លោក ​Andres Arauz ជា​សេដ្ឋវិទូ និង​អ្នក​ឆ្វេង​និយម​បាន​អះអាង​ថា នេះ​ជា «ជោគជ័យ​ដ៏​អស្ចារ្យ» នៅ​ពេល​សំឡេង​ឆ្នោត​ជា​បណ្ដោះអាសន្ន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ​លោក​អាច​នឹងមាន​ឱកាស​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​អតីត​អ្នក​ធនាគារ ​និង​ជា​អ្នក​ស្តាំនិយម​លោក Guillermo Lasso។

សំឡេង​ឆ្នោត​ពី ២ តំបន់​បង្ហាញ​ឱ្យ​ឃើញ​ថា លោក Arauz បាន​ទទួល​សំឡេង​គាំទ្រ​ខ្ពស់​បំផុត​ដោយ​ទទួល​បាន ៣៤,៩ ទៅ ៣៦,២ ភាគរយ ច្រើន​ជាង​លោក ​Lasso ដែល​ទទួល​បាន​សំឡេង ២១ ទៅ ២១,៧ ភាគរយ។

ដើម្បី​ឈ្នះ​ឆ្នោត​ទាំង​ស្រុង​បេក្ខភាព​នៃ​គណបក្ស​នីមួយៗ​ត្រូវ​ការ​សំឡេង ៥០ ភាគរយ ​បូក​មួយ ឬ ៤០ ភាគរយ ​និង​នាំមុខ ១០ ពិន្ទុ​លើ​គូប្រជែង​ដែល​ស្ថិត​នៅ​លំដាប់​កៀក​គ្នា​បំផុត។ យ៉ាងណា​មិញ បើ​គិត​ត្រឹម​យប់​ថ្ងៃ​អាទិត្យ ដំណើរការ​បោះឆ្នោត​ទើប​តែ​សម្រេច​បាន ១៧ ភាគរយ​ប៉ុណ្ណោះ៕