ប្រធានាធិបតី​ជាប់​ឆ្នោត លោក Joe Biden បាន​ប្រកាស​ឈ្មោះ​បុគ្គល ២ រូប ដែល​នឹង​បំពេញ​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ ខណៈ​ពេល​ដែល​លោក Trump បាន​លែង​ដៃ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក​ចាប់​ផ្ដើម​ដំណើរការ​ផ្ទេរ​អំណាច។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃចន្ទ ទី ២៣ (ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី ២៥ នៅ​កម្ពុជា) លោក Biden បាន​ជ្រើសរើស​ទីប្រឹក្សា​ជំនិត​របស់​លោក​ គឺ​លោក Antony Blinken ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។ លោក Blinken ចាប់​ផ្ដើម​ប្រឡូក​ក្នុង​នយោបាយ​នៅ​ក្នុង​រដ្ឋបាល លោក Bill Clinton ដែល​កាល​នោះ​លោក​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Clinton។

លោក Blinken បាន​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក Biden អស់​រយៈ​ពេល​ជិត ២០ ឆ្នាំ ហើយ​តាំង​ពី​ពេល​លោក Biden ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​រហូត​ដល់​ពេល​លោក​ក្លាយ​ជា​អនុ​ប្រធានាធិបតី​អាមេរិក។ ក្នុង​ពេល​ដែល លោក Blinken ធ្វើ​ជា​ទីប្រឹក្សា​លោក Biden លោក​ក៏​ធ្វើ​ជា​អ្នក​ជំនាញ​ជាន់​ខ្ពស់​នៃ​ក្រុម​គិត​ពី​គោលន​យោបាយ Center for Strategic and International Studies (CSIS) ផង​ដែរ។

នៅ​ក្នុង​រដ្ឋបាល លោក Barack Obama លោក Blinken ដំបូង​ឡើយ​មាន​តួនាទី​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​អនុ​ប្រធានាធិបតី ​ក្រោយ​មក​លោក​ក្លាយ​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​រង​របស់​ប្រធានាធិបតី ​ហើយ​ជា​ចុង​ក្រោយ​ត្រូវ​បាន​លោក Obama តែងតាំង​ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។

ក្នុង​រដ្ឋបាល Obama លោក Blinken គឺ​ជា​អ្នក​រៀបចំ​គោល​នយោបាយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អស្ថិរភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​ ជា​ពិសេស​នៅ​ស៊ីរី អ៊ីរ៉ាក់ អេហ្ស៊ីប និង លីប៊ី។

លោក Blinken ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​អន្តរាគមន៍​និយម ដោយ​លោក​បាន​គាំទ្រ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ កាល​ពី​ឆ្នាំ ២០០៣ និង​កាល​ពី ឆ្នាំ ២០១៣ លោក​បាន​ទាមទារ​ឲ្យ​លោក​ Obama ធ្វើ​ការ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា លោក Assad បាន​ប្រើប្រាស់​អាវុធ​គីមី។

ទាក់ទង​នឹង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា លោក Blinken នឹង​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​ចិន តែ​នឹង​បញ្ឈប់​គោល​នយោបាយ​ឯកតោភាគី «អាមេរិក ​មុន» ឬ «America First» របស់​រដ្ឋបាល​លោក Trump ដែល​បាន​ធ្វើ​ឱ្យ​កើន​ឡើង​ភាព​តានតឹង​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​ជា​ច្រើន​ទៅ​លើ​ការ​ប្រើ​គោល​នយោបាយ​ពហុភាគី​វិញ ​ដើម្បី​ជំរុញ​ការ​​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ហើយ​ជំនួស​ឱ្យ​ការ​ដាក់​សម្ពាធ​ប្រទេស​ជុំវិញ​ពិភព​លោក​ឱ្យ​ជ្រើសរើស​រវាង​មហា​អំណាច​ទាំង ២។

លោក Blinken ត្រូវ​គេ​រំពឹង​ថា ​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ឥណ្ឌា ​​ដំបូង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទាក់ទង​នឹង​បញ្ហា​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា លោក​មិន​ទាន់​បាន​បង្ហាញ​ជំហរ​​ច្បាស់លាស់​នៅ​ឡើយ រី​ឯ​អ្នក​ផ្សេង​ទៀត​គិត​ថា លោក​នឹង​បន្ត​គាំទ្រ ​និង​ផ្សព្វផ្សាយ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​គោល​នយោបាយ​ការ​បរទេស​អាមេរិក។

លោក Biden ក៏​បាន​ជ្រើសរើស លោក Alejandro Mayorkas ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ។ ក្រសួង​សន្តិសុខ​មាតុភូមិ​ក្រោម​រដ្ឋបាល Trump បាន​ប្រកាន់​យក​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស​ដែល​រួម​មាន​ការ​បំបែក​គ្រួសារ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ការ​កើន​ឡើង​នៃ​ការ​និរទេស​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​បាន​រស់នៅ​ជា​យូរ​ឆ្នាំ​ហើយ​​ក៏​បាន​ចូលរួម​ក្នុង​ការ​បង្ក្រាប​ក្រុម​បាតុករ​តវ៉ា​ការ​ស្លាប់​លោក George Floyd។

លោក Mayorkas គឺ​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស គុយបា ហើយ​កាល​ពី​រដ្ឋបាល Obama លោក​បាន​ធ្វើ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ មាតុភូមិ និង​ជា​ប្រធាន​សេវា សញ្ជាតិកម្ម និង​អន្តោប្រវេសន៍។ បើ​សិន​លោក​ត្រូវ​បាន​ព្រឹទ្ធសភា​យល់ព្រម​ឱ្យ​លោក​ចូល​កាន់​តំណែង​នោះ​លោក​នឹង ក្លាយ​ជា​ជនជាតិ​ឡាទីន​ដំបូង​គេ​ដែល​ចូល​កាន់​អំណាច​ជា​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ។

ក្រៅ​ពី​ប្រកាស​ជ្រើសរើស​រដ្ឋមន្ត្រី​ទាំង ​២ នាក់​នេះ លោក Biden ក៏​បាន​ប្រកាស​ថា លោក​នឹង​បង្កើត​តំណែង​ថ្មី​សម្រាប់​ធ្វើ​ការ​ទទួល​បន្ទុក​កិច្ចការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ដែល​លោក​បាន​ប្រកាស​ថា លោក​ជ្រើសរើស​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​លោក John Kerry ដែល​ជា​មិត្ត​រួម​ការងារ​ជិតស្និទ្ធ​ជាមួយ​លោក Biden កាល​អ្នក​ទាំង ២ នៅ​ជា​សមាជិក​ព្រឹទ្ធសភា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​តែ​មួយ លោក ​Biden ក៏​បាន​ជ្រើសរើស​ប្រធាន​សកម្មភាព​ចារកម្មជាតិ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិ​ដែល​បុគ្គល​ទាំង​នេះ គឺ​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល Barack Obama។ មាន​ការ​​រាយការណ៍​ដោយ​កាសែត The New York Timesថា លោក Biden នឹង​ជ្រើសរើស​ប្រធាន​ធនាគារជាតិ​អាមេរិក​លោកស្រី Janet Yellen ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ផង​ដែរ។

ការ​ប្រកាស​ទាំង​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​តែ​មួយ​ដែល​រដ្ឋបាល លោក Trump បាន​អនុញ្ញាត​ឱ្យ​រដ្ឋបាល​សេវា​ទូទៅ (GSA) ចាប់​ផ្ដើម​ដំណើរការ​ផ្ទេរ​អំណាច​ក្រោយ​ពី​សមាជិក​សភាបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ការ​ទាមទារ​ឱ្យ​ធ្វើ​បែប​នេះ។

ប្រធាន GSA លោកស្រី Emily Murphy បាន​សរសេរ​ក្នុង​លិខិត​មួយ​ថា លោក Biden នឹង​ទទួល​បាន​ជំនួយ​ពី GSA ដើម្បី​ធ្វើ​ការ​ផ្ទេរ​អំណាច​ហើយ​បញ្ជាក់​ថា ​ការ​សម្រេច​នេះ គឺ​ចេញ​​ពី​លោកស្រី​ដោយ​ផ្ទាល់់។

លោក Trump បានប្រតិកម្ម​នឹង​ការ​​ប្រកាស​នេះ​ថា​៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់ Emily Murphy សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់ និង​ភាព​ស្មោះត្រង់​របស់​អ្នកស្រី​ចំពោះ​ប្រទេស​របស់​យើង។ អ្នកស្រី​ត្រូវ​បាន​គេ​យាយី​គំរាម​កំហែង និង​រំលោភ​បំពាន ហើយ​ខ្ញុំ​មិន​ចង់​ឃើញ​រឿង​នេះ​កើត​ឡើង​ ចំពោះ​គ្រួសារ​អ្នកស្រី ឬបុគ្គលិក​របស់​ GSA ទេ។

ពាក្យ​​បណ្ដឹង​របស់​យើង​វែង​ឆ្ងាយ​ យើង​នឹង​បន្ត យើង​នឹង​បន្ត​ការ​តស៊ូ​ ហើយ​ខ្ញុំ​ជឿជាក់​ថា យើង​នឹង​ឈ្នះ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ជា​ផល​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​ប្រទេស​យើង ខ្ញុំ​សូម​ណែនាំ​ឱ្យ​ Emily និង​ក្រុម​ការងារ​របស់​នាង​ធ្វើ​អ្វី​ដែល​ចាំបាច់​ទាក់ទង​នឹង​ពិធីសារ​ដំបូង ​ហើយ​ខ្ញុំ​បាន​ប្រាប់​ក្រុម​របស់​ខ្ញុំ​ឱ្យ​ធ្វើ​ដូចគ្នា»។

សម្ដី​លោក Trump មាន​ន័យថា លោក​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ផ្ទេរ​អំណាច ​តែ​លោក​នៅ​តែ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះឆ្នោត។

មក​ដល់​ពេល​នេះ លោក Biden ត្រូវ​បាន​សន្មត​ថា ទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ៣០៦ ធៀប​នឹង ​២៣២ របស់​លោក Trump។ រដ្ឋ Georgia បាន​បញ្ជាក់​លទ្ធផល​នៃ​ការ​បោះឆ្នោត តែ​លោក Trump បាន​ទាមទារ​រាប់​សន្លឹក​​ឆ្នោត​ឡើង​វិញ ​បើ​ទោះបី​ជា​រាប់​ឡើង​វិញ​ម្ដង​រួច​មក​ហើយ​ក្តី​។

ការ​ប្រកាស​របស់ លោកស្រី Murphy គឺ​ធ្វើ​ក្រោយ​ការ​ប្រកាស​បញ្ជាក់​លទ្ធផល​នៅ​រដ្ឋ Michigan ខណៈ​ដែល​​រដ្ឋ Pennsylvania ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ជាក់​នៅ​ពេល​ឆាប់ៗ​នេះ៕