ក្រុង​សេ​អ៊ូលៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​នេះ ​បាន​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​​មេ​ដឹកនាំ​កូរ៉េ​ខាង​​ជើង ​លោក គីម ​ជុងអ៊ុន ​បាន​ទទួល​លិខិត​ផ្ទាល់ ​១ ​ច្បាប់ ​ដែល​មាន​អត្ថន័យ​​ល្អ​ប្រសើរ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ​ស្រប​ពេល​​មាន​ភាព​ជាប់​គាំង​បញ្ហា​នុយក្លេអ៊ែរ​រវាង​ក្រុង​ព្យុងយ៉ាង​ និង​ក្រុង​វ៉ាស៊ីនតោន​។ ​​

ការ​​ចរចា​ បាន​ជាប់​គាំង​ ចាប់​តាំង​ពី​ការ​បរាជ័យ​នៃ​ជំនួប​ទី២​រវាង​លោក ​គីម​ ជុងអ៊ុន​ និង​លោក ​ត្រាំ ​នៅ​ក្នុង​ក្រុង​ហាណូយ​កាល​ពី​ខែ​កុម្ភៈ ​ក្រោយ​ពី​មេ​ដឹកនាំ​ទាំង ​២​ បរាជ័យ​មិន​បាន​ឯកភាព​ទៅ​លើ​អ្វី​ដែល​កូរ៉េខាង​ជើង​នឹង​មាន​បំណង​បោះបង់​ចោល​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​កាត់​បន្ថយ​ទណ្ឌកម្ម​នោះ​។​​

ភាគី​ទាំង ​២ ​បាន​ស្តី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំ​ពោះ​ការ​បរាជ័យ​នៃ​ជំនួប​នោះ​ ប៉ុន្តែ​មេ​ដឹកនាំ​ទាំង ​២​ ក៏​បាន​បង្ហាញ​ពី​ឆន្ទៈ​ជួប​គ្នា​ជា​ថ្មី​ ដោយ​លោក ត្រាំ ​បាន​និយាយ​នៅ​ដើម​ខែ​នេះ​ថា​ លោក​បាន​​ទទួល​លិខិត​ដ៏​ស្រស់​ស្អាត​មួយ​ច្បាប់​ពី​លោក ​គីម​ ជុងអ៊ុន។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ទីភ្នាក់ងារ​​ព័ត៌មាន​​មជ្ឈិម​របស់​កូរ៉េ​ខាង​ជើង (​ KCNA) ​បាន​រាយការណ៍​ថា ​ត្រាំ ​បាន​សរសេរ​ទៅ​កាន់​លោក​ គីម​ ជុងអ៊ុន​ ដែល​បាន​និយាយ​ដោយ​ការ​ពេញ​ចិត្ត​ថា​លិខិត​នោះ​មាន​អត្ថន័យ​យ៉ាង​ល្អ​ប្រសើរ។

ទីភ្នាក់ងារ​​ព័ត៌មាន KCNA ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​ដោយ​បាន​សរសើរ​ដល់​មហាវិទ្យាល័យ​ដែល​បាន​វិនិច្ឆ័យ​នយោបាយ ​និង​ការ​លើក​ចិត្ត​ពិសេស​ពី​លោក​ប្រធានាធិបតី ដូណាល់ ​ត្រាំ លោក​ដឹកនាំ​កូរ៉េ​ខាង​ជើង ​គីម​ ជុងអ៊ុន បាន​ថ្លែង​ថា លោក​នឹង​ពិចារណា​អត្ថន័យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ហ្មត់ចត់​បំផុត​»។

របាយការណ៍​នោះ ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​លិខិត​នោះ​ឬ ​ពេល​ណា​លិខិត​នោះ​ត្រូវ​បាន​ផ្ញើ ​និង​ទទួល​បាន​នោះ​ទេ៕ AFP/PSA​