ក្រុង​វ៉ាស៊ីនតោន៖ ​មន្ទីរ​បញ្ចកោណ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ​ បាន​ចេញ​បញ្ជា​ឲ្យ​ដក​​ទាហាន​​រហូត​ដល់ ​១ ០០០ ​នាក់​ ចេញ​ពី​ស៊ីរី​ភាគ​ខាង​ជើង ​ភាគ​ច្រើន​ជា​ទាហាន​ថ្មើរ​ជើង​ទាំង​​អស់​ នៅ​ក្នុង​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​​មួយ​នេះ​​ចំ​ពេល​ប្រទេស ​តួកគី​ បាន​បើក​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​កងកម្លាំង​ឃើដ​។​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ Mark ​Esper ​បាន​ថ្លែង​ថា​ វិធានការ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​អាមេរិក​បាន​ដឹង​ថា​ ប្រទេស ​តួកគី ​កំពុង​បើក​ការ​ប្រយុទ្ធ​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​ប្រទេស ​ស៊ីរី ​កាន់​តែ​ខ្លាំង​ក្លា​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​។​

ក្រុម​ឃើដ​ដែល​ជា​ដៃគូ​ជាមួយ​អាមេរិក​បាន​ប្រយុទ្ធ​​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម​ (IS) ​ក្រោយ​​មក​បាន​ប្រកាស​ថា​ ពួក​គេ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ជាមួយ​របប​ស៊ីរី​ នៅ​ក្រុង​ដាម៉ាស ​ដើម្បី​ដាក់​ពង្រាយ​កងកម្លាំង​ស៊ីរី​នៅ​ជិត​ព្រំដែន​ ដើម្បី​ប្រឈម​មុខ​ជាមួយ​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​តួកគី​។​

លោក​ Mark ​Esper ​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​​កម្មវិធី ​"​Face t​he ​Nation" របស់​ទូរទស្សន៍​​ CBS ​ថា​៖ «​យើង​មាន​កងកម្លាំង​អាមេរិក​ដូច​ជា​បង្ក​ឲ្យ​កងកម្លាំង​រវាង​ភាគី​ទាំង ​២ ​ប្រឆាំង​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​ជា​ស្ថានការណ៍​ដែល​មិន​ចេះ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ទាល់​តែ​សោះ​​នោះ​»​។​

ក្បួន​​រថយន្ត​យោធា​តួក​គី​​បើក​នៅ​តាមបណ្តោយ​ផ្លូវ​ហាយវ៉េ​បាប់ អាល់-ហាវ៉ា ឆ្ពោះ​ទៅ​កាន់​ស៊ី​រី​ភាគពាយព្យ​។ AFP

«​ដូច្នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្រុម​សន្តិសុខ​ជាតិ​ផ្សេង​ទៀត​ ហើយ​លោក​បាន​ណែនាំ​ថា​ យើង​បាន​ចាប់​ផ្តើម​ពិភាក្សា​ឲ្យ​ដក​កង​កម្លាំង​ចេញ​ពី​ប្រទេស ​ស៊ីរី​ភាគ​ខាង​ជើង​នោះ​»។​

លោក​ Esper​ បាន​ថ្លែង​ថា ​លោក​គ្មាន​សមត្ថភាព​ផ្តល់​ពេល​វេលា​មួយ​នោះ​ទេ​ ដោយសារ​ស្ថានការណ៍​ផ្លាស់ប្តូរ​លឿន​ពេក​ចំពោះ​ការ​ដក​កងកម្លាំង​ថ្មើរ​ជើង​នោះ​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ ការ​ដក​​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង ​នៅ​ក្នុង​ឥរិយាបថ​ដោយ​ប្រុង​ប្រយ័ត្ន ​និង ​«សុវត្ថិភាព​បំផុត​»​។​

លោក​បាន​ថ្លែង​ប្រាប់​ CBS ​ថា​៖ «​បើ​មើល​ទៅ​វា​ជា​ស្ថានការណ៍​គួរ​ឲ្យ​ខ្លាច​មែន​ទែន​នៅ​ទី​នោះ​ ជា​ស្ថានការណ៍​មួយ ដែល​បាន​បង្ក​ឡើង​ដោយ​​តួកគី​ ទោះបី​ជា​យើង​ធ្វើ​ការ​ប្រឆាំង​ក៏​ដោយ​ក៏​ពួក​គេ​បាន​សម្រេច​ចិត្ត ​ធ្វើ​ការ​លុក​លុយ​ចូល​ទៅ​ក្នុង​ទឹក​ដី​ប្រទេស ​ស៊ីរី ​ដដែល​»​។​

ក្បួន​រថយន្តយោធា​​អាមេរិក​​នៅ​​ទី​ក្រុង​​ Manbij នៃ​​ប្រទេស សុី​រី​ភាគខាង​ជើង​ ត្រៀម​ដក​ចេញ​​ពី​តំបន់នោះ​ទាំងស្រុង។ AFP

«​ចំណែក​នៅ​ចំណុច​នេះ​ នៅ​ក្នុង​រយៈពេល ​២៤ ​ម៉ោង ​យើង​បាន​ដឹង​ថា​ ពួក​គេ​ដូច​ជា​មាន​បំណង​ចង់​ពង្រីក​ការ​វាយ​ប្រហារ​របស់​ពួក​គេ​នៅ​ភាគ​ខាង​ត្បូង​បន្ថែម​ទៀត​ ជា​ជាង​ផែនការ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ ហើយ​បាន​បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ទៀត​»​។​

លោក ​Esper ​បាន​គូស​បញ្ជាក់​ថា​ នឹង​មាន​កិច្ច​ព្រមព្រៀង​លទ្ធភាព​មួយ​ បន្ទាប់​មក​បាន​អះអាង​ដោយ​រដ្ឋបាល​ឃើដ​នៅ​ស៊ីរី​ភាគ​ខាង​ជើង​ ស្តី-ពី​ការ​ដាក់​ពង្រាយ​កងកម្លាំង​ស៊ីរី​នៅ​ជិត​ព្រំដែន​ជាមួយ​តួកគី​ ដើម្បី​ជួយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​(SDF) ​ដឹកនាំ​ដោយ​ឃើដ​បាន​ប្រឈម​មុខ​ជាមួយ​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​ក្រុង​អង់ការ៉ា​៕ AFP/SK