កាល​ពី​ថ្ងៃ​អង្គារ​ ទី ១៣ ​មេបក្ស​ប្រឆាំង​ម៉ាឡេស៊ី​លោក Anwar Ibrahim បាន​ចូល​គាល់​ព្រះមហាក្សត្រ ​ដើម្បី​បង្ហាញ​ភ័ស្តុតាង​ថា ​លោក​ពិត​ជា​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​សភា​សម្រាប់​ការ​ដក​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Muhyiddin Yassin ចេញ​ពី​តំណែង​ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី។

មុន​នឹង​លោក​ឈាន​ចូល​រាជវាំង Isatana Negara លោក Anwar ​បាន​និយាយ​ថា ​លោក​នឹង​បង្ហាញ​ព្រះមហាក្សត្រ​នូវ​ភ័ស្តុតាង​ជា​ឯកសារ​បញ្ជាក់​ការ​គាំទ្រ​ពី​សមាជិក​សភា ដោយ​លោក​បាន​និយាយ​ថា ​ភ័ស្តុតាង​ទាំង​នេះ ​គឺ​រឹងមាំ​ និង​គួរ​ឱ្យ​ជឿជាក់​។

ដំបូង​ឡើយ​លោក Anwar ​ត្រូវ​ចូល​គាល់​ព្រះ​មហាក្សត្រ Al-Sultan Abdullah Ri''ayatuddin Al-Mustafa Billah Shah តាំង​ពី ​៣ សប្តាហ៍​មុន​មក​ម្ល៉េះ ​ប៉ុន្តែ​ការ​ណាត់​ចូល​គាល់​ត្រូវ​បាន​លុប​ចោល​ដោយសារ​ព្រះអង្គ​ទ្រង់​យាង​ទៅ​មន្ទីរពេទ្យ ​ដើម្បី​សម្រាក​ព្យាបាល​ការ​ពុល​អាហារ​ និង​របួស​សន្លាក់​បណ្តាល​មក​ពី​ការ​ហាត់​កីឡា ​រហូត​មក​ដល់​ថ្ងៃ​ទី ២ ខែ​តុលា ​ទើប​ព្រះអង្គ​ទ្រង់​យាង​ចេញ​ពី​មន្ទីរពេទ្យ។

ក្រោយ​ពី​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ ​លោក Anwar បាន​រៀបចំ​សន្និសីទ​កាសែត​ ដោយ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ព្រះមហាក្សត្រ​នឹង​សិក្សា​ឯកសារ ដែល​លោក​បាន​ថ្វាយ​ហើយ​ព្រះអង្គ​នឹង​ពិគ្រោះ​យោបល់​ជាមួយ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។

គួរ​បញ្ជាក់​ថា​ មហាក្សត្រ​ម៉ាឡេស៊ី​មាន​តួនាទី​តែងតាំង​បេក្ខជន​ដែល​ទ្រង់​យល់​ឃើញ​ថា មាន​ការគាំទ្រ​ភាគ​ច្រើន​នៃ​សមាជិក​សភា​ជា​នាយក​រដ្ឋមន្ត្រី។

យ៉ាង​ណា​មិញ​លោក Anwar ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​អនុវត្ត ​«ការ​អត់ធ្មត់» ​ដើម្បី​អនុញ្ញាត​ឱ្យ​ព្រះមហាក្សត្រ​ធ្វើ​ការ​ពិចារណា ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ឈរ​លើ «ស្មារតី​នៃរ​ដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​របស់​ព្រះអង្គ​»​។

លោក Anwar ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា​ លោក Muhyiddin បាន​បាត់បង់​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​ហើយ​លោក​ត្រូវ​តែ​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី។

លោក ​Anwar​ បាន​អះអាង​ថា ​លោក​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ប្រមាណ ​១២០ រូប ​លើ​ចំនួន​សរុប ​២២២ ​តែ​លោក​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​របស់​សមាជិក​សភា​ទាំង​នេះ​ទេ។

ប៉ុន្តែ​មាន​ជន​មិន​ស្គាល់​មុខ​ចែកចាយ​បញ្ជី​ឈ្មោះ​សមាជិក​សភា​ចំនួន ១២១ រូប​ ដែល​គេ​អះអាង​ថា ​ជា​សមាជិក​សភា​ដែល​គាំទ្រ​លោក Anwar។ ប៉ូលិស​បាន​បើក​ការស៊ើប​អង្កេត​រក​ប្រភព​បញ្ជី​ឈ្មោះ​នេះ ​ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន ៦​ ដោយ​ក្នុង​ចំណោម​នោះ​មាន​ពាក្យ​បណ្ដឹង​មក​ពី​សមាជិក​សភា​មិន​ស្គាល់​អត្តសញ្ញាណ ​១ ​រូប។ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ផង​ដែរ​ លោក Anwar ត្រូវ​បាន​ប៉ូលិស​កោះ​ហៅ​ឱ្យ​ទៅ​ធ្វើ​ការ​បំភ្លឺ​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ចន្ទ ទី ១២។

ងាក​មក​លោក ​Muhyiddin ដែល​ដឹកនាំ​សំឡេង​ភាគ​ច្រើន ​១១៣ ​អាសនៈ​ក្នុង​សភា ​មាន​ការ​មិន​ទុក​ចិត្ត​ចំពោះ​ការ​អះអាង​របស់​លោក Anwar ហើយ​បាន​ទាមទារ​ឱ្យ​លោក​បង្ហាញ​ភ័ស្តុតាង​ជា​សាធារណៈ។

លោក Anwar ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​លោក Mahathir Mohammad ប៉ុន្តែ​កាល​ពី​ដើម​ឆ្នាំ ២០២០​ លោក Muhyiddin បាន​បំបែក​ខ្លួន​ចេញ​ពី​សម្ព័ន្ធភាព​នយោបាយ Pakatan Harapan (PH) ដឹកនាំ​ដោយ​លោក Mohammad និង​លោក Anwar។ លោក Muhyiddin បាន​បង្កើត​សម្ព័ន្ធភាព​នយោបាយ Perikatan Nasional (PN) ដែល​ធ្វើ​ឱ្យ PH បាត់បង់​សំឡេង​ភាគ​ច្រើន​ក្នុង​សភា និង​ធ្វើ​ឱ្យ​លោក Mahathir លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី។

លោក Anwar ដំបូង​ឡើយ​ជា​តារា​ដែល​កំពុង​រះ​ឡើង​ក្នុង​វិស័យន​យោបាយ​ម៉ាឡេស៊ី​ និង​ក្នុង​បក្ស​ UMNO តែ​លោក​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពី​បទ​រួមភេទ​ជាមួយ​បុរស និង​អំពើ​ពុក​រលួយ​បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ដោយ​លោក Mahathir ក្នុង​ឆ្នាំ ១៩៩៨។

លោក​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ម្ដង​ទៀត​ពី​បទ​រួមភេទ​ជា​មួយ​បុរស​ដដែល​ក្នុង​ឆ្នាំ ​២០១៥​ នៅ​ពេល​ដែល​លោក Najib Razakធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។

បន្ទាប់​មក​លោក​ត្រូវ​បាន​ទទួល​ការ​លើកលែង​ទោស​ពី​ព្រះ​មហាក្សត្រ​ក្នុង​ឆ្នាំ ២០១៨​ ដែល​ជា​ផ្នែក ​១ នៃ​កិច្ច​ព្រមព្រៀង​ជា​មួយ​លោក Mahathir ដើម្បី​ឱ្យ Mahthir​ទទួល​បាន​ជ័យជម្នះ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​អ្នក​ទាំង ​២ ​បាន​បង្កើត​សម្ព័ន្ធមិត្ត ​ដើម្បី​ទម្លាក់​លោក Najib នៅ​ក្នុង​ការ​បោះ​ឆ្នោត៕