ក្រុង​វ៉ាស៊ីនតោន៖​ អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ជួយ​ប្រទេស​រុស្ស៊ី​ ដើម្បី​សម្អាត​ប្រេង​កំពប់​យ៉ាង​ច្រើន​ ដែល​បាន​ធ្វើ​ឲ្យ​កខ្វក់​នៅ​ក្នុង​ទន្លេ ​Arctic ​នៅ​តំបន់​ស៊ីប៊ឺរៀ​ភាគ​ខាង​ជើង​។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​សរសេរ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «មាន​​ក្តី​​ទុក្ខ​សោក​​យ៉ាង​ក្រៀមក្រំ​នៅ​ពេល​បាន​ឮ​​ដំណឹង​ អំពី​ប្រេង​កំពប់​នៅ​ក្នុង​ទីក្រុង​ណូរីលស្គ៍ ​​នៃ​ប្រទេស​រុស្ស៊ី​»​។​

ទោះបី​ជា​ពួក​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្តី​ ក៏​អាមេរិក​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ ដើម្បី​ជួយ​ប្រទេស​រុស្ស៊ី ​ក្នុង​ការ​បន្ធូរបន្ថយ​គ្រោះ​មហន្តរាយ​បរិស្ថាន​​ និង​ផ្តល់​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​របស់​យើង​»​។​

កាល​ពី​ថ្ងៃ​ទី ​២៩ ​ខែ​ឧសភា​ នាវា​ដឹក​ប្រេង ​១ ​គ្រឿង​ នៅ​ឯ​រោងចក្រ​ថាមពល ​១ ​កន្លែង​ ដែល​ជា​របស់​ក្រុមហ៊ុន​ផលិត​ប្រេង​ Norilsk ​Nickel បាន​ក្រឡាប់​នៅ​ក្បែរ​ក្រុង​ណូរីលស្គ គឺ​តំបន់​ឧស្សាហកម្ម​ស៊ីប៊ឺរៀ​ ​ដែល​បាន​ដឹក​ប្រេង​ប្រហែល​ចំនួន ​១៥ ០០០​ តោន​ ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ទឹក​មួយ​កន្លែង​ ហើយ​វា​បាន​កំពប់​ប្រេង​ចំនួន ​៦ ០០០ ​តោន​បន្ថែម​ទៀត​ នៅ​ជុំវិញ​តំបន់​នោះ​។​

ការ​កំពប់​ប្រេង​នោះ​ ​បាន​ចាត់​ទុក​ថា​ជា​មហន្តរាយ​បរិស្ថាន​យ៉ាង​អាក្រក់​បំផុត​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​ក្នុង​តំបន់​នោះ​ បាន​ធ្វើ​ឲ្យ​ទឹក​ប្រែ​ពណ៌​នៅ​ក្នុង​តំបន់​ផ្លូវ​ទឹក​ដាច់​ស្រយាល​ ដោយ​បាន​ធ្វើ​ឲ្យ​ទឹក​ឡើង​ពណ៌​ក្រហម​ឆ្អៅ​ ដែល​អាច​មើល​ឃើញ​ពី​កន្លែង​កំពប់​នោះ​។​

ប្រធានាធិបតី​រុស្ស៊ី​លោក ​វ៉្លាឌីមៀរ​ ពូទីន​ បាន​ប្រកាស​ដាក់​តំបន់​នោះ​​​ក្នុង​ភាព​​គ្រាអាសន្ន​មួយ​ ហើយ​លោក​បាន​ថ្លែង​ថា​ លោក​រំពឹង​ថា​ ក្រុមហ៊ុន​ផលិត​ប្រេង​ Norilsk ​Nickel ​ នឹង​បង់​ថ្លៃ​សម្អាត​នោះ​ដែល​អាច​នឹង​ចំណាយ​ពេល​​ច្រើន​ឆ្នាំ​នៅ​ទីនោះ​។​

ការងារ​​សម្អាត​ប្រេង​នេះ ពិត​ជា​ស្មុគស្មាញ​​ណាស់៕ AFP/SK