ក្រុងគែរ៖ ប្រធានាធិបតីប្រទេសអេហ្ស៊ីប បានព្រមានកាលពីថ្ងៃសៅរ៍ថា ការចូលឈ្លានពានរបស់កងកម្លាំងលីប៊ី ដែលគាំទ្រដោយតួកគី នៅក្នុងទីក្រុងស៊ីទីនៃប្រទេសលីប៊ី អាចធ្វើឲ្យមានការអន្តរាគមន៍យោធាអេហ្ស៊ីបជាបន្ទាន់មួយ នៅក្នុងប្រទេសក្បែរខាងមួយនេះ នៅក្នុងការគាំទ្រសម្ព័ន្ធមិត្តលោក ហ្គាលីហ្វា ហាហ្វតារ របស់ក្រុងគែរ។
ចំណែកឯក្រុងអង់ការ៉ាវិញ បានជំរុញឲ្យកងកម្លាំងដឹកនាំដោយបុរសខ្លាំងលោក ហ្គាលីហ្វា ហាហ្វតារមានមូលដ្ឋាននៅភាគខាងកើត ឲ្យដកចេញពីទីក្រុងយុទ្ធសាស្ត្រ ដើម្បីឈានដល់បទឈប់បាញ់មួយនៅទីនោះ។
រដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅក្នុងទីក្រុងទ្រីប៉ូលី បានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំ ប្រឆាំងកងកម្លាំងរបស់លោក ហ្គាលីហ្វា ហាហ្វតារ កាលពីពេលថ្មីនេះ ដើម្បីបង្កើនការគាំទ្រចេញពីអ្នកគាំទ្រតួកគីរបស់ខ្លួន។
ទីក្រុងស៊ីទីដ៏សំខាន់មួយនេះ ដែលលាតសន្ធឹងប្រហែល ៤៥០ គីឡូម៉ែត្រ ពីរដ្ឋធានីទ្រីប៉ូលីភាគខាងកើត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងលោក ហ្គាលីហ្វា ហាហ្វតារ ដែលកាលពីឆ្នាំ ២០១៩ បានបើកការវាយប្រហារថ្មីយ៉ាងខ្លាំងក្លា ដើម្បីដណ្តើមយកប្រទេសលីប៊ីភាគខាងលិច មកគ្រប់គ្រង។
នៅក្នុងសុន្ទរកថា មួយដែលបានចាក់ផ្សាយតាមទូរទស្សន៍ ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតតាហ៍ អាល់-ស៊ីស៊ី បានថ្លែងថា ទីក្រុងស៊ីទី គឺជា «ខ្សែបន្ទាត់ក្រហម» មួយ សម្រាប់ប្រទេសអេហ្ស៊ីប ដោយបានលើកឡើងអំពីតម្រូវការចំាបាច់ ដើម្បីការពារព្រំដែនរបស់ខ្លួនថា ជាទឹកដីសម្រាប់ «ការធ្វើអន្តរាគមន៍ផ្ទាល់» នៅក្នុងប្រទេសលីប៊ី។
លោកបានថ្លែងកាលពីថ្ងៃសៅរ៍ថា៖ «បើសិនប្រជាជនលីប៊ី ស្នើឲ្យយើងធ្វើអន្តរាគមន៍នោះ យើងនឹងធ្វើតាមសំណើរបស់ពួកគេ»៕ AFP/SK