លោក​ឧត្ដមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ​អគ្គមេបញ្ជាការ​កងយោធា​មីយ៉ាន់ម៉ា​បាន​លេចចេញ​ជា​មេដឹកនាំ​ប្រទេស​ថ្មី​ បន្ទាប់ពី​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោកស្រី​ អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃ​ចន្ទ​ទី​ ១ កុម្ភៈ​។ គិត​ចាប់ពី​ឆ្នាំ​ ១៩៤៨ មកនេះ​ជា​រដ្ឋប្រហារ​ដឹកនាំ​ដោយ​ក្រុម​យោធា​លើក​ទី​ ៣ ​បន្ទាប់ពី​មីយ៉ាន់ម៉ា​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​។

មានកំណើត​នៅ​ទីក្រុង Tavoy ដែល​ឥឡូវនេះ​មាន​ឈ្មោះថា​ Dawei លោក Min Aung Hlaing បច្ចុប្បន្ន​មាន​អាយុ ៦៤ ​ឆ្នាំ​បាន​ចាប់ផ្ដើម​អាជីព​ក្នុង​កង​យោធា នៅពេល​ដែល​លោក​ចូល​សិក្សា​នៅ​បណ្ឌិត្យសភា​សេវា​ការពារជាតិ​នៅ​ឆ្នាំ​ ១៩៧៤ បន្ទាប់ពី​បោះបង់​ការសិក្សា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ទីក្រុង​យុំាងហ្គោន​។

ទាហាន​ថ្មើរជើង​រូបនេះ​បាន​ទទួល​ការដំឡើងឋានៈ​ជាប្រចាំ និង​ឡើង​ខ្សែចង្វាក់​បញ្ជាការ​ដែល​ក្នុងអំឡុង​ពេលនោះ​លោក​បាន​ស្ថិតក្រោម​បញ្ជា​របស់​អនាគត​អគ្គមេបញ្ជាការ​កងយោធា​មីយ៉ាន់ម៉ា​លោក Than Shwe ដែល​បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​ ១៩៩២​។

នៅ​ឆ្នាំ​ ២០០៩ លោក​ Min Aung Hlaing បាន​ក្លាយជា​មេបញ្ជាការ​ការិយាល័យ​ប្រតិបត្តិការ​ពិសេស ២​។ នៅក្នុង​តួនាទី​នេះ លោក​បាន​ដឹកនាំ​ប្រតិបត្តិការ​នៅ​ប៉ែក​ពាយព្យ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​បណ្ដាល​ឱ្យ​ជនជាតិភាគតិច​រាប់ពាន់​នាក់​ភៀសខ្លួន​ចេញពី​ខេត្ត​ភាគ​ឦសាន ភាគ​ខាងកើត​ និង​តំបន់​កូកាង​នៅតាម​ព្រំដែន​ចិន​។

ទោះបីជា​មាន​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម ការរំលោភ​សេពសន្ថវៈ និង​ការដុត​នានា​ក្ដី លោក Min Aung Hlaing នៅ​បន្ត​ឡើង​ឋានៈ​ដោយនៅ​ខែសីហា ឆ្នាំ​ ២០១០ លោក​បាន​ក្លាយជា​នាយសេនាធិការ​រួម​នៃ​កង​យោធា​មីយ៉ាន់ម៉ា​។

តិចជាង​មួយឆ្នាំ​ក្រោយមក​ឧត្ដមសេនីយ៍​ Than Shwe បាន​លាលែង​ពី​តំណែង​នៅ​ឆ្នាំ​ ២០១១ ​ហើយ​ចាប់ផ្ដើម​កែទម្រង់​ប្រទេស​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ដោយ​តែងតាំង​លោក Min Aung Hlaing ជា​អ្នក​ស្នង​តំណែង​របស់លោក​។

លោក Min Aung Hlaing បាន​ចរចា​ជាមួយ​លោកស្រី​ អ៊ុងសាន ស៊ូជី ដើម្បី​រៀបចំ​ដំណើរ​ប្រទេស​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​។ លោក​បាន​ធានា​ឱ្យ​យោធា​កាន់កាប់​អាសនៈ ២៥% ​ក្នុង​សភា និង​តំណែង​រដ្ឋាភិបាល​សំខាន់ៗ​ទាក់ទង​ជាមួយ​សន្តិសុខ​ជាតិ ហើយ​ទប់ទល់​នឹង​ការព្យាយាម​របស់​បក្ស NLD ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​កាត់បន្ថយ​អំណាច​យោធា​។

ក្នុងការ​បោះឆ្នោត​ឆ្នាំ​ ២០១៥ គណបក្ស NLD បានទទួល​ជ័យជម្នះ​អាសនៈ​ភាគច្រើន​ក្នុង​សភា ដែល​លោក Min Aung Hlaing គឺ​ហាក់ដូចជា​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្ដូរ​នេះ ដោយ​ធ្វើការ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​សាធារណៈ​ជាមួយ​លោកស្រី​ អ៊ុងសាន ស៊ូជី​។

នៅ​ឆ្នាំ​ ២០១៦ និង​ឆ្នាំ ២០១៧ យោធា​បាន​បង្កើន​ការបង្ក្រាប​ទៅលើ​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាងជើង​ប្រទេស​ដែល​នាំឱ្យ​មាន​ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា ជាច្រើន​ភៀសខ្លួន​ចេញពី​ប្រទេស​មីយ៉ាន់ម៉ា​។

ប្រទេស​លោកខាងលិច​មួយ​ចំនួន​បាន​ថ្កោលទោស​ការបង្ក្រាប​នេះ​ថា​ជាការ​ «​ប្រល័យ​ពូជសាសន៍​»​។ នៅ​ឆ្នាំ​ ២០១៩ សហរដ្ឋអាមេរិក​បាន​បានដាក់​ទណ្ឌកម្ម​លើ​លោក Min Aung Hlaing និង​មន្ត្រី​យោធា ៣ រូប​ផ្សេងទៀត​។

អគ្គមេបញ្ជាការ រូបនេះ​ដើមឡើយ​គឺ​ត្រូវ​ចូល​និវត្ត​នៅ​ខែកក្កដា​ខាងមុខនេះ នៅពេល​លោក​មាន​អាយុ ៦៥ ឆ្នាំ​ដែលជា​អាយុ​ចូលនិវត្តន៍​ជា​ផ្លូវការ​សម្រាប់​អគ្គមេបញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់អាវុធ​ប្រទេស​នេះ​។ តែ​ដោយ​ផ្អែកលើ​ការចោទប្រកាន់ថា​មាន​ក្លែងបន្លំ​ការបោះឆ្នោត​ខែវិច្ឆិកា ២០២០ លោក​បានធ្វើ​រដ្ឋប្រហារ​ផ្ដួល​រលំ​រដ្ឋាភិបាល​ស៊ីវិល ហើយ​បន្តអំណាច​របស់លោក​។

យ៉ាងណាមិញ​ប្រទេស​មីយ៉ាន់ម៉ា​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​យោធា​ដោយផ្ទាល់​អស់​រយៈពេល​ជិត​ ៥០ ឆ្នាំ​មកហើយ​តាំងពី​រដ្ឋប្រហារ​ឆ្នាំ ១៩៦២ មក​ម្ល៉េះ​។ ការបះបោរ​មួយ​នៅ​ឆ្នាំ ១៩៨៨ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យោធា​រៀបចំ​ការបោះឆ្នោត​ជា​លើកដំបូង​នៅ​ឆ្នាំ​ ១៩៩០ ដែល​ការបោះឆ្នោត​នេះ​ត្រូវ​បានឈ្នះ​ដោយ​គណបក្ស NLD ប៉ុន្តែ​សមាជិកសភា​ជាប់ឆ្នោត​ដែល​រួមមាន លោកស្រី​ អ៊ុងសាន ស៊ូជី ត្រូវបាន​ចាប់ខ្លួន​ទាំងអស់​មុន​ពួកគេ​ចូលកាន់​អំណាច​។ នៅ​ឆ្នាំ​បន្ទាប់​លោកស្រី​ អ៊ុងសាន ស៊ូជី ​បាន​ឈ្នះ​ពាន់រង្វាន់​ណូបែល​សន្តិភាព ខណៈ​ពេល​ដែល​លោកស្រី​ជាប់ឃុំ​នៅ​គេហដ្ឋាន​៕