ក្រុងវ៉ាស៊ីនតោន៖ ប្រមុខកងទ័ពជើងទឹកអាមេរិកកាលពីថ្ងៃអាទិត្យ បានរិះគន់លោក ដូណាល់ ត្រាំ ក្រោយពីលោកត្រូវបានបណ្តេញចេញពីតំណែងនៅកងកុម្ម៉ង់ដូពិសេស (SEAL) ដែលការដកតំណែងរបស់លោកបណ្តាលមកពីការប្រព្រឹត្តមិនត្រឹមត្រូវនោះ ត្រូវបានលោកប្រធានាធិបតីបដិសេធ។
លោក រីឆាដ ស្ពែនសឺរ ត្រូវបានបណ្តេញពីតំណែងរដ្ឋមន្ត្រីកងទ័ពជើងទឹក ជាករណីមួយដែលនាំឲ្យមានរបាយការណ៍ជាច្រើនថា មេដឹកនាំយោធាអាមេរិករូបនេះ ខឹងយ៉ាងខ្លាំងដោយសារការជ្រៀតជ្រែករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងបញ្ហាវិន័យជាច្រើនករណី។
នៅក្នុងលិខិតគួរឲ្យឈឺចាប់មួយច្បាប់ ដែលត្រូវបានបោះពុម្ពផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ស្ពែនសឺរ បានថ្លែងថា៖ «ខ្ញុំលែងចែករំលែកការយល់ដឹងអំពីគោលការណ៍សំខាន់ៗនៃបញ្ជា និងវិន័យល្អជាមួយលោកអគ្គមេបញ្ជាការ ដែលបានតែងតាំងខ្ញុំនោះ តទៅទៀតហើយ»។
«ខ្ញុំសូមទទួលស្គាល់ ការបញ្ចប់តំណែងជារដ្ឋមន្ត្រីកងទ័ពជើងទឹក»។
ជម្លោះនោះផ្តោតទៅលើជោគវាសនារបស់លោក Edward Gallagherនៃកងកុម្ម៉ង់ដូ SEAL ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងសំណុំរឿងមួយដែលត្រូវបានគេដឹងឮជាទូទៅ ប៉ុន្តែត្រូវបានរកឃើញមានទោសឧក្រិដ្ឋកម្រិតស្រាល។
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា លោក ដូណាល់ ត្រាំ ជាអគ្គមេបញ្ជាការយោធាអាមេរិក បានទាត់ចោលការកាត់បន្ថយស័ក្តិ ដែលត្រូវបានគេប្រគល់ឲ្យទៅលោក Edward Gallagher នោះ។
លោក ត្រាំ បានថ្លែងនៅលើគេហទំព័រធ្វីធើរ កាលពីថ្ងៃអាទិត្យថា លោក Gallagher ត្រូវបានកងទ័ពជើងទឹកធ្វើបាបយ៉ាងអាក្រក់ និងថា លោក ស្ពែនសឺរ ត្រូវបានស្នើឲ្យចុះចេញពីតំណែងជុំវិញបញ្ហានោះ និងការចោទប្រកាន់ចំពោះការខកខានមិនបានដោះស្រាយបញ្ហាការចំណាយថវិកាហួសប្រមាណនោះ។
លោកប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងថា លោកនឹងមិនត្រូវបានបណ្តេញចេញពីកងកុម៉្មង់ដូពិសេស SEAL (ផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក) នោះទេ។
លោក ត្រាំ បានថ្លែងនៅលើធ្វីធើរថា៖ «លោក Eddie នឹងចូលនិវត្តន៍ដោយស្ងប់ចិត្តជាមួយនឹងកិត្តិយស ដែលបានទទួលនោះ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ បានថ្លែងថា លោក ម៉ាក អេស្ពឺរ បានស្នើឲ្យលោក ស្ពែនសឺរ លាលែងពីតំណែង ក្រោយពីបាត់បង់ការជឿទុកចិត្ត និងទំនុកចិត្តលើរូបគាត់ទាក់ទងនឹងការខ្វះភាពស្មោះត្រង់ក្នុងការសន្ទនាជាមួយសេតវិមាន៕ AFP/PSA