ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្តេជ្ញា​​​ចេញ​​បញ្ជា​ឲ្យ​យោធា​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​ហិង្សា​កើត​ឡើង​ក្នុង​ជំនាន់​មួយ​​ដែល​កំពុង​រួបរឹត​​​​​អាមេរិក ​ដោយ​បាន​ថ្លែង​ថា​ លោក​កំពុង​បញ្ជូន​កង​​កម្លាំង​​​រាប់​ពាន់​នាក់​នៅ​តាម​ផ្លូវ​នានា​នៃ​រដ្ឋធានី​ និង​បាន​​ធ្វើ​ការ​គំរាម​ដាក់​ពង្រាយ​ទាហាន​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​ទៀត​ដែល​មិន​អាច​គ្រប់គ្រង​ឡើង​វិញ​​​នោះ​។​

ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​បាន​កើត​ឡើង ១ ​សប្តាហ៍​ ក្រោយ​ពី​មាន​ការ​ស្លាប់​លោក George ​Floyd ​នៅ​ក្នុង​ទីក្រុង​មីន​នៀ​ប៉ូលីស​ ជា​បុរស​ស្បែក​ខ្មៅ​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​ម្នាក់​ ដែល​បាន​ស្លាប់​នៅ​ពេល​មន្ត្រី​ប៉ូលិស​ស្បែក​ស​ម្នាក់​ បាន​យក​ជង្គង់​ទៅ​សង្កត់​នៅ​លើ​ ក ​របស់​លោក​ ដោយ​បាន​បង្ក​ឲ្យ​មាន​​ភាព​ចលាចល​ស៊ីវិល​យ៉ាង​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាន​​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ រដ្ឋ​ឡូសអេនជឺលេស ​និង​នៅ​តាម​ទីក្រុង​រាប់​សិប​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក​។​

ក្រោយ​ពី​ត្រូវ​បាន​រិះគន់​ជុំវិញ​ការ​នៅ​ស្ងៀម​ស្ងាត់​របស់​លោក​ ចំពោះ​វិបត្តិ​ដែល​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​នោះ​ លោក ដូណាល់​ ត្រាំ បាន​​ថ្លែង​​​ជា​​ការ​បង្ក​សង្គ្រាម​ នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​​ចេញ​ពី​សួន​ច្បារ​មួយ​នៃ​សេតវិមាន​ ខណៈ​ដែល​​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នៅ​ខាង​ក្រៅ​របង​។​

លោក​​ត្រាំ​ ដើរ​ជាមួយ​អគ្គ​​មេធាវី​អាមេរិក​លោក​​វី​លៀម បារ៍​(ឆ្វេង)​ ​​និង​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​​ ម៉ាក អេស្ពឺរ(កណ្តាល)។AFP

លោក ​ត្រាំ បាន​ថ្លែង​ថា៖ «ខ្ញុំ​កំពុង​បញ្ជូន​ទាហាន ​និង​តម្រួត​យោធា​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​ពាន់​នាក់​ និង​មន្ត្រី​អនុវត្ត​ច្បាប់​ជា​ច្រើន​ទៀត​ ដើម្បី​បញ្ឈប់​ការ​ធ្វើ​កុបកម្ម​ ការ​លួច ប្លន់​ ការ​មាន​ចរិត​បំផ្លាញ​ ការ​វាយ​ប្រហារ​ និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ​មិន​អាច​អត់​ឱន​ឲ្យ​បាន​ជា​ដាច់​ខាត​»​។​

លោក ​ត្រាំ​ បាន​រិះគន់​ទៅ​លើ​​ចលាចល​នៅ​ពេល​យប់​កាល​ពី​ពេល​កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា​ ជា​«​ការ​អាម៉ាស់​យ៉ាង​ខ្លាំង​» ​ហើយ​បាន​អំពាវនាវ​ឲ្យ​អភិបាល​រដ្ឋ​មួយ​ចំនួន​ «​គ្រប់គ្រង​ផ្លូវ​ទាំង​នោះ​»​។​

លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​ទីក្រុង​មួយ​ ឬ​រដ្ឋ​បាន​បដិសេធ​មិន​ចាត់​វិធានការ ​ដែល​ចាំបាច់​ដើម្បី​ការពារ​អាយុ​ជីវិត ​និង​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ពលរដ្ឋ​របស់​ពួក​គេ​ទេ​ បន្ទាប់​មក​ខ្ញុំ​នឹង​ដាក់​ពង្រាយ​យោធា​អាមេរិក​ ហើយ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​ជូន​ដល់​​ពួក​​គេ​» ​ដោយ​បាន​ប្រកាស ​«ចាត់​វិធាន​ការ​ទៅ​លើ​ក្រុម​ភេរវករ នៅ​ក្នុង​ប្រទេស​ទៀត​ផង​​»​។​

ទោះបី​ជា​វោហារ​សព្ទ​របស់​លោក ​ដូណាល់​ ត្រាំ​ បាន​ធ្វើ​ឡើង​ក្តី​ ក៏​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា​ ជា​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដោយ​សន្តិវិធី​នៅ​ក្នុង​ក្រុង​ធំ​ៗ​មួយ​ចំនួន​នៅ​អាមេរិក​ ​ហើយ​ការ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ​និង​រដ្ឋ​ឡូសអេនជឺ​លេស​​។​

ប៉ូលិសប​៉ះទង្គិច​ជា​មួយ​អ្នក​តវ៉ា​នៅក្រៅសេតវិមាន​កាលពីថ្ងៃទី​១​មិថុនា​​។ AFP

ទោះ​បីជា​​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​​ក្នុង​អំឡុង​សុន្ទរកថា​របស់​លោក​​ការ​អនុវត្ត​ច្បាប់​រួម​មាន​​តម្រួត​យោធា​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​សេតវិមាន​ ដូច្នេះ ​លោក​ ត្រាំ អាច​ដើរ​ឆ្លង​កាត់​ផ្លូវ​ទៅ​កាន់​វិហារ ​St Johns ​ដែល​មាន​អាយុ ​២ ​សតវត្សរ៍​​នោះ​។

លោក ត្រាំ ​បាន​ប្រកាស​ខណៈ​ដែល​​លោក​ឈរ​នៅ​មុខ​​បង្អួច​ព្រះវិហារ​ដោយ​កាន់​ព្រះគម្ពីរ ១ ​ក្បាល​ និង​ឈរ​ឲ្យ​គេ​ថត​រូប​ថា៖ «​យើង​មាន​ប្រទេស​មួយ​ដ៏​អស្ចារ្យ»។

បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោក ​ចូបៃ ដិន​បាន​ថ្លែង​នៅ​លើ​​ធ្វីធើរ​ថា៖ ​«គាត់​កំពុង​​ប្រើ​​យោធា​អាមេរិក​ប្រឆាំង​ប្រជាជន​អាមេរិក»។

លោក​ថ្លែង​ថា៖​ «គាត់​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ និង​បាញ់​គ្រាប់​កៅស៊ូ​។ ​ដើម្បី​រូបថត​មួយ​សន្លឹក​ដើម្បី​កូនៗ​របស់​យើង ​ដើម្បី​ប្រទេស​របស់​យើង ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​គាត់​បរាជ័យ​»។

សមាជិក​នៃ​ព្រះ​វិហារ​មួយ​នៅ​ក្រុង​វ៉ាស៊ីនតោន ​អ្នកស្រី Marian Budde បាន​ថ្លែង​ថា អ្នកស្រី​ខឹង​យ៉ាង​ខ្លាំង​នៅ​ពេល​ទៅ​លេង​ព្រះវិហារ ដែល​អ្នកស្រី​និយាយ​ថា ត្រាំ​ មិន​អនុញ្ញាត​ឲ្យ​ចូល​៕ AFP/SK