​តែ​យុទ្ធនាការ​បង្ក្រាប​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ​នៃ​ប្រទេស ​មីយ៉ាន់ម៉ា​ ភាគ​ពាយព្យ​។​

អ្នកស្រី ​នូរ​ ការីម៉ា​ ជា​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​ ដែល​​បង​ប្រុស​ និង​តា​យាយ​របស់​នាង​ បាន​ស្លាប់​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ភូមិ​តូឡាំ ​កាល​ពី​ខែ​សីហា​ ឆ្នាំ ​២០១៧ ​បាន​និយាយ​ថា​៖ «​ខ្ញុំ​សូម​ទាមទារ​ឲ្យ​ពិភព​លោក​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ​​»​៕ AFP/SK