ក្រោយ​របូត​តំណែង​ប្រធានាធិបតី​នៅ​អាណត្តិ​ក្រោយ ​អ្វី​ដែល​គេ​កំពុង​ចង់​ដឹង ​និង​ទស្សន៍ទាយ​បំផុត​នោះ ​គឺ​វាសនា​របស់​លោក​ប្រធានាធិបតី ​Donald Trump​ ក្រោយ​ពេល​ចាញ់​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី ​៣ ​ខែ​វិច្ឆិកា។ ​តើ​នៅ​ពេល​ធ្លាក់​ខ្លួន​ជា​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​អាច​នឹង​រង​ការ​ចោទ​ប្រកាន់​ ឬ​អាច​ទទួល​ទោស​​ជាប់​ពន្ធនាគារ​ដែ​រឬទេ?

ពិបាក​គិត​ដល់​ និង​ពិបាក​សន្និដ្ឋាន​ណាស់ ​ព្រោះ​ថា​មិន​ធ្លាប់​មាន​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ណា​ម្នាក់​ជាប់​ពន្ធនាគារ​ទេ ប៉ុន្តែ​យ៉ាង​ណា​មិញ​ក៏​មិន​មែន​មាន​ន័យ​​ថា​ ប្រធានាធិបតី​ទាំង​អស់​សុទ្ធ​តែ​បាន​គោរព​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន​នោះ​ដែរ ​ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​អតីត​ប្រធានាធិបតី​មួយ​ចំនួន​តូច​ បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​ច្រើន​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ខ្លួន។

តាម​ធម្មតា​ប្រធានាធិបតី​បាន​ទទួល​បុព្វសិទ្ធិ​ជា​ច្រើន​ក្រោយ​ពេល​ចប់​ការងារ។​ ជា​ឧទាហរណ៍​អតីត​ប្រធានាធិបតី ​Richard Nixon ​ទទួល​បាន​ការ​ការពារ​ផ្នែក​នយោបាយ​ពី​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ​គឺ​លោក Gerald Ford តាមរយៈ​ការ​លើកលែង​ទោស​ឱ្យ​លោក ​Richard Nixon ​សម្រាប់​រឿង​រ៉ាវ​ទាំង​ឡាយ​ ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​ពេល​កាន់​តំណែង​។

ងាក​ទៅ​លោក​អតីត​ប្រធានាធិបតី​ George W. Bush វិញ​ ក្នុង​ពេល​កាន់​តំណែង​បាន​បើក​ប្រតិបត្តិការ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ីរ៉ាក់។

ការ​ឈ្លាន​ពាន​នោះ ​ត្រូវ​បាន​តុលាការ​ទីក្រុង Nuremberg ហៅ​ថា «ឧក្រិដ្ឋកម្ម​អន្តរជាតិ​ខ្ពស់​បំផុត» ប៉ុន្តែ​លោក​នៅ​តែ​រួច​ខ្លួន​ពី​ការ​កាត់​ទោស ​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​អំណាច​របស់​សហរដ្ឋ​អាមេរិក​បាន​ឯកភាព​ថា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ធ្វើ​បែប​នោះ។​

ហេតុ​ផល​រួច​ខ្លួន​មួយ​ទៀត​សម្រាប់​អតីត​ប្រធានាធិបតី ​គឺ​តាមរយៈ​អ្នក​គាំទ្រ​ដូច្នេះ​អ្វី​ដែល​ប្រធានាធិបតី​បាន​ធ្វើ​សម្រាប់​ក្រុម​គាំទ្រ​នោះ​នឹង​ក្លាយ​ជា​កម្លាំង​ប្រឆាំង​នឹង​រាល់​ផល​វិបាក​នានា ដែល​អតីត​ប្រធានាធិបតី​អាច​ប្រឈម​ដោយសារ​តែ​កត្តា​មិត្តភាព ​និង​សាមគ្គីភាព។

បច្ចុប្បន្ន​លោក Trump​ ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​សហព័ន្ធ​ពី​ការ​ចោទ​ប្រកាន់​នានា ​ព្រោះ​លោក​គឺ​ជា​ប្រធានាធិបតី។​ រាប់​ទសវត្សរ៍​មក​ហើយ​ក្រសួង​យុត្តិធម៌​អាមេរិក​ បាន​កំណត់​ថា គេ​មិន​អាច​ចោទ​ប្រកាន់​ប្រធានាធិបតី​ក្នុង​តំណែង​បាន​ទេ។ ​អតីត​ទីប្រឹក្សា​ពិសេស​លោក ​Robert Muller ​បាន​ឯកភាព​ និង​ពន្យល់​ថា ​គ្មាន​លទ្ធភាព​ក្នុង​ការ​ចោទ​ប្រកាន់​លោក Trump ទេ ​ព្រោះ​វា​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ ​ហើយ​បើ​ទោះ​ជា​មាន​ក៏​លោក ​William ​Barr ​អគ្គ​រដ្ឋ​អាជ្ញា​អាមេរិក ​និង​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់​ចំពោះ​លោក ​ត្រាំ ​នឹង​គ្មាន​ថ្ងៃ​ធ្វើ​អ្វី​ចំពោះ​មេ​របស់​គាត់ (លោក Trump) ឡើយ។

យ៉ាង​ណា​ក៏​ដោយ​ ចំពោះ​លោក ​Trump​ អាច​នឹង​ងាយ​រង​ការ​ចោទ​ប្រកាន់​ជាង​ប្រធានាធិបតី​ដទៃ​ពី​ព្រោះ​គាត់​​​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​ធំៗ​ជា​ច្រើន​ខុស​ពី​ធម្មតា​ក្នុង​ពេល​មាន​ឋានៈ​​ជា​ប្រធានាធិបតី។ ​យោង​តាម​សាលដីកា​តុលាការ​កំពូល​លោក Trump​ អាច​នឹង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​ច្បាប់​រដ្ឋ​ពេល​កាន់​តំណែង។

ក្រៅ​ពី​នេះ​ លោក​អាច​នឹង​ប្រឈម៖ ១- ការ​គេច​ពន្ធ​៖ លោក Trump បាន​ធ្វើ​រឿង​ជា​ច្រើន​ ដើម្បី​ចៀស​វាង​ការ​ប្រកាស​ពន្ធ។ ​លោក​ក៏​បាន​ប្រកាស​ដែរ​ថា​ ការ​ស៊ើប​អង្កេត​ណា​មួយ​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​លោក​ធ្វើ​ឡើង​ដោយ​លោក ​Mueller​ គឺ​ជា​រឿង​ដើរ​ហួស​បន្ទាត់​ក្រហម។ ​ជា​ការ​កត់​សម្គាល់​ការ​គេច​ពន្ធ​ក៏​ដូច​ជា​ប្រពៃណី​របស់​ក្រុម​គ្រួសារ​លោក​ Trump ​ទៅ​ហើយ​។

ក្រុម​គ្រួសារ​លោក​បាន​បង្កើត​ក្រុមហ៊ុន​មួយ​នៅ​ឆ្នាំ ​១៩៩២ ដែល​មាន​លោក Trump សាច់​ញាតិ​ និង​បងប្អូន​ជីដូន​មួយ​ជា​ម្ចាស់​ក្រុមហ៊ុន​ហើយ​ពួក​គេ​ហាក់​ដូច​ជា​គ្មាន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​លួច​បង្វែរ​លុយ​ចេញ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​លោក ​Fred Trump ​ដែល​ជា​ឪពុក​លោក ​Trump បញ្ជូន​ទៅ​ក្រុមហ៊ុន​នេះ​តែ​ប៉ុណ្ណោះ។ ​

ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក Fred Trump អាច​ផ្តល់​អំណោយ​ជា​លុយ​រាប់​សិប​លាន​ដុល្លារ​ទៅ​ឱ្យ​កូនៗ​របស់​គាត់​ដោយ​មិន​ចាំបាច់​បង់​ពន្ធ។ ​ជាមួយ​គ្នា​នេះ សារព័ត៌មាន​ New York Times ​បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​លោក ​Trump​ បាន​ចំណាយ​ ៧៤៧ ៦២២ ដុល្លារ ​លើ​សេវា​ពិគ្រោះ​យោបល់​សម្រាប់​គម្រោង​សណ្ឋាគារ​នៅ​ទី​ក្រុង Vancouver និង Hawaii។

ក្រុមហ៊ុន​ប្រឹក្សា​យោបល់​នេះ​មាន​លោកស្រី ​Ivanka Trump ​ជា​សហកម្ម​សិទ្ធិក​ទាំង​ដែល​លោកស្រី ​គឺ​ជា​បុគ្គលិក​ក្រុមហ៊ុន​របស់​លោក ​Trump។ ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ទៀត​ ត្រូវ​បាន​ផ្ទេរ​ចេញ​ទៅ​បុគ្គល​នានា ​ក្រោម​រូបភាព​ទូទាត់​សេវា​ពិគ្រោះ​យោបល់។ ដូច្នេះ​បើ​លោក​ស្រី ​Ivanka​ និង​សាច់​ញាតិ​ពិត​ជា​អ្នក​ទទួល​បាន​ទឹក​ប្រាក់​នេះ​មែន​ច្បាស់​ណាស់​ថា​ នេះ​គឺ​ជា​អំពើ​គេច​ពន្ធ ព្រោះ​ថា ​ការ​ទទួល​ថ្លៃ​សេវា​ពិគ្រោះ​យោបល់​ពី​ក្រុមហ៊ុន​មួយ ​ទាំង​ដែល​យើង​ជា​បុគ្គលិក​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​នោះ គឺ​ជា​អំពើ​ល្មើស​ច្បាប់។

សារព័ត៌មាន​ The​ Times​ វិញ​ក៏​បាន​រក​ឃើញ​បទល្មើស​ព្រហ្មទណ្ឌ​ធំ​មួយ​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ​ក្រៅ​ក្រុង​ដែល​លោក​ Trump ​មាន​នៅ​ក្នុង​តំបន់ ​Westchester County ក្នុង​រដ្ឋ New York​ ផង​ដែរ​។ លោក Trump ​អះ​អាង​ថា​ នេះ​គឺ​ជា​ការ​វិនិយោគ​អចលនទ្រព្យ​មិនមែន​ជា​លំនៅឋាន​នោះ​ទេ​ ការ​ធ្វើ​បែប​នេះ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​គាត់​រួច​ផុត​ពី​ការ​បង់ពន្ធ​អចលនទ្រព្យ ​ក្រោម​រូបភាព​ជា​ការ​ចំណាយ​អាជីវកម្ម។ ការ​ស៊ើបអង្កេត​លម្អិត​ថ្នាក់​រដ្ឋ​ ឬ​រដ្ឋ​សហព័ន្ធ​អាច​នឹង​រក​ឃើញ​ការ​គេច​ពន្ធ​នេះ​ជា​ច្រើន​ករណី​ទៀត។

ហេតុ​នេះ​ហើយ​ បាន​ជា​លោក ​Michael Cohen ដែល​ជា​អតីត​អ្នក​ដោះ​ស្រាយ​បញ្ហា ​និង​ជា​អតីត​មេធាវី​របស់​លោក Trump ​ផ្ទាល់​និយាយ​ថា​លោក ​Trump​ អាច​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ក្នុង​តំណែង​ដំបូង​បង្អស់ ​ដែល​ដើរ​ចេញ​ពី​សេតវិមាន​ហើយ​ចូល​ពន្ធនាគារ​តែ​ម្តង​។

លោក Michael Cohen​ ត្រូវ​បាន ​FBI​ និង​រដ្ឋ​អាជ្ញា​ពិសេស​របស់​លោក ​Robert Mueller ​ចាប់​ខ្លួន​ ហើយ​បាន​សារភាព​ថា​ បាន​ប្រព្រឹត្ត​បទល្មើស​គេច​ពន្ធ​ជា​ច្រើន​ករណី​។​

២- ការ​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​ឃោសនា៖ ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​ឃោសនា​មាន​លក្ខណៈ​ស្មុគស្មាញ ​និង​ធ្វើ​ឱ្យ​ភាន់​ច្រឡំ។ ការ​ដែល​នាង ​Stormy Daniels ទទួល​បាន​ថវិកា​ចំនួន ​១៣ ​ម៉ឺន​ដុល្លារ ​អាច​ចាត់​ទុក​ថា​ ជា​វិភាគទាន​ចំពោះ​ការ​ឃោសនា​របស់​លោក ​Trump។

ប៉ុន្តែយោង​តាម​សាលដីកា​របស់​តុលាការ​កំពូល​វា​ក៏​ជា​រឿង​ស្រប​ច្បាប់​ដែរ ​ដែល​លោក Trump អាច​ផ្តល់​វិភាគទាន​ច្រើន​បែប​ណា​ក៏​បាន​តាម​ដែល​គាត់​ចង់ ​សម្រាប់​ការ​ឃោសនា​ដោយ​គ្រាន់​តែ​ដាក់​ថា​ជា​ចំណាយ​ទៅ​លើ​អាហារ​ហើយ​ផ្តល់​លុយ​នេះ​ទៅ​ឱ្យ​មេធាវី​នាង​ Daniels ​ដោយ​ផ្ទាល់ ហើយ​ប្រកាស​អំពី​គោល​បំណង​នៃ​ការ​ចំណាយ​នេះ​ទៅ​គណៈកម្មការ​រដ្ឋ​សហព័ន្ធ​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត។ បើ​ធ្វើ​បែប​នេះ​លោក​អាច​នឹង​រួច​ខ្លួន​បាន ដោយ​កំណត់​ថា​ជា​ការ​ចំណាយ​ស្រប​ច្បាប់។

ផ្ទុយ​ទៅ​វិញ​លោក ​Trump ​បាន​និយាយ​ថា​ លោក ​Michael Cohen ​គឺ​ជា​អ្នក​ធ្វើ​ទៅ​វិញ ដែល​តាម​ច្បាប់​លោក​ Cohen ​មិន​អាច​ផ្តល់​ថវិកា​លើស​ពី ៥ ៤០០ ​ដុល្លារ ទៅ​ឱ្យ​ការ​ឃោសនា​របស់​លោក Trump ​បាន​ទេ។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ ​គឺ​ជា​រឿង​ដែល​លោក Trump ​បាន​ផ្តល់​អំណោយ ​១០ ​លាន​ដុល្លារ ទៅ​ឱ្យ​ការ​ឃោសនា​របស់​គាត់​នៅ​ថ្ងៃ​ទី ២៨ ​ខែ តុលា ​ឆ្នាំ ​២០១៦ ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនា។ នៅ​ពេល​នោះ​លោក Trump មិន​សូវ​មាន​លុយ​ច្រើន​ទេ ​ដូច្នេះ​បើ​ការ​ចំណាយ​នេះ​មិន​ស្រប​ច្បាប់​វា​អាច​បង្កើត​ឱ្យ​មាន​បទល្មើស​ពាក់ព័ន្ធ​នឹង​វិភាគ​ទាន​ក្នុង​ការ​ឃោសនា។

យោង​តាម​របាយការណ៍​មួយ​របស់​សារព័ត៌មាន CNN ​លោក Mueller ​និង​មនុស្ស​មួយ​ចំនួន​នៅ​ក្រសួង​យុត្តិធម៌​បាន​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ថា ​តើ​ថវិកា ​១០ ​លាន​ដុល្លារ​នេះ ​ត្រូវ​បាន​ផ្តល់​ដោយ​ធនាគារ​អេហ្ស៊ីប ​ឬ​យ៉ាង​ណា? ប៉ុន្តែ​ការ​ស៊ើបអង្កេត​ត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ​ដោយ​គ្មាន​ដី​កា​បញ្ជា​ឱ្យ​លោក ​Trump​ ផ្តល់​កំណត់ត្រា​ហិរញ្ញវត្ថុ​ទេ។

៣- ការ​ក្លែង​បន្លំ​ផ្នែក​ធនាគារ​ និង​ធានា​រ៉ាប់រង៖ ​រដ្ឋ​អាជ្ញា​ប្រចាំ​តំបន់ Manhattan លោក Cyrus Vance Jr. កំពុង​ស៊ើប​អង្កេត​លើ «បទ​ល្មើស​ព្រហ្មទណ្ឌ​ដ៏​ធំ​សម្បើម ​និង​យូរ​អង្វែង​ប្រព្រឹត្ត​ដោយ​ក្រុម​របស់​លោក Donald Trump»។

លោក ​Vance ​កំពុង​តែ​ស៊ើប​អង្កេត​ថា​តើ​លោក Trump បាន​ផ្តល់​សេចក្តី​ថ្លែងការណ៍​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ធានា​រ៉ាប់រង ​និង​ធនាគារ​ដែរ​ឬ​ទេ ​ដើម្បី​ទទួល​បាន​អត្រា​ការ​ប្រាក់ ​និង​សេវា​ទាប​ក្នុង​ការ​ខ្ចី​ប្រាក់។ ក្នុង​កាលៈទេសៈ​មួយ​ចំនួន​ការ​ធ្វើ​បែប​នេះ ​គឺ​ជា​រឿង​ល្មើស​ច្បាប់។

៤- ការ​សូក​ប៉ាន់៖ ​ក្រៅ​ពី​ប្រទេស​អាមេរិក ​លោក Trump ​នៅ​មាន​ធុរកិច្ច​ជា​ច្រើន​ទៀត នៅ​ទូទាំង​ពិភព​លោក ដែល​អាច​ស្វែង​រក​ប្រាក់​ចំណេញ​ជាង​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ផង ហើយ​ការ​សូក​ប៉ាន់​ក្នុង​អាជីវកម្ម​ធុរកិច្ច គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​បើ​យោង​តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​សូកប៉ាន់​នៅ​បរទេស វា​គឺ​ជា​អំពើ​ល្មើស​ច្បាប់​ដែល​ពលរដ្ឋ​អាមេរិក​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់។

លោក Andrew Weissman​រដ្ឋ​អាជ្ញា​ជាន់​ខ្ពស់​របស់​លោក Mueller បាន​សរសេរ​ក្នុង​សៀវភៅ​មួយ​ថា ​ព្រោះ​តែ​ការ​ស៊ើប​អង្កេត​របស់​លោក Mueller មិន​ទៅ​មុខ ​ដូច្នេះ​យើង​មិន​ដឹង​ថា​ លោក​Trump ​បាន​សូក​ប៉ាន់​ឱ្យ​មន្ត្រី​បរទេស​ឬ​អត់​នោះ​ទេ ដើម្បី​បាន​សិទ្ធិ​ធ្វើ​ធុរកិច្ច​នានា​?

៥- មនុស្ស​ឃាត​ដោយ​ការ​ធ្វេស​ប្រហែស៖ លោក Glenn Kirchner អតីត​រដ្ឋ​អាជ្ញា​រដ្ឋ​សហព័ន្ធ​បាន​អះអាង​ថា លោក​ Trump អាច​និង​គួរ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត ​ដោយសារ​ធ្វេស​ប្រហែស​ចំពោះ​ការ​ដោះស្រាយ​វិបត្តិ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩។

ដ្បិត​ថា​ការ​ចោទ​ប្រកាន់​នេះ ​មិន​ត្រូវ​បាន​គេ​យល់​ស្រប​ទាំង​ស្រុង​ក៏​ដោយ ​ក៏​ប៉ុន្តែ​តាមរយៈ​លោក Kirschner ដែល​ជា​មនុស្ស​ម្នាក់​ដ៏​ហ្មត់​ចត់ ក្នុង​ការ​បំពេញ​ការងារ​នៅ​ស្ថាប័ន​អយ្យការ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាង ​២៤ ​ឆ្នាំ​មក​ហើយ​នោះ​អាច​នឹង​បន្ត​ការងារ​ចោទ​ប្រកាន់​នេះ​ឱ្យ​ជោគជ័យ ស្របពេល​ដែល​លោក​ទទួល​បាន​តួនាទី​ជា​ប្រធាន​ផ្នែក​មនុស្ស​ឃាត​ស្រាប់។

៦- រំខាន​ការងារ​តុលា​ការ​៖ ទោះ​ជា​លោក Mueller ​ជឿ​ថា ​លោក Trump មិន​អាច​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ក្នុង​ពេល​កំពុង​កាន់​តំណែង​តែ​របាយការណ៍​ចុង​ក្រោយ​របស់​លោក ​Mueller​ បាន​បញ្ជាក់​ថា ប្រធានាធិបតី​មិន​មាន​អភ័យ​ឯកសិទ្ធិ​ទេ ​ក្រោយ​ចាកចេញ​ពី​តំណែង។

អតីត​ទីប្រឹក្សា​ពិសេស​រូប​នេះ​បាន​ស៊ើប​អង្កេត​ និង​ចង​ក្រង​ភ័ស្តុង​តាង​ឯកសារ​ពាក់ព័ន្ធ​នានា ពី​ទោស​កំហុស​របស់​លោក Trump។ ​

ដូច្នេះ​ប្រសិន​របាយការណ៍​របស់​លោក ​Mueller ត្រូវ​​បាន​ចេញ​ផ្សាយ​អតីត​រដ្ឋ​អាជ្ញា​រដ្ឋ​សហព័ន្ធ​ជាង​ ១ ០០០ នាក់ ​បាន​និយាយ​ថា ​បើ​លោក ​Trump មិន​មែន​ជា​ប្រធានាធិបតី​ទេ​គេ​អាច​នឹង​ចោទ​ប្រកាន់​លោក​ពី​បទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី​ពាក់ព័ន្ធ​នឹង​ការ​​រំខាន​ការងារ​តុលាការ​បាត់​ទៅ​ហើយ។ គេ​ពិបាក​នឹង​ប៉ាន់​ស្មាន​ណាស់​ថា រដ្ឋបាល​ថ្មី​របស់​លោក ​JoeBiden នឹង​សម្រេច​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​ដែរ​ឬ​ទេ?​

ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១៩ ​លោកស្រី Kamala Harris ​បាន​និយាយ​ថា ប្រសិន​បើ​លោកស្រី​ក្លាយ​ជា​ប្រធានាធិបតី លោកស្រី​ជឿជាក់​ថា​ ក្រសួង​យុត្តិធម៌​ច្បាស់​ជា​គ្មាន​ជម្រើស​ទេ​ក្នុង​ការ​ចោទ​ប្រកាន់​លោក Trump ពី​បទ​រំខាន​ការងារ​តុលាការ។

ជាង​នេះ​ទៀត​ អ្នក​វិភាគ​បាន​និយាយ​ថា លោក Trump អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លូក​ដៃ​របស់​រុស្ស៊ី​ក្នុង​ការ​ដក​ហូត​ជំនួយ​យោធា​ខុស​ច្បាប់​នៅ​អ៊ុយក្រែន​ក្នុង​គោល​បំណង​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ស៊ើប​អង្កេត​គូ​ប្រជែង​នយោបាយ​របស់​លោក និង​ការ​ស្នើ​សុំ​ការ​បរិច្ចាគ​ដល់​ការ​ឃោសនា​ពី​បរទេស។​

គេហទំព័រ​ស៊ើប​អង្កេត The Intercept បាន​ឱ្យ​ដឹង​ថា ករណី​ដែល​លោក Trump បាន​ផ្តាច់​អន្តរកម្ម​របស់​​លោក​ជាមួយ​អ៊ុយក្រែន ​និង​ចិន​ អាច​ធ្វើ​ឱ្យ​លោក​ជាប់​ពន្ធនាគារ ​១០ ​ឆ្នាំ។

សរុប​ជា​រួម​មក​បើ​លោក Trump ​ចាញ់​ឆ្នោត​ហើយ​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី​របាំង​ការពារ​លោក​ភាគ​ច្រើន​នឹង​ត្រូវ​បាត់បង់។​ នៅ​ពេល​នោះ​លោក​អាច​នឹង​ជ្រើសរើស​យក​សិទ្ធិ​លើកលែង​ទោស​​ឱ្យ​ខ្លួន​ឯង​នៅ​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​នានា​ ដែល​គាត់​បាន​ប្រព្រឹត្ត​ ប៉ុន្តែ​គ្មាន​នរណា​មួយ​ដឹង​ឡើយ​ថា​ តើ​ប្រធានាធិបតី​អាច​ធ្វើ​បែប​នេះ​បាន​ឬ​អត់​? ពី​ព្រោះ​មិន​ធ្លាប់​មាន​ប្រធានាធិបតី​ធ្វើ​បែប​នេះ​ពី​មុន​ ហើយ​បើ​ធ្វើ​បាន​ក៏​បាន​តែ​ចំពោះ​ការ​បំពាន​ច្បាប់​រដ្ឋ​សហព័ន្ធ​តែ​ប៉ុណ្ណោះ៕

សុខ ស្រីលុច