ក្រុងបាងកកៈ យោងតាមនាយករដ្ឋមន្ត្រីលោក ប្រាយុធ ចាន-អូចា បានឲ្យដឹងថា មិនទាន់ប្រញាប់ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទេ ដោយសារមានតម្រូវការពាក់ព័ន្ធជាច្រើនទៀត និងបញ្ហាខ្លះតម្រូវឲ្យសាធារណជនដឹង ឮហើយប្រហែលជាអាចធ្វើប្រជាមតិទៀតផង។
លោកឧត្តមសេនីយ៍ ប្រាយុធ ចាន-អូចា កាលពីថ្ងៃពុធ បានបញ្ជាក់ជាថ្មីថា លោកបានគាំទ្រឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញខ្លះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកបានបង្ហាញឲ្យមានដំណើរស្របច្បាប់ដែលទាក់ទងទៅនឹងការធ្វើវិសោធនកម្មច្បាប់នោះ អាចត្រូវប្រើពេលវែង។
រដ្ឋាភិបាលថ្មីនេះ គ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍អំពីគោលនយោបាយរបស់ខ្លួន នៅចំពោះមុខសភានៅសប្តាហ៍ក្រោយ ហើយក្រុមតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភានឹងចូលរួមនៅក្នុងកិច្ចពិភាក្សាមួយ ដែលត្រូវគ្រោងធ្វើនៅចុងខែនេះ។
ការធ្វើសេចក្តីថ្លែងការណ៍នោះ គឺជាការប្រមូលចងក្រងគោលនយោបាយសំខាន់ៗពីគ្រប់គណបក្សចម្រុះទាំងអស់ ដោយបានផ្អែកទៅលើការប្តេជ្ញាដែលពួកគេបានធ្វើនៅមុនការបោះឆ្នោតកាលពីថ្ងៃទី ២៤ ខែមីនានោះ។
គណបក្សប្រជាធិបតេយ្យជាដៃគូចម្រុះយ៉ាងសំខាន់មួយ បានអំពាវនាវយ៉ាងសកម្មឲ្យធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនោះ។ ការសន្យាមួយក្នុងចំណោមការសន្យាជាច្រើននៅពេលធ្វើយុទ្ធនាការរកសំឡេងឆ្នោតនោះ គឺគោលនយោបាយរបស់បក្សនេះត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីនយោបាយរបស់រដ្ឋាភិបាល។
មេដឹកនាំបក្សប្រជាធិបតេយ្យលោក ជុរិន ឡាក់សាណៈវីស៊ីត បានថ្លែងកាលពីថ្ងៃពុធថា កិច្ចពិភាក្សាជាច្រើនទៀត នឹងត្រូវធ្វើឡើងនៅក្នុងចំណោមក្រុមដៃគូចម្រុះអំពីថា តើនរណាជាអ្នកផ្តួចផ្តើមពីការកែប្រែច្បាប់រដ្ឋធម្មនុញ្ញនេះ៕ BKP/SK