ក្រុង​ប៉ារីស៖ លោក​ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល ​ម៉ាក្រុង ​បាន​ចេញ​បញ្ជា​ឱ្យ​ដាក់​បម្រាម​គោចរ​នៅ​ពេល​យប់ ​សម្រាប់​ក្រុង​ប៉ារីស ​និង​ក្រុង​ចំនួន ​៨ ​ផ្សេង​ទៀត​នៅ​បារាំង ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ក្រោយ​ពី​អត្រា​ឆ្លង​ប្រចាំ​ថ្ងៃ​ថ្មី​ បាន​ឈាន​ដល់​កម្រិត​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​។

នៅ​ក្នុង​បទសម្ភាស​មួយ​ដែល​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​លោក ​ម៉ាក្រុង ​បាន​ថ្លែង​ថា ​ប្រជាជន​នៃ​ក្រុង​ទាំង​នោះ ​ដែល​ជា​កន្លែង​មាន​ប្រជាជន​ជិត ​១ ភាគ​ ៣ ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​បារាំង ​នឹង​មិន​ត្រូវ​​អនុញ្ញាត​ឱ្យ​នៅ​ខាង​ក្រៅ​ ចាប់​ពី​ម៉ោង ​៩​ យប់ ​ដល់​ម៉ោង ​៦ ​ព្រឹក​ ចាប់​ពី​ថ្ងៃ​សៅរ៍​ទៅ​ សម្រាប់​រយៈពេល​យ៉ាង​តិច ​៤ ​សប្តាហ៍។

មនុស្ស​យ៉ាង​តិច ​១ ០៨៧​ ៥១៣ ​នាក់ ​បាន​ស្លាប់​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា ​ចាប់​តាំង​ពី​វីរុស​ផ្លូវ​ដ​ង្ហើម​នេះ ​បាន​ផ្ទុះ​ឆ្លង​រាលដាល​កាល​ពី​ចុង​ឆ្នាំ ​២០១៩។ ​នេះ​បើ​យោង​តាម​ចំនួន​សរុប​របស់ ​AFP ​ត្រឹម​ម៉ោង ​១១:០០ ​ម៉ោង​សកល​កាល​ពី​ថ្ងៃ​ពុធ​។ ​

ករណី​ឆ្លង​យ៉ាង​តិច ​៣៨,២​ លាន​នាក់ ​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ជុំវិញ​ពិភព​លោក​។

អាមេរិក​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​គឺ ​២១៥ ៩១៤ ​នាក់ ​បន្ទាប់​មក​ប្រទេស​ប្រេស៊ីល ​គឺ ១៥០ ​៩៩៨ ​នាក់ ​ឥណ្ឌា​មាន​អ្នក​ស្លាប់ ​១១០​ ៥៨៦ ​នាក់ ​ម៊ិកស៊ិក​មាន​អ្នក​ស្លាប់​​ចំនួន ​៨៤ ​៤២០ នាក់ ​និង​ចក្រភព​អង់គ្លេស​មាន​អ្នក​ស្លាប់​ចំនួន ​៤៣ ​០១៨ ​នាក់​។

រដ្ឋាភិបាល​តំបន់​បាន​ប្រកាស​ថា​ បារ៍ ​និង​ភោជនីយដ្ឋាន ត្រូវ​បាន​គេ​បិទ​នៅ​ទូទាំង​តំបន់​កាតាឡូនី​ភាគ​ឦសាន ​នៃ​ប្រទេស​អេស្ប៉ាញ​ រយៈ​ពេល​ ១៥ ​ថ្ងៃ​បន្ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស៕ AFP/PSA