ក្រុង​ម៉ូស្គូ៖ ប្រធានាធិបតី​រុស្ស៊ី​លោក ​វ៉្លាឌីមៀរ​ ពូទីន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ប្រទេស​បេឡារុស ​ដែល​នៅ​ជិត​ខាង​ កំពុង​​​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខាង​ក្រៅ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ខណៈ​ដែល​សម្ព័ន្ធមិត្ត​របស់​អតីត​សហភាព​សូវៀត​របស់​វិមាន​ក្រឹមឡាំង​ បាន​ប្រឈម​មុខ​ជា​មួយ​វិបត្តិ​នយោបាយ​យ៉ាង​ជ្រៅ​​ ជុំវិញ​​ការ​​បោះ​ឆ្នោត​មួយ​ពោរពេញ​ដោយ​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​នេះ​។​

លោក ​វ៉្លាឌីមៀរ​ ពូទីន ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ដែល​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ថា ​ប្រទេស​បេឡារុស​ កំពុង​​ស្ថិត​នៅ​ក្នុង ​«​ស្ថានភាព​ដ៏​លំបាក» ​និង​កំពុង​ប្រឈម​មុខ​នឹង ​«​ការ​ដាក់​សម្ពាធ​ពី​ខាង​ក្រៅ​មិន​ធ្លាប់​មាន​ពី​មុន​» ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​មុន​ បាន​បង្ក​ឲ្យ​មាន​ការ​បន្ត​តវ៉ា​ប្រឆាំង​មេ​ដឹកនាំ​ផ្តាច់​ការ​និយម​ លោក ​អាឡិចសាន់ឌឺរ​ លូ​កា​សិន​កូ​។​

ក្រុម​អ្នក​តវ៉ា​បាន​ចេញ​ទៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​បេឡារុស​ចាប់​តាំង​ពី​លោក​ លូកាសិនកូ​ បាន​អះអាង​ឡើង​កាន់​តំណែង​អាណត្តិ​ទី​៦ ​ដែល​មាន​សំឡេង​ឆ្នោត​គាំទ្រ ​៨០ ​ភាគរយ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃទី ​៩​ ខែ​សីហា​ កន្លង​ទៅ​។​

លោក ​ពូទីន ​បាន​សន្យា​ថា​ នឹង​ផ្តល់​ជូន​ដល់​បុរស​ខ្លាំង​​​រូប​នេះ​នូវ​​ជំនួយ​កម្លាំង​សន្តិសុខ​ ប្រសិន​បើ​វិបត្តិ​នយោបាយ​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​ និង​ផ្តល់​ប្រាក់​កម្ចី ​១,៥ ​ពាន់​លាន​ដុល្លារ​ថែម​ទៀត​ដល់​បេឡារុស​។​

លោក​ លូកាសិនកូ ​បាន​ចោទ​ប្រទេស​លោក​ខាង​លិច​ និង​ណាតូ​ ពី​បទ​ប៉ុនប៉ង​ធ្វើ​ឲ្យ​​ប្រទេស​លោក​ជ្រួល​ច្របល់៕AFP/SK​