កាលពីថ្ងៃអង្គារទី ៥ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់សម្ពាធលើលោក Mike Pence ដោយធ្វើការអះអាងថា អនុប្រធានាធិបតីរូបនេះមានអំណាចជាឯកតោភាគី ធ្វើការច្រានចោលលទ្ធផលការបោះឆ្នោតប្រធានាធិបតី ២០២០ ដែលលោក Biden បានទទួលជ័យជម្នះ។
លោក Trump បានបង្ហោះសារទៅកាន់បណ្ដាញសង្គម Twitter ថា៖ «អនុប្រធានាធិបតីមានអំណាចច្រានចោលអង្គបោះឆ្នោត ដែលត្រូវបានជ្រើសរើសដោយការក្លែងបន្លំ»។
សារនេះ គឺជាសកម្មភាពចុងក្រោយបំផុតនៃការខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធលើលោក Pence ឱ្យច្រានចោលលទ្ធផលឆ្នោតនៅពេលដែលលោកដើរតួជាប្រធាននៃអង្គប្រជុំរួមនៃសភាអាមេរិក ដែលនឹងបញ្ជាក់លទ្ធផលនៅថ្ងៃពុធ ទី ៦ មករា។
មានការរាយការណ៍ថា ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ប្រចាំសប្ដាហ៍រួមគ្នាដែលធ្វើឡើងប៉ុន្មានម៉ោងក្រោយលោក Trump បង្ហោះសារលោក Pence បានប្រាប់លោក Trump ថា ខ្លួនលោកមិនមានអំណាចបែបនេះទេ។
តាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់សហរដ្ឋអាមេរិកអនុប្រធានាធិបតី គឺជាអ្នកសម្របសម្រួលអង្គប្រជុំនេះ និងជាអ្នកប្រកាសអ្នកឈ្នះតាមលទ្ធផលប៉ុណ្ណោះ ហើយមិនមានអំណាចច្រានចោលអង្គបោះឆ្នោតនោះទេ។
អំណាចច្រានចោលអង្គបោះឆ្នោត គឺស្ថិតលើការសម្រេចរបស់សភាតំណាង និងព្រឹទ្ធសភាតាមការបោះឆ្នោតមតិភាគច្រើន។ ការច្រានចោលអង្គបោះឆ្នោតសម្រាប់អាណត្តិនេះមានមតិមួយចំនួនគិតថា នឹងមិនធ្វើបានដោយជោគជ័យទេ ដោយសារសភាតំណាងគឺគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ ហើយថ្នាក់ដឹកនាំបក្សសាធារណរដ្ឋមានភាគតិច និងសមាជិកភាគច្រើនបានទទួលស្គាល់ជ័យជម្នះលោក Biden៕