ក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឲ្យមានការរិះគន់ដោយកំហឹងចេញពីសហគមន៍គ្រូពេទ្យកាលពីថ្ងៃអាទិត្យ ដោយសារការចេញទៅស្វាគមន៍ក្រុមអ្នកគាំទ្ររបស់លោកនៅខាងក្រៅមន្ទីរពេទ្យ ជាទីដែលលោកកំពុងត្រូវបានព្យាបាលវីរុសផ្លូវដង្ហើមកូរ៉ូណាឆ្លងយ៉ាងធ្ងន់ធ្ងរនោះ។
លោកបានពាក់ម៉ាស់មុខ ខណៈដែលលោកគ្រវីដៃចេញពីក្នុងរថយន្តបាឡាំងដាសរបស់លោក នៅក្នុងអំឡុងពេលធ្វើដំណើររយៈពេលខ្លីនៅខាងក្រៅមជ្ឈមណ្ឌលសុខភាពយោធា Walter Reed នៅក្បែរក្រុងវ៉ាស៊ីនតោន ដែលបានបង្ហាញមុខ ដើម្បីរៀបរាប់អំពីសុខភាពរបស់លោក ដែលកំពុងល្អប្រសើរឡើង ក្រោយពីមានសារពីក្រុមគ្រូពេទ្យនៅចុងសប្តាហ៍នោះ។
ការធ្វើដំណើរចេញក្រៅដោយរថយន្តប្រណីតនៅនាទីចុងក្រោយ បានកើតឡើងស្របពេលជាមួយក្រុមគ្រូពេទ្យរបស់លោក ត្រាំ បានសម្តែងការសប្បាយចិត្តចំពោះការរីកចម្រើន ដោយបានបញ្ជាក់អំពីលទ្ធភាពនៃការចេញពីមន្ទីរពេទ្យនៅពីថ្ងៃចន្ទ។
ប៉ុន្តែក្រុមអ្នកជំនាញបានពន្យល់ថា ការចេញក្រៅមន្ទីរពេទ្យនោះ បានបំពានគោលការណ៍សុខភាពសាធារណៈរបស់រដ្ឋាភិបាលលោក ដែលតម្រូវឲ្យអ្នកជំងឺនៅដាច់ដោយឡែកពីគេ ខណៈពួកគេកំពុងត្រូវបានព្យាបាល និងរហូតដល់ជាសះស្បើយពីវីរុស និងធ្វើការការពារសេវាសម្ងាត់របស់លោកនោះ។
លោក ត្រាំ ដែលត្រូវបានគេស្តីបន្ទោសម្តងហើយម្តងទៀតចំពោះការបំពានគោលការណ៍ណែនាំសុខភាពសាធារណៈម្តងហើយម្តងទៀត និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺរាតត្បាតកូវីដ ១៩ នេះបានថ្លែងនៅក្នុងវីដេអូមួយដែលត្រូវបានគេបង្ហោះលើធ្វីធើរនៅមុននឹងការបង្ហាញខ្លួនថា លោកបានដឹងអំពីជំងឺកូវីដ ១៩ តាមរយៈការទៅសាលា ខណៈលោកបានប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
ប៉ុន្តែក្រុមអ្នកជំនាញសុខភាពបានលើកឡើងតាមរលកធាតុអាកាស និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីរិះគន់ព័ត៌មាននោះ ដែលពួកគេបាននិយាយថា លោក ត្រាំ មិនបានដឹងអ្វីទាល់តែសោះ។
លោក James Phillips ប្រធានផ្នែកឱសថនៅសាកលវិទ្យាល័យ George Washington បានថ្លែងថា មនុស្សគ្រប់រូបជិះក្នុងរថយន្តរបស់ ត្រាំ ត្រូវដាក់ឲ្យនៅដាច់ឡែករយៈពេល ១៤ ថ្ងៃ៕ AFP/PSA