លោក Elon Musk ម្ចាស់​ក្រុមហ៊ុន Tesla បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ១,៥ ពាន់​លាន​ដុល្លារ ​ដើម្បី​ទិញ​រូបិយប័ណ្ណ Bitcoin និង​ប្រកាស​ថា ក្រុមហ៊ុន​លោក​គ្រោង​នឹង​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិក Bitcoin នេះ​ក្នុង​ការ​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ខ្លួន។ ភ្លាមៗ​នោះ​តម្លៃ​រូបិយប័ណ្ណ Bitcoin បាន​ឡើង​លឿន​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​បង្កើត​ឱ្យ​មាន​ការ​ពិភាក្សា​ដេញ​ដោល ​និង​វិភាគ​ថា តើ​អនាគត​នៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​នឹង​ក្លាយ​ជា​យ៉ាងណា?

ក្រោយ​ការ​ប្រកាស និង​ការ​អនុម័ត​វិនិយោគ​រួច​មក​ទីផ្សារ​ទូទាត់​សាច់​ប្រាក់ រួមមាន​ដូចជា PayPal សេវា​បង់ប្រាក់​តាម​ទូរស័ព្ទ (Microstrategy MSTR) ធ្លាក់​ចុះ​ប្រមាណ​ដក ២៣,៤%, Visa, Square-SQ ធ្លាក់​ដល់​ដក ០,២% និង ​Mastercard ក៏​ធ្លាក់​ចុះ​ផង​ដែរ។ យ៉ាង​ណា​មិញ ទីផ្សារ​រូបិយប័ណ្ណ Bitcoin និង​រូបិយប័ណ្ណ​អេឡិចត្រូនិក (crypto) ផ្សេងៗ​ទៀត​ហាក់​ហក់​ឡើង​ខ្ពស់​វិញ។

លោក Thomas Carper សមាជិក​ព្រឹទ្ធសភា​ជាន់​ខ្ពស់​អាមេរិក​នៅ​រដ្ឋ​ដេឡាវ៉ា (Delaware) បាន​ឱ្យ​ដឹង​ទាក់ទិន​នឹង បាតុភូត​នេះ​ថា៖ «ក្នុង​ចំណោម រូបិយប័ណ្ណ​និមិត្ត (អេឡិចត្រូនិក) រូបិយប័ណ្ណ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​គឺ Bitcoin ដែល​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​អ្នកទិញ​ខ្លះ និង​ធ្វើ​ឱ្យ​មាន​អ្នក​ខ្លះ​ភ័យ​ខ្លាច ខ្លះ​ច្របូកច្របល់​ដូច​តែ​ពួក​យើង​ដែរ ថា​តើ​អនាគត​អាច​នឹង​មាន​អ្វី​កើតឡើង?»។

លោក Elon Musk កាលពី​ថ្ងៃទី ៨ កុម្ភៈ កន្លង​ទៅបាន​ប្រកាស​ថា ក្រុមហ៊ុន Tesla បាន​ទិញ​រូបិយប័ណ្ណ Bitcoin ចំនួន ១,៥ ពាន់​លាន​ដុល្លារ កាល​ពី​ខែមករា ដោយ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ទទួល​យក​រូបិយប័ណ្ណ​ប្រភេទ​នេះ ដើម្បី​ទូទាត់​នា​ពេលអនាគត។ រ

បាយការណ៍​ក្រុមហ៊ុន Tesla បាន​ឱ្យ​ដឹងថា​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​បាន​អនុម័ត​គោលនយោបាយ​វិនិយោគ​ដោយ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ក្នុង​ខែ​មករា ក្នុង​ការ​ផ្តល់​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត ​ដើម្បី​បង្កើត​ឱ្យ​មាន​ប្រភេទ​ទូទាត់​សាច់​ប្រាក់​ច្រើន និង​ផ្តល់​ផល​ចំណេញ​អតិបរមា​បន្ថែម​ទៀត​លើ​សាច់​ប្រាក់​របស់​យើង​ដែល​នៅសល់​ក្រៅ​ពី​ប្រតិបត្តិការ។ គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ក្រុមហ៊ុន​នេះ មាន​សាច់​ប្រាក់​សុទ្ធ ស្មើ​នឹង ១៩,៣៨ ពាន់​លាន​ដុល្លារ។

ព័ត៌មាន​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ Bitcoin លោត​ឡើង​ដល់ ២៥ ភាគរយ ឬ ស្មើ​នឹង​ប្រមាណ​ជាង ៤៥ ០០០ ដុល្លារ ​ក្នុង ១ ឯកតា​ ដែល​ជា​កំណត់ត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​ពី​មុន​មក។ លោក Musk ហាក់​ដូចជា ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ត្រួសត្រាយ​ទីផ្សារ​រូបិយប័ណ្ណ​អេឡិចត្រូនិក​កាល​ពី​សប្តាហ៍​មុន ដោយ​បាន​ផូស្ត​ធ្វីធើរ​ជា​បន្តបន្ទាប់ និង​បន្ថែម​ហាសថេក ''#Bitcoin'' ទៅ​លើ​ផូស្ត Twitter របស់​លោក។

គាត់​បាន​បន្ត​ផូស្ត​ទាក់ទិន​នឹង​និយាយ​ជាមួយ​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​ប្រភេទ​ទៀត​គឺ ​Dogecoin ដែល​ធ្វើ​ឱ្យ​ទីផ្សា​រូបិយប័ណ្ណ​មួយ​នេះ​កើន​ឡើង​ដល់ ៥០ ភាគរយ​កាល​ពី​សប្តាហ៍​មុន ​បន្ទាប់​ពី​ការ​ប្រកាស​វិនិយោគ​របស់​លោក។

លោក ​Nic Carter សហស្ថាបនិក​ក្រុមហ៊ុន Castle Island Ventures និង​ក្រុមហ៊ុន​ទិន្នន័យ Coin Metrics បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍ CNBC កាល​ពី​ថ្ងៃ​ពុធ​ថា លោក​មាន​ជំហរ​សុទិដ្ឋិនិយម​ចំពោះ Bitcoin និង​រីករាយ​ចំពោះ​ជំហាន​របស់​លោក Musk ដែល​បាន​ទិញ Bitcoin។ «ប៉ុន្តែ​ជា​អកុសល​អ្នក​លក់រាយ​ជាច្រើន អាច​នឹង​ខាតបង់​ប្រាក់​លើ​ការ​វិនិយោគ ​dogecoin ក្នុង​រយៈ​ពេល​វែង ពី​ព្រោះ​វា​មិន​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​នឹង​បច្ចេកវិទ្យា ដែល​គួរ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍»។ លោក​បាន​បន្ត​យ៉ាង​ដូច្នេះ។

លោក​បាន​បន្ថែម​ថា៖ «រឿង​តែ​មួយ​គត់​ដែល​អាច​នឹង​កើត​ឡើង​ចំពោះ​រូបិយប័ណ្ណ​ប្រភេទ​នេះ (Dogecoin) គឺ​បន្ថយ​ល្បឿន​នៃ​ការ​ឡើងថ្លៃ​ប៉ុន្តែ​នៅ​បន្ត​នៅក្នុង​ទីផ្សារ​ដដែល និង​ឈប់​ផ្ដល់​ការ​រំពឹង​ទុក​ដល់​អ្នក​វិនិយោគ»។

ទោះ​ជា​យ៉ាង​ណាក្ដី មួយ​ជំហាន​របស់​ក្រុមហ៊ុន Tesla ក្នុង​ការ​ទិញ​រូបិយប័ណ្ណ Bitcoin នេះ​មាន​ប្រសិទ្ធភាព​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​មាន​គេ​រំពឹង​ថា​ក្រុមហ៊ុន​នេះ នឹង​ទទួលបាន​ប្រាក់​ចំណេញ​ត្រឡប់​មក​ពី​ការ​ទិញ​វិញ​រាប់រយ​លាន​ដុល្លារ​ឯណោះ។

ការ​ទិញ​រូបិយប័ណ្ណ Bitcoin របស់​ក្រុមហ៊ុន ​Tesla គឺ​ជា​ការ​វិនិយោគ​ដ៏​ធំ​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បើ​យោង​ទៅ​តាម​រតនាគារ Bitcoin ដែល​ជា​គេហទំព័រ​ដែល​គ្រប់គ្រង​ការ​វិនិយោគ​សាជីវកម្ម​ក្នុង​ទ្រព្យសកម្ម។

ប៉ុន្តែ​សំណួរ​សួរ​ថា តើ​សេវា​ទូទាត់​ដទៃៗ​ទៀត​អាច​នឹង​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិក បន្ទាប់​ពី​លោក Musk ដែរ​ឬ​យ៉ាងណា?

ការ​ទិញ​រូបិយប័ណ្ណ Bitcoin បាន​កើន​ឡើង​ខ្ពស់​បំផុត និង​នៅ​តែ​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់ ជាពិសេស​ពី​សំណាក់​ក្រុមហ៊ុន​សាធារណៈ កាល​ពី​ឆ្នាំ ២០២០ នៅ​ពេល​ដែល​តម្លៃ​រូបិយប័ណ្ណ​មួយ​នេះ​ឡើង​ខ្ពស់​ជាង ៤ ដង​នៃ​តម្លៃ​ដើម។ ក្រុមហ៊ុន Tesla ក៏​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​ដែរ​នៅ​ពេលនោះ។ ក្រុមហ៊ុន​អភិវឌ្ឍន៍​សូហ្វវែរ​ដូចជា MicroStrategy Inc បាន​ទិញ Bitcoin តម្លៃ​ប្រមាណ ៤២៥ លាន​ដុល្លារ កាល​ពី​ឆ្នាំមុន ហើយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ ​គឺ​លោក Michael Saylor បាន​ក្លាយ​បុគ្គល​នាំ​មុខ​ម្នាក់ ដែល​វិនិយោគ​លើ​រូបិយប័ណ្ណ Bitcoin នេះ។

យ៉ាងណា​មិញ ការ​ទិញ​រូបិយប័ណ្ណ ការ​វិភាគ និង​ការ​ឡើង​ថ្លៃ​របស់ Bitcoin នេះ គឺ​ជា​ការ​ពង្រីក​ខ្លួន​របស់ Bitcoin ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អេឡិចត្រូនិក ដែល​ដំណើរការ​នេះ​ធ្លាប់​មាន​រួច​ហើយ​ចាប់​តាំង​ពី​ពេល​ដែល​ទីផ្សារ Bitcoin ឡើង​ខ្ពស់​បំផុត​នៅ​ឆ្នាំ ២០១៧ ខណៈ​រូបិយប័ណ្ណ​នេះ​នៅ​តែ​បន្ត​ការ​កើន​ឡើង និង​ការ​ពង្រីក​សក្ដានុពល​ខ្លួន​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អេឡិចត្រូនិក។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០២១ គេ​រំពឹងថា ការ​កើន​ឡើង​នេះ​ទំនង​មិន​អាច​កើត​មាន​ឡើង​ដូច​កាល​ឆ្នាំ ២០១៧ ឡើយ។

ថ្មីៗ​នេះ ក្រុមហ៊ុន PayPal ដែល​ជា​ក្រុមហ៊ុន​សហស្ថាបនា​ដោយ​លោក Musk កាល​ពី​ឆ្នាំ ១៩៩៩ ក៏​បាន​ចាប់​ផ្តើម​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទិញ និង​លក់​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ផង​ដែរ។ ក្រុមហ៊ុន​គ្រប់គ្រង​ប្រាក់​ធំ​វិនិយោគ​ធំជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ក្រុមហ៊ុន Blackrock ថ្មីៗ​នេះ​ក៏​បាន​ផ្លាស់ប្តូរ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ ​ដែល​អនុញ្ញាត​ឱ្យ​ការ​វិនិយោគ​មួយចំនួន​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ក្នុង​ការ​ទូទាត់ និង​វិនិយោគ​ផង​ដែរ។

បើ​យោង​តាម​កាសែត Wall Street Journal ក្រុមហ៊ុន​ដែល​កាន់កាប់ Bitcoin នៅ​ក្នុង​រតនាគារ​របស់​ពួក​គេ អាច​នឹង​ប្រឈម​នឹង​ហានិភ័យ​ទ្រព្យសកម្ម ដោយសារ​តែ Bitcoin និង​ទ្រព្យសម្បត្តិ​ឌីជីថល​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជា «ទ្រព្យ​អរូបី​មិន​ប្រាកដប្រជា» ដែល​មាន​លក្ខណៈ ប្រថុយប្រថាន​ជាង​រូបិយប័ណ្ណ​ទូទៅ។

ការ​ធ្លាក់​ថ្លៃ​ជាង​តម្លៃ​ដែល​ក្រុមហ៊ុន​ទិញ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ចូល​ដើម។ ឧទាហរណ៍​ដូច​ក្រុមហ៊ុន MicroStrategy ធ្លាប់​បាន​ប្រកាស​ពី​ការ​ខាតបង់​ពី​ការទិញ​លក់ Bitcoin នៅ​ត្រីមាស​ទី៣ នៃ​ឆ្នាំ ២០២០ ដោយសារ​តែ​តម្លៃ Bitcoin បាន​ធ្លាក់ចុះ​ជា​បណ្តោះអាសន្ន​កាល​ពី​ខែកញ្ញា។

ករណី​មួយ​ទៀត​គឺ ករណី​របស់ Tesla នេះ​តែម្តង ពោល​គឺ​ក្រោយ​ការ​ប្រកាស​ទិញ​រូបិយប័ណ្ណ Bitcoin រួច តម្លៃ Bitcoin បាន​ឡើង​ថ្លៃ​រហូត​ដល់ ២៥% ក្នុង ១ ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ក្រុមហ៊ុន Tesla ខាតបង់​ប្រហែល ៤% ចាប់​តាំង​ពី​ទិញ​មក៕