ក្រុងវ៉ាស៊ីនតោន៖​ លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ ​បាន​បង្ហោះ​វីដេអូ ​១ កាល​ពី​ថ្ងៃ​សៅរ៍​ ពី​មន្ទីរពេទ្យ​ជា​ទី​ដែល​លោក​កំពុង​ព្យាបាល​ជំងឺ​កូវីដ ​១៩​ ដោយ​បាន​ថ្លែង​ថា ​សុខភាព​របស់​លោក​បាន​ល្អ​ឡើង ​ហើយ​នឹង​ជា​​សះស្បើយ​នៅ​ពេល​ឆាប់ៗ​នេះ ​ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា ​ប៉ុន្មាន​​​ថ្ងៃ​ខាង​មុខ​នេះ​ ​គឺ​ជា ​«ការ​ធ្វើ​តេស្ត​ពិត​ប្រាកដ»​។

លោក ​ត្រាំ​ បាន​ថ្លែង​ចេញ​ពី​បន្ទប់​ព្យាបាល​​ជំងឺ​របស់​លោក​នៅ​ឯមជ្ឈមណ្ឌល​សុខភាព​យោធា​ Walter Reed​ ក្បែរ​ក្រុង​វ៉ាស៊ីនតោន​ថា​៖ ​«ខ្ញុំ​មក​ទី​នេះ​ មាន​អារម្មណ៍​មិន​ល្អ​ទេ។ ​ឥឡូវ​នេះ​ មាន​អារម្មណ៍​ល្អ​ប្រសើរ​ហើយ​»។

«អ្នក​ទាំង​អស់​គ្នា​កំពុង​ធ្វើ​ការ​ប្រឹងប្រែង​ធ្វើ​ការ​ ដើម្បី​ធ្វើ​ឱ្យ​ខ្ញុំ​ឆាប់​ជា​សះស្បើយ ខ្ញុំ​គិត​ថា ​ខ្ញុំ​នឹង​អាច​ត្រឡប់​ទៅ​វិញ​នា​ពេល​ឆាប់ៗ​នេះ ​ហើយ​កំពុង​ទន្ទឹង​រង់ចាំ​បញ្ចប់​យុទ្ធនាការ​តាម​មធ្យោបាយ​ ដែល​វា​ត្រូវ​បាន​ចាប់​ផ្តើម​នោះ»។

លោក ​ដូណាល់ ​ត្រាំ ​បាន​ទទួល​ស្គាល់​ថា ​មាន​ភាព​មិន​ប្រាកដប្រជា​អំពី​ទិសដៅ​នៃ​ជំងឺ​ឡើយ​ ដែល​អាច​ឆ្លង​ទៅ​អ្នក​ជំងឺ​ដែល​សះ​ស្បើយ​ដោយ​មិន​បាន​ឱ្យ​សញ្ញា​ដឹង​មុន​។

«ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។​ អ្នក​មិន​ដឹង​អំពី​រយៈពេល ​២-៣ ​ថ្ងៃ​ក្រោយ​ទៀត​នេះ​ទេ ​ខ្ញុំ​ថា​ គឺ​ជា​ការ​ធ្វើ​តេស្ត​ពិត​ប្រាកដ​ ដូច្នេះ​យើង​នឹង ឃើញ​អ្វី​នឹង​កើត​ឡើង​នៅ ​២-៣ ​ថ្ងៃ​ទៀត​នេះ​»។ ​​

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ​លោក​វេជ្ជបណ្ឌិត​សេតវិមាន ​Sean Conley បាន​ថ្លែង​ថា ​លោក​ ដូណាល់ ត្រាំ ​មិន​ទាន់​ឆ្លង​ផុត​គ្រោះ​ថ្នាក់​ទេ ​ប៉ុន្តែ​ថា ​ក្រុម​គ្រូ​ពេទ្យ «មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​»៕ AFP