កាលពីថ្ងៃអាទិត្យ ទី ១៣ ធ្នូ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសម្រេចពន្យារផែនការចាក់វ៉ាក់សាំង Covid-19 ជូនមន្ត្រីសេតវិមានជាន់ខ្ពស់មុនសាធារណជនទូទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ «អ្នកដែលធ្វើការនៅសេតវិមានគួរតែទទួលវ៉ាក់សាំងនៅពេលក្រោយក្នុងកម្មវិធីលើកលែងតែករណីចាំបាច់។ ខ្ញុំបានស្នើសុំឱ្យមានការកែតម្រូវនេះ។ ខ្ញុំមិនបានគ្រោងនឹងទទួលវ៉ាក់សាំងនេះទេ ប៉ុន្តែទន្ទឹងរង់ចាំក្នុងការទទួលនៅពេលវេលាសមស្រប។ សូមអរគុណ!»។
ការផ្លាស់ប្ដូរផែនការនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកាសែត The New York Times បានរាយការណ៍ថា រដ្ឋបាលលោក Trump គ្រោងនឹងចែកចាយវ៉ាក់សាំងដល់បុគ្គលិករបស់ខ្លួននៅពេលដែលដូសដំបូង ដែលចំនួនមានកំណត់ត្រូវបានគេបម្រុងទុកសម្រាប់បុគ្គលិកសុខាភិបាលប្រឈមនឹងហានិភ័យឆ្លងខ្ពស់។
មុនការផ្លាស់ប្ដូរផែនការដោយលោក Trump អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Ullyot បានសរសេរក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «មន្ត្រីជាន់ខ្ពស់នៅតាមស្ថាប័នអំណាចនីតិទាំង ៣ របស់រដ្ឋាភិបាលនឹងទទួលការចាក់វ៉ាក់សាំងដោយអនុលោមតាមពិធីសាររបស់រដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងនៅក្នុងគោលនយោបាយនីតិប្រតិបត្តិ»។
លោក Ullyot ក៏បានបន្តទៀតថា៖ «ប្រជាជនអាមេរិកគួរតែមានទំនុកចិត្តថា ពួកគេកំពុងទទួលវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដូចគ្នានឹងវ៉ាក់សាំងដែលមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទទួលតាមយោបល់របស់អ្នកជំនាញសុខភាពសាធារណៈ និងថ្នាក់ដឹកនាំសន្តិសុខជាតិ»។
ពីខែកញ្ញា រហូតដល់ខែវិច្ឆិកា មានព្រឹត្តិការណ៍នៃការរាលដាលជំងឺ Covid-19 ទាក់ទងនឹងសេតវិមាន ដែលមានករណីឆ្លងប្រមាណជាង ៥០ ករណី។ កាលពីដើមខែតុលា លោក Trump និងភរិយាបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា Walter Reed Medical Center។ លោក Trump បានជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីបានទទួលឱសថសាកល្បងផលិតពីអង់ទីគ័ររបស់មនុស្សដែលជាសះស្បើយពី Covid-19។
គេមិនបានដឹងថា ផែនការនេះបានបម្រុងទុកវ៉ាក់សាំងប៉ុន្មានសម្រាប់បុគ្គលិកសេតវិមានទេ ហើយក៏មិនដឹងច្បាស់អំពីហេតុផលដែលលោក Trump ធ្វើការពន្យារផែនការនេះផងដែរ។
យ៉ាងណាមិញក្រោយពីបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្នដោយរដ្ឋបាលម្ហូបអាហារ និងឱសថ (FDA) វ៉ាក់សាំង Pfizer/BioNTech ប្រមាណ ២,៩ លានដូស ត្រូវបានគេចាប់ផ្ដើមដឹកជញ្ជូនចេញពីឃ្លាំងក្រុមហ៊ុន Pfizer នៅរដ្ឋ Michigan តាមរយៈយន្តហោះ និងរថយន្តកុងតឺន័រហើយគេរំពឹងថា វ៉ាក់សាំងទាំងអស់នឹងទៅដល់មជ្ឈមណ្ឌលចែកចាយចំនួន ១៤៥ ទូទាំងប្រទេសនៅត្រឹមថ្ងៃចន្ទ ទី ១៤ ធ្នូ។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងនេះ គឺដឹកជញ្ជូនក្នុងប្រអប់ដែលមានប្រភពត្រជាក់ពីឧស្ម័នកាបូនឌីអុកស៊ីតកក ដើម្បីរក្សាសីតុណ្ហភាព -៧០ អង្សាសេ សម្រាប់ធានាគុណភាពនៃវ៉ាក់សាំង។
វ៉ាក់សាំង Pfizer/BioNTech គឺមានប្រសិទ្ធភាព ៩៥% ហើយមិនមានផលប៉ះពាល់ច្រើនទេតែ FDA បានណែនាំឱ្យបុគ្គលមានប្រវត្តិអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងស្ត្រីមានផ្ទៃពោះត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិតមុននឹងចាក់ ហើយហាមឃាត់មិនឱ្យជនក្រោមអាយុ ១៥ ឆ្នាំទទួលការចាក់ទេ។ នៅចក្រភពអង់គ្លេសដែលអនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះមុនគេ បានហាមជនដែលមានអាល្លែកហ្ស៊ីធ្ងន់ធ្ងរមិនឱ្យទទួលវ៉ាក់សាំងនេះ ក្រោយពីបុគ្គលិកសុខាភិបាលបានប្រតិកម្មនឹងឱសថនេះ។
ក្រៅពីប្រទេសទាំង ២ នេះប្រទេសបារ៉ែន គុយវ៉ែត និងមិកស៊ិក ក៏បានអនុញ្ញាតឱ្យប្រើប្រាស់ Pfizer/BioNTech ក្នុងគ្រាអាសន្នផងដែរ។ រីឯប្រទេសកាណាដា និងអារ៉ាប៊ី សាអ៊ូឌីត បានធ្វើការអនុញ្ញាតឱ្យប្រើប្រាស់ពេញលេញហើយ។ ប្រទេសកាណាដា ក៏បានទទួលវ៉ាក់សាំងដំបូងរបស់ពួកគេនៅថ្ងៃចន្ទ ផងដែរ។ រីប្រទេសបារ៉ែន និងអារ៉ាប់រួម ក៏បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm របស់ចិនផងដែរ ដោយបារ៉ែន គឺបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ន ហើយអារ៉ាប់រួមអនុញ្ញាតឱ្យប្រើប្រាស់ពេញលេញ។ ក្នុងការធ្វើការសាកល្បងដំណាក់កាលទី៣ នៅអារ៉ាប់រួម អ្នកវិទ្យាសាស្ត្របានប្រកាសថា វ៉ាក់សាំង Sinopharm គឺមានប្រសិទ្ធភាព ៨៦ ភាគរយ និងគ្មានផលប៉ះពាល់ធ្ងន់ធ្ងរទេ៕