ប្រធានាធិបតី​ជាប់​ឆ្នោត លោក ​Joe Biden​ នឹង​ចាប់​ផ្ដើម​ប្រកាស​ឈ្មោះ​សមាសភាព​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ​ទី ២៤​ វិច្ឆិកា នេះ ​ខណៈ​លោក ​Trump នៅ​តែ​បន្ត​ការ​ប្ដឹង​តវ៉ា​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដោយ​មិនមាន​ភ័ស្តុតាង​ច្បាស់លាស់។​

នាយក​ខុទ្ទកាល័យ​លោក​ Biden ​គឺ​លោក ​Ron Klain កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ២២ វិច្ឆិកា ​បាន​ប្រាប់​ទូរទស្សន៍ ​ABC ​ថា៖ «អ្នក​នឹង​ឃើញ​ការ​ជ្រើសរើស​រដ្ឋមន្ត្រី​ដំបូង​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​នៅ​ថ្ងៃ​អង្គារ ​សប្ដាហ៍​នេះ»។

លោក ​Klain ​មិន​បាន​បញ្ជាក់​ថា​លោក ​Biden នឹង​ប្រកាស​តំណែង​រដ្ឋមន្ត្រី​មួយ​ណា​មុន​គេ​ទេ​ ​តែ​ភ្នាក់ងារ​សារព័ត៌មាន​ Bloomberg News ​បាន​រាយការណ៍​ថា​ លោក Biden ​នឹង​ប្រកាស​បំពេញ​តំណែង​រដ្ឋមន្ត្រី​ការបរទេស​មុន​គេ ដោយ​លោក​នឹង​ជ្រើសរើស​ទីប្រឹក្សា​ជំនិត​របស់​លោក ​គឺ​លោក ​Anthony Blinken ​ឱ្យ​បំពេញ​តំណែង​នេះ ហើយ​កាល​ពី​សប្ដាហ៍​មុន​លោក ​Biden បាន​បង្ហាញ​ថា ​លោក​បាន​សម្រេច​ចិត្ត​ជ្រើសរើស​រដ្ឋមន្ត្រី​រតនាគារ​រួច​ជា​ស្រេច​ហើយ។

ក្រៅ​ពី​រដ្ឋមន្ត្រី​ការបរទេស ​Bloomberg News ​ក៏​បាន​រាយការណ៍​ថា​ លោក Biden ​ក៏​នឹង​ប្រកាស​ដើម្បី​ជ្រើសរើស​លោកស្រី Linda ​Thomas Greenfield​ ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​បណ្ដេញ​ចេញ​ដោយ​លោក Trump ​ជា​អគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិ ​និង​លោក ​Jake Sullivan​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ថ្ងៃ​អង្គារ​ផង​ដែរ។ តំណែង​ទាំង​នេះ ​គឺ​ជា​ទីប្រឹក្សា​សំខាន់ៗ​ចំពោះ​ប្រធានាធិបតី​អាមេរិក​ទាក់ទង​គោល​នយោបាយ​អន្តរជាតិ​។

លោក​ប្រធានាធិបតី Donald Trump នៅ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​រារាំង​ការ​បញ្ជាក់​លទ្ធផល​ការ​បោះឆ្នោត​នៅ​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា រដ្ឋ Arizona, Georgia, Michigan, Nevada, និង រដ្ឋ​ Pennsylvania។

លោក Trump បាន​ចាញ់ ​ឬ​បាន​ដក​ពាក្យ​បណ្ដឹង​នៅ​រដ្ឋ​ទាំង​នេះ ហើយ​នៅ​រដ្ឋ ​Pennsylvania ​ចៅក្រម​ដែល​បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​លោក Trump បាន​និយាយ​ថា៖ «តុលាការ​នេះ​ត្រូវ​បាន​បង្ហាញ​អំណះអំណាង​គ្មាន​គុណសម្បត្តិ ការ​ចោទប្រកាន់​តាម​ការ​ប៉ាន់ស្មាន ​និង​ភ័ស្តុតាង​មិន​មាន​ការ​គាំទ្រ។ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ ​មិន​អាច​ធ្វើ​ជា​ហេតុផល​សម្រាប់​ការ​ដក​សិទ្ធិ​អ្នក​បោះឆ្នោត​សូម្បី​តែ​ម្នាក់ ដោយ​មិន​បាច់​និយាយ​ពលរដ្ឋ​ទាំង​អស់​របស់​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី៦។ ប្រជាជន​ច្បាប់ ​និង​ស្ថាប័ន​របស់​យើង​ទាមទារ​ច្រើន​ជាង​នេះ​»​។

លោក Trump ​ក៏​បាន​ហាមឃាត់​ស្ថាប័ន​​រដ្ឋាភិបាល ​ជា​ពិសេស​រដ្ឋបាល​សេវា​ទូទៅ (GSA) មិន​ឱ្យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​លោក ​Biden ក្នុង​ការ​ផ្ទេរ​អំណាច។ GSA គឺ​ជា​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក​មួយ​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ការិយាធិបតេយ្យ​ទូទៅ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​រួម​មាន​កាតព្វកិច្ច​ក្នុង​ការ​សម្រួល​ដំណើរការ​ផ្ទេរ​អំណាច​ពី​ប្រធានាធិបតី​មួយ​​ទៅ​ប្រធានាធិបតី​មួយ​ដូចជា​ការ​ជម្រាប​​​​ប្រាប់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​អំពី​ស្ថិតិ ​និង​ព័ត៌មាន​សម្ងាត់​ទាក់ទង​បញ្ហា​ក្នុង ​និង​​ក្រៅ​ប្រទេស និង​ការ​ផ្ដល់​ជំនួយ​ឡូជីស្ទិក ​និង​ថវិកា ​ដើម្បី​ទ្រទ្រង់​ក្រុម​រៀបចំ​ការ​ផ្ទេរ​​អំណាច​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​។

សមាជិក​ជាន់​ខ្ពស់​របស់​បក្ស​សាធារណរដ្ឋ​​មួយ​ចំនួន​ចេញ​មុខ​រិះគន់​លោក Trump នឹង​បាន​ទាមទារ​ឱ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិភាព។ អតីត​អភិបាល​រដ្ឋ New Jersey និង​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០១៦ ​លោក ​Chris Christie បាន​និយាយ​ថា ​ក្រុម​មេធាវី​របស់​លោក Trump គឺ​ជា «​ភាព​អាម៉ាស់​របស់​ជាតិ» ហើយ​បាន​​ទាមទារ​ឱ្យ GSA ចេញ​ថវិកា​ឱ្យ​ក្រុម​ផ្ទេរ​​​អំណាច​លោក ​Biden។

ក្រុម​មេធាវី​លោក Trump ​បាន​រៀបចំ​សន្និសីទ​កាសែត​ជា​ច្រើន​ដែល​ពួក​គេ​ធ្វើ​ការ​​អះអាង​ជា​ច្រើន​ដោយ​មិន​មាន​ភ័ស្តុតាង​​ដែល​​ធ្វើ​ឱ្យ​ក្រុម​នេះ​រង​ការ​ចំអក​ពី​សាធារណជន​ ជា​ពិសេស​លោក ​Rudy Giuliani។

អតីត​អភិបាល​រដ្ឋ Ohio និង​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ ២០១៦ ​ផង​ដែរ​នោះ ​គឺ​លោក ​John Kasich បាន​រិះគន់​សមាជិក​បក្ស​សាធារណ​រដ្ឋ​ផ្សេង​ទៀត​ថា៖​ «ពួក​គេ​អាច​ដើរ​តាម​លោក Trump ទាំង​ស្រុង ​ឬ​ពួក​គេ​អាច​ខ្លាច​លោក» ដោយ​លោក​បាន​បន្ត​ទៀត​ថា៖ «ពួក​គេ​ខ្លាច​អស់​តំណែង ​ឬ​ខ្លាច​រងការ​រិះគន់​យ៉ាង​ខ្លាំង»។

លោក Biden ​ត្រូវ​បាន​សន្មត​ថា​ ទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ៣០៦ ធៀប​នឹង​ ២៣២ របស់​លោក ​Trump។ ​ក្នុង​រយៈពេល​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែធ្នូ រដ្ឋ​ទាំង​អស់​ត្រូវ​តែ​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​ឆ្នោត ​និង​ធ្វើ​ការ​តែងតាំង​អង្គ​បោះឆ្នោត។ មក​ដល់​​ពេល​នេះ​រដ្ឋ Georgia បាន​បញ្ជាក់​លទ្ធផល​ឆ្នោត ​និង​បាន​តែងតាំង​អង្គ​បោះឆ្នោត​រួច​ហើយ ​តែ​លោក​ Trump បាន​ទាមទារ​ឱ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​​វិញ​នៅ​រដ្ឋ​នេះ ​ក្រោយ​ពី​បាន​រាប់​ឡើង​វិញ ​១ ​ដង​រួច​ហើយ។

ចំណែក​នៅ​រដ្ឋ Michigan វិញ​ដែល​ត្រូវ​បញ្ជាក់​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ ទី២៣ វិច្ឆិកា ក៏​មាន​ការ​រាយការណ៍​ផង​ដែរ​ថា ​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​រៀបចំ​ការ​បោះឆ្នោត​នៃ​រដ្ឋ​នេះ ​អាច​នឹង​បោះឆ្នោត​ប្រឆាំង​នឹង​ការ​បញ្ជាក់​លទ្ធផល​ឆ្នោត៕