ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង់ពន្ធត្រឹមតែ ៧៥០ ដុល្លារប៉ុណ្ណោះ ក្នុង ១ ឆ្នាំ ដែលលោកឈ្នះឆ្នោតជាប្រធានាធិបតី និងជាឆ្នាំដំបូងរបស់លោកនៅក្នុងសេតវិមាន ខណៈលោកបានអះអាងថា ខ្លួនមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។ នេះបើតាមកាសែត The New YorkTimes ដែលបានពិនិត្យឯកសារប្រកាសពន្ធរបស់លោក Trump។
កាលពីថ្ងៃអាទិត្យទី ២៧ ខែកញ្ញា កាសែត The New York Times បានចេញផ្សាយជាលើកដំបូងអំពីឯកសារប្រកាសពន្ធរបស់លោក Trump។
ឯកសារប្រកាសពន្ធនេះ លោកធ្លាប់បានសន្យាកាលពីឆ្នាំ ២០១៦ ថា លោកនឹងបញ្ចេញជាសាធារណៈ ប៉ុន្តែខុសពីការសន្យាលោកបែរជាខំការពារមិនឱ្យចេញជាសាធារណៈ និងធ្លាប់ដាក់ពាក្យបណ្ដឹងទៅលើបុគ្គល ដែលបានខំប្រឹងទាមទារឯកសារទាំងនេះ។
យ៉ាងណាក៏ដោយ នៅទីបំផុតឮព័ត៌មានលម្អិតនៃឯកសារពន្ធដាររបស់លោក Donald Trump បានបង្ហាញពីភាពខុសស្រឡះទៅនឹងអ្វីដែលលោកបាននិយាយថាខ្លួនជាអ្នកជំនួញដ៏វាងវៃ និងស្នេហាជាតិ ត្បិតគេរកឃើញថា កាលពីឆ្នាំ ២០១៨ លោក Trump មានចំណូល ៤៣៤,៩ លានដុល្លារ តែក្នុងឯកសារពន្ធលោកបានអះអាងថា លោកបានចំណាយច្រើនជាងធ្វើឱ្យលោកបានខាតអស់ ៤៧,៤ លានដុល្លារ។
នៅពេលការចំណាយច្រើនជាងប្រាក់ចំណូលចង់មិនចង់ចំនួនខាតបង់របស់លោក ត្រាំ គឺជារបៀបស្របច្បាប់ដែលនាំឱ្យសេដ្ឋីល្បីឈ្មោះម្នាក់នេះត្រូវបង់ពន្ធតិចតួច ឬរួចខ្លួនពីការបង់ពន្ធ។ ជាក់ស្តែងក្រោមហេតុផលថា មានការខាតបង់ច្រើន លោក Trump មិនតម្រូវឱ្យបង់ពន្ធប្រាក់ចំណូលចំនួន ១០ ឆ្នាំ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។
ក្នុងនោះការប្រកាសពន្ធរបស់លោក Trump ត្រូវបានគេរកឃើញថា មានការចំណាយមិនប្រក្រតីជាច្រើន។ ក្នុងឯកសារមួយលោកបានដាក់ការចំណាយប្រាក់អស់ ៧ ម៉ឺនដុល្លារ សម្រាប់ការថែទាំសក់របស់លោកថា ជាការចំណាយធ្វើអាជីវកម្ម ហើយនៅក្នុងឯកសារមួយទៀតលោកបានចំណាយ ៧៥ ម៉ឺនដុល្លារ ទៅកូនស្រីរបស់លោក គឺជាការចំណាយជួលអ្នកពិគ្រោះយោបល់ (Consultant)។
ជាការឆ្លើយតបនោះ លោក Trump បានហៅការផ្សាយរបស់កាសែត The New York Times ថាជា «ព័ត៌មានមិនពិត» ហើយលោកបានធានាថា លោកបានបង់ពន្ធ ទោះបីជាមិនបានបញ្ជាក់ពីតួលេខជាក់លាក់ក៏ដោយ។ លោកក៏បានប្ដេជ្ញាថា ព័ត៌មានអំពីការប្រកាសពន្ធរបស់លោកនឹងត្រូវបានបង្ហាញ ប៉ុន្តែលោកមិនបានកំណត់ពេលវេលាសម្រាប់ការបង្ហាញនោះទេ។
ឯកសារប្រកាសពន្ធទាំងនេះ ក៏បានបង្ហាញថា លោក Trump បានជំពាក់បំណុលជាង ៤២១ លានដុល្លារ ដែលត្រូវសងវិញក្នុងរយៈពេល ៤ ឆ្នាំខាងមុខ តែគេមិនដឹងអត្តសញ្ញាណរបស់ម្ចាស់បំណុលលោក Trump ទេ។ អ្នកវិភាគមួយចំនួនបានបង្ហាញការព្រួយបារម្ភពីឥទ្ធិពលរបស់ម្ចាស់បំណុលទៅលើលោក Trump បើសិនលោកបន្តអំណាចជាប្រធានាធិបតី។
ការលើកឡើងអំពីបំណុលក៏បានធ្វើឱ្យអ្នកវិភាគមួយចំនួនគិតទៅដល់ ហេតុអ្វីបានជាធនាគារអាល្លឺម៉ង់ Deutsche Bank ផ្ដល់ប្រាក់បំណុល ២ ពាន់លានដុល្លារ ដល់លោក Trump ខណៈពេលដែលធនាគារផ្សេងទៀត មិនបានផ្ដល់ឱ្យ។ Deutsche Bank ត្រូវបានគេស៊ើបអង្កេតរកឃើញថា បានជួយលាងលុយកខ្វក់រុស្ស៊ី។ សារព័ត៌មានអាល្លឺម៉ង់ DW បានរាយការណ៍ថាប្រាក់បំណុលដែល Deutsche Bank នេះផ្ដល់ឱ្យលោក Trump គឺមិនមែនរបស់ធនាគារនេះទេ តែDW មិនអាចបញ្ជាក់អត្តសញ្ញាណរបស់ម្ចាស់បំណុលពិត។
គួរបញ្ជាក់ថា លោក Trump គឺជាប្រធានាធិបតីអាមេរិកដំបូងគេបន្ទាប់ពីលោក Richard Nixon ដែលមិនបង្ហាញឯកសារប្រកាសពន្ធជាសាធារណៈ។ លោកបានសន្យាជាច្រើនលើកកាលពីរដូវកាលបោះឆ្នោត ២០១៦ ថា លោកនឹងបញ្ចេញឯកសារទាំងនេះ តែលោកមិនបានគោរពសម្តីរហូតមកដល់សព្វថ្ងៃដោយបានអះអាងថា ឯកសារទាំងអស់នេះ គឺស្ថិតក្រោមការធ្វើសវនកម្ម។
កាសែត The New York Times បានបដិសេធមិនបញ្ចេញឯកសារជាសាធារណៈ ដើម្បីការពារប្រភពដែលពួកគេអះអាងថា ប្រភពមានសិទ្ធិស្របច្បាប់ក្នុងការមើលឯកសារ។
តួលេខរបស់អង្គភាពពន្ធដារអាមេរិកហៅកាត់ IRS បានបង្ហាញថា ក្នុងឆ្នាំ ២០១៧ ជនជាតិអាមេរិកជាមធ្យមបង់ពន្ធ ១២ ២០០ ដុល្លារ គឺប្រហែល ១៦ ដង ច្រើនជាងអ្វីដែលប្រធានាធិបតីរូបនេះបានបង់។ នៅឆ្នាំដំបូងក្នុងសេតវិមានអតីតប្រធានាធិបតីលោក Barrack Obama បានបង់ពន្ធចំណូលផ្ទាល់ខ្លួនជាង ១,៨ លានដុល្លារ ដែលជាចំណូលពីការលក់សៀវភៅ រីឯលោក George W. Bush វិញបានបង់ពន្ធចំណូលផ្ទាល់ខ្លួនជាង ២៥០ ០០០ ដុល្លារ ដែលជាចំណូលបានមកពីភាគហ៊ុនក្នុងអាជីវកម្មមួយចំនួន៕