ក្រុង​គូឡាឡាំពួ៖ ​ប្រទេស ​ម៉ាឡេស៊ី ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​តស៊ូ​អំណាច​ដ៏​ជូរ​ចត់​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​លោក ​ម៉ាហាធៀ​ ម៉ូហាម៉ាដ ​បាន​ស្វះស្វែង​រក ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ឯកភាព​មួយ​បន្ទាប់​ពី​លាលែង​ពី​តំណែង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក​នោះ​ ប៉ុន្តែ​គូ​សត្រូវ​ចាស់​គឺ​លោក​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ ក៏​បាន​​ខិតខំ​ប្រឹងប្រែង​ប្រជែង​ ​ដើម្បី​ក្លាយ​​ជា​នាយក​រដ្ឋមន្ត្រី​​។​

ស្ថានការណ៍​​វិវឌ្ឍន៍​ថ្មី​បាន​បង្ក​ឲ្យ​មាន​​​​វិបត្តិ​កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​​ដែល​បាន​ចាប់​ផ្តើម​កើត​ឡើង ​នៅ​ពេល​ក្រុម​ចម្រុះ​ដែល​​កំពុង​គ្រប់​គ្រង​អំណាច​ ដែល​បាន​រាប់​បញ្ចូល​បុរស​ទាំង ​២ ​នៅ​ពេល​ខ្លួន​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ​កាល​ពី​ឆ្នាំ ​២០១៨​ ក្រោយ​មក​បាន​បែក​បាក់ ​​បន្ទាប់​ពី​កិច្ច​ប្រឹងប្រែង​​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ ដោយ​គ្មាន​លោក ​អាន់វ៉ា ​អ៊ីប្រាហ៊ីម​ បាន​បរាជ័យ​​។​

លោក ​អាន់វ៉ា​ អ៊ីប្រាហ៊ីម គឺ​ជា​អ្នក​ស្នង​​​តំណែង​លោក​ ​ម៉ាហាធៀ ​ដែល​ត្រូវ​គេ​តែង​តាំង​ ប៉ុន្តែ​​ត្រូវ​បាន​គេ​​បដិសេធ​ហើយ​​​​​​ត្រូវ​គេ​រារាំង​​មិន​ឲ្យ​ក្លាយ​ជា​​មេ​ដឹកនាំ​ ​ទោះបី​ជា​កិច្ច​ប្រឹងប្រែង​​កាល​ពី​ចុង​សប្តាហ៍​ បាន​ទទួល​ជោគជ័យ​ក្តី​​។​

លោក​​ អា​ន់​​វ៉ា ​អុីប្រាហ៊ីម (កណ្តាល​) ចូលរួមធ្វើ​​​​សន្និ​សីទ​​កាសែត។ AFP

ទំនាក់ទំនង​​ប្រេះ​ស្រាំ​​របស់​ពួក​គេ ធ្វើ​ឲ្យ​ប៉ះពាល់​នយោបាយ​ម៉ាឡេស៊ី​ចាប់​តាំង​ពី​លោក ​ម៉ាហាធៀ​ ​ចូល​កាន់​តំណែង​លើក​ដំបូង​កាល​ពី​ទសវត្សរ៍​ឆ្នាំ ​១៩៩០​ ហើយ​បាន​បណ្តេញ​លោក ​អាន់វ៉ា​ អ៊ីប្រាហ៊ីម ​ចេញ​ពី​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី​របស់​លោក​ ហើយ​លោក​បាន​ជាប់​ពន្ធនាគារ​ក្រោម​​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​មនុស្ស​ប្រុស​ដូច​គ្នា​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​

ពួក​គេ​បាន​ផ្សះផ្សា​គ្នា​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៨​ ដើម្បី​ទម្លាក់​ក្រុម​ចម្រុះ ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​ដឹកនាំ​ដោយ​លោក ​ណាជីប​ ​រ៉ាហ្សាក់ ​ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​សង្ស័យ​លោក​ ម៉ាហាធៀ ​មាន​វ័យ ​៩៤ ​ឆ្នាំ​ ជា​មេ​ដឹកនាំ​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅ​លើ​​ពិភព​លោក​ អាច​នឹង​សន្យា​ប្រគល់​អំណាច​ទៅ​ឲ្យ​លោក ​អាន់វ៉ា​ អ៊ីប្រាហ៊ីម​ ឲ្យ​ដឹកនាំ​ប្រទេស ម៉ាឡេស៊ី ​ជំនួស​វិញ​។​

លោក ​ម៉ាហាធៀ​ បាន​លា​លែង​ពី​តំណែង​ ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ចន្ទ​ ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​ តើ​លោក ​ម៉ាហាធៀ​​ ចូលរួម​ចំណែក​​ក្នុង​​ផែនការ​ផ្តួល​រំលំ​​រដ្ឋាភិបាល​នេះ​ដែរ​ឬ​ទេ?​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​សង្ស័យ​ថា ​លោក ​ម៉ាហាធៀ​ យ៉ាង​ហោច​ណាស់​បាន​ធ្វើ​ ដើម្បី​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​។​ លោក ​ម៉ាហាធៀ​ ត្រូវ​បាន​​តែងតាំង​ ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​បណ្តោះ​អាសន្ន​ និង​ជា​ដំបូង​ទំនង​ជា​​​ទទួល​ការ​គាំទ្រ​ឲ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាង​ពេញ​ទំហឹង​ថែម​ទៀត​ផង​៕ AFP/SK​