ក្រុង​វ៉ាស៊ីនតោនៈ ​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​បដិសេធ​មិន​ធ្វើ​ការ​រិះគន់​តួកគី​​​ចំពោះ​ការ​ទិញ​​ប្រព័ន្ធ​ការពារ ​មីស៊ីល​រុស្ស៊ី​ ដែល​ត្រូវ​​បាន​វាយ​ប្រហារ​ពី​​មន្ទីរ​បញ្ចកោណ​ និង​អង្គការ​ណាតូ​ ដោយ​មិន​បាន​​លើក​ឡើង​អំពី​ការ​ដាក់​ទណ្ឌកម្ម​ដែល​ក្រុង​វ៉ាស៊ីនតោន​គំរាម​ប្រឆាំង​​ការ​ទិញ​មីស៊ីល​នោះ​។​

នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ដំបូង​របស់​លោក ​ចាប់​តាំង​ពី​តួកគី​ បាន​ចាប់​ផ្តើម​ធ្វើ​ការ​ដឹក​ជញ្ជូន​ប្រព័ន្ធ​ការពារ​មីស៊ីល ​S-400 ​កាល​ពី​ថ្ងៃ​សុក្រ​ លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា ​តួកគី​ត្រូវ​​បង្ខំ​ចិត្ត​ធ្វើ​តាម​​វិធានការ​ដោយ​អ្នក​កាន់​តំណែង​មុន​របស់​លោក​ គឺ​លោក​ បារ៉ាក់​ អូបាម៉ា ​ដែល​លោក ​ត្រាំ ​មិន​យល់​ពី​មូលហេតុ​ដែល​​​ពួក​គេ​ជ្រើសរើស​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​រុស្ស៊ី​នោះ​។​

លោក​ ដូណាល់​ ត្រាំ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «​ខ្ញុំ​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជាមួយ​លោក​ប្រធានាធិបតី​ រ៉េសិប​ តៃយីប អេរដូហ្គែន​»​។​

«វា​ជា​ស្ថានការណ៍​មួយ​ដ៏​តឹងតែង​យ៉ាង​ខ្លាំង​ ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ ហើយ​ក៏​ជា​ស្ថានការណ៍​មួយ​ដ៏​តឹងតែង​យ៉ាង​ខ្លាំង ​ដែល​យើង​បាន​កាន់​តំណែង​នេះ​ ជា​មួយ​បញ្ហា​ទាំង​អស់​ ដែល​ត្រូវ​បាន​គេ​និយាយ​ថា​ ពួក​យើង​កំពុង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ​ ហើយ​យើង​នឹង​មើល​ឃើញ​ថា ​តើ​នឹង​មាន​អ្វី​កើត​ឡើង​តទៅ​ទៀត​នោះ​»​។​

លោក​ ដូណាល់​ ត្រាំ​ បាន​ហៅ​បញ្ហា​នោះ​ថា​ជា «​ស្ថានការណ៍​ស្មុគស្មាញ​មួយ​»​ ដោយ​បាន​បញ្ជាក់​ថា ​មន្ទីរ​បញ្ចកោណ​បាន​ព្យួរ​ប្រទេស ​តួកគី​ មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង​ណាតូ ​F-35 ​និង​មិន​ទិញ​យន្តហោះ ​F-35s ចំនួន ​១០០ ​គ្រឿង ​តាម​ការ​គ្រោង​នោះ។

លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​ដោយ​និយាយ​សំដៅ​ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន​ Lockheed Martin ​ផលិត​យន្តហោះ​ចម្បាំង ​F-35 ​នោះ​ថា​៖ «ដោយសារ​ពួក​គេ​មាន​ប្រព័ន្ធ​មីស៊ីល​ ដែល​បាន​ផលិត​នៅ​ប្រទេស ​រុស្ស៊ី​ បច្ចុប្បន្ន​ពួក​គេ​ត្រូវ​បាន​ហាម​ឃាត់​ មិន​ឲ្យ​ទិញ​យន្តហោះ​ចម្បាំង​ចំនួន ​១០០ ​គ្រឿង​នោះ​»​។​

ការ​អត្ថាធិប្បាយ​របស់​លោក​ ត្រាំ ​ហាក់​ដូច​ជា​មាន​ការ​ខ្វែង​គំនិត​ជាមួយ​សភា និង​ទស្សនៈ​របស់​មន្ទីរ​បញ្ចកោណ​ ដែល​ថា​ប្រព័ន្ធ​ការពារ​មីស៊ីល​ S-400 រួម​ជាមួយ​នឹង​យន្តហោះ​ F-35 ជា​ការ​គំរាម​កំហែង​ចំពោះ US និង​ណាតូ ៕ AFP/SK