ក្រុងកូឡាឡាំពួៈ ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី ​លោក ​អានវ៉ា​រ អ៊ីប្រាហ៊ីម ​បាន​ជួប​ជា​មួយ​ព្រះ​មហាក្សត្រ​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​ស្វះស្វែង​ដើម្បី​បង្ហាញ​ថា​ លោក​ទទួល​បាន​ការ​គាំទ្រ​ដើម្បី​ឡើង​កាន់​អំណាច ​និង​បំពេញ​មហិច្ឆតា​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ជា​ច្រើន​ទសវត្សរ៍​ហើយ​នោះ​។

ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ ​បាន​ធ្លាក់​ក្នុង​ភាព​វឹកវរ​ចាប់​តាំង​ពី​រដ្ឋាភិបាល​កែ​ទម្រង់​និយម​ដែល​ដឹក​នាំ​ដោយ​ ម៉ាហាធៀ​ ម៉ូហាម៉ាដ ​ដែល​រួម​មាន​លោក​អាន់វ៉ារ​ដែរ​បាន​ដួល​រលំ​នៅ​ក្នុង​ខែកុម្ភៈ ​ស្របពេល​ជម្លោះ​ផ្ទៃ​ក្នុង​​យ៉ាង​ជូរ​ចត់​។ ​

លោក ម៉ូ​ហ៊ីអ៊ីដឌីន​ យ៉ាស់​ស៊ីន​ បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដោយ​គ្មាន​ការ​បោះឆ្នោត ​ប៉ុន្តែ​ការ​គាំទ្រ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​មានការ​រង្គោះ​រង្គើ​ហើយ​ក្រុម​អ្នក​រិះគន់ បាន​ចោទ​រដ្ឋា​ភិបាល​នេះ​ថា​ខ្វះភាព​ស្របច្បាប់​។

នៅ​ក្នុង​ការ​ប្រកាស​គួរ​ឲ្យ​ភ្នាក់​ផ្អើល​មួយ​កាល​ពី​ខែ​មុន ​លោក ​អាន់វ៉ារ​ បាន​ថ្លែង​ថា ​លោក​ទទួល​បាន​កា​រ​គាំទ្រ​គ្រប់​គ្រាន់ពី​ក្រុម​សមា​ជិកសភា​ ដើម្បី​ផ្តួល​រំលំ​លោក​ ម៉ូហ៊ីអ៊ីដឌីន ​ប៉ុន្តែ​ព្រះមហាក្សត្រ​ដែល​បាន​តែងតាំង​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ ​បាន​ពន្យារ​ពេល​ជួប​លោក​អាន់វ៉ារ​ដោយសារ​បញ្ហា​សុខ​ភាព៕ ​PSA​​​​​