
ក្រុងដាម៉ាសៈ ប្រធានាធិបតី ស៊ីរីលោកបាសារ អាល់-អាសាដ បានរុះរើគណៈរដ្ឋមន្រ្តីរបស់លោកកាលពីថ្ងៃសៅរ៍ ខណៈយន្តហោះចម្បាំងរបស់របបនេះ បានវាយឆ្មក់តំបន់ឧទ្ទាមជាច្រើនក្នុងការប៉ុនប៉ងមួយដើម្បីបញ្ចប់ភាពទាល់ច្រកនៅក្នុងសង្គ្រាមស៊ីវិលសម្លាប់មនុស្សនៅស៊ីរី ហើយក្តីសង្ឃឹមសម្រាប់ដំណោះ ស្រាយនយោបាយមួយ ទំនងជានឹងបរាជ័យ។
ស៊ីរី ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅដែលពុំធ្លាប់មានពីមុនមក ដោយសារតែអំពើហិង្សាញាំញីប្រទេសនេះជិតពីរឆ្នាំ ហើយការរុះរើរបស់រដ្ឋាភិបាលចុងក្រោយបំផុតនេះ បានផ្តោតលើតំណែងហិរញ្ញវត្ថុ និងសង្គមកិច្ច។
ធនាគារពិភពលោកបាននិយាយ ថា ផលទុនជាតិសរុបរបស់ប្រទេសនេះ បានធ្លាក់ចុះ២០ភាគរយ ហើយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អ.ស.ប.ផ្នែកអាស៊ីខាងលិច (ESCWA) បានប្រកាសពីអត្រាគ្មានការងារធ្វើមាន៣៧ភាគរយ ហើយអាចនឹងឡើងដល់៥០ភាគរយនៅចុងឆ្នាំ២០១៣។
ទីភ្នាក់ងារព័ត៌មាន សាណា បានរាយការណ៍ថា លោក អាសាដ បានផ្លាស់ប្តូររដ្ឋមន្រ្តី៧រូប។
លោក បានបំបែកក្រសួងការងារ និងសង្គមកិច្ចជាពីរ ដោយដាក់ស្ត្រីម្នាក់ លោកស្រីឃីនដា ស្មាត ជារដ្ឋមន្រ្តីសង្គមកិច្ច។ លោក ហាស្សាន់ ហ៊ី ចាហ្ស៊ី បានក្លាយជារដ្ឋមន្រ្តីក្រសួងការងារ។
លោក អ៊ីស្មែល អីុស្មែល ទទួល បានតំណែងក្រសួងហិរញ្ញវត្ថុ ហើយ លោក ស្មលៃម៉ាន់ អាប់បះ កាន់ការងារធនធានប្រេង និងរ៉ែ។ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងជនបទ ក្រសួងកសិកម្ម និងសាធារណ-ការ ក៏ត្រូវបានផ្លាស់ប្តូរដែរ។
លោកអាសាដ បានរុះរើរដ្ឋាភិបាលជាច្រើនលើកមកហើយ ចាប់តាំងពីការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់លោក បានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០១១ និងថ្មីៗបំផុតនេះក្នុងខែសីហាឆ្នាំ២០១២បន្ទាប់ពីការផ្តាច់ខ្លួនរបស់អតីតរដ្ឋមន្រ្តីលោក រីយ៉ាដ ហ៊ីចាប។
រាល់កិច្ចប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះ ដែលអ.ស.ប. និយាយថា បានសម្លាប់មនុស្សជាង៦ម៉ឺននាក់ ស្រាប់តែជាប់គាំងកាលពីថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលក្រុង ដាម៉ាសផ្តល់ការចរចា ដោយគ្មានលក្ខខណ្ឌជាមុន។ក្រុមប្រឆាំង បានទាមទារឲ្យកិច្ចចរចាផ្តោតលើ ការលាលែងរបស់លោក អាសាដ។
រដ្ឋមន្រ្តីព័ត៌មានលោក Omran al-Zohbi បាននិយាយកាលពីថ្ងៃសុក្រថា របបនេះត្រៀមខ្លួនចរចាជាមួយក្រុមសត្រូវនយោបាយ លុះត្រាតែគ្មានលក្ខខណ្ឌជាមុន។
លោក បានបញ្ជាក់ថា៖«ទ្វារបើកចំហ តុចរចាគឺនៅទីនោះ ស្វាគមន៍ដល់រាល់ពលរដ្ឋស៊ីរីដែលចង់ចរចាជាមួយនឹងយើង។ នៅពេលដែលអ្នកនិយាយដល់កិច្ចចរចា វាមានន័យថា ជាកិច្ចចរចាគ្មានលក្ខខណ្ឌ ដែលមិនដកនរណាម្នាក់ចេញ។ប្រាកដជាគ្មានលក្ខខណ្ឌមុនទេ»។
ក្រុមសម្ព័ន្ធជាតិស៊ីរីដែលជាក្រុមប្រឆាំង បាននិយាយពីថ្ងៃទី១ កុម្ភៈ ថា កិច្ចចរចាណាមួយត្រូវតែនិយាយអំពីការចាកចេញរបស់របបលោក អាសាដ៕ AFP/NR