ក្រុងការ៉ាកាសៈ មេបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា លោក Juan Guaido បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​កាលពី​ថ្ងៃ​អង្គារ​ថា​ជំនួយ​មនុស្សធម៌​ដែល​ត្រូវការ​ចាំបាច់​នោះ​នឹង​ត្រូវ​បាន​នាំចូល​ប្រទេស​នៅ​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ​នេះ ទោះបី​ជា​មាន​ការប្រឆាំង​ពី​ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ក្តី​។

លោក​ប្រធានាធិបតី​ស្តីទី​ស្វ័យ​ប្រកាស Guaido ​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​វា​ពិតជា​ច្បាស់​ណាស់​ថា ជំនួយ​មនុស្សធម៌​នឹង​មក​ដល់​វ៉េណេស៊ុយអេឡា ពីព្រោះ​អ្នក​ដណ្តើម​អំណាច​គេ​នឹង​គ្មាន​ជម្រើស ក្រៅពី​ចាកចេញ​ពី​ប្រទេស​នោះ​ទេ​»​។

ជំនួយ​អាមេរិក​កំពុង​មក​ដល់​ប្រទេស ​កូឡុំប៊ី​ នៅ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​រង​ការប៉ះពាល់​ដោយ​វិបត្តិ​វាយប្រហារ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ការឆ្លងកាត់​ស្ពាន​ព្រំដែន​ត្រូវ​បាន​រាំងខ្ទប់​ដោយ​យោធា​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ​។

លោក Guaido ដែល​ត្រូវ​ទទួល​ស្គាល់​ដោយ​ប្រទេស​ចំនួន​ ៥០ ក្រោយ​ពី​ធ្វើការ​ប្រកាស​ដោយ​ខ្លួនឯង​ថា ជា​មេដឹកនាំ​បណ្តោះអាសន្ន​របស់​ប្រទេស​វ៉េណេស៊ុយអេឡា បាន​ថ្លែង​ថា​៖ «​យើង​មាន​ប្រជាជន​វ៉េណេស៊ុយអេឡា​ប្រហែល​ ៣ ​សែន​នាក់​ដែល​ពួកគេ​នឹង​ត្រូវ​ស្លាប់ ប្រសិន​បើ​ជំនួយ​នោះ​មិន​បាន​ចូល​មក​ដល់​នោះ​។ សុខភាព​របស់​មនុស្ស​ប្រហែល​ ២ ​លាន​នាក់​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​»​។

ដោយ​ទទួល​បាន​អំណាច​ពី​រដ្ឋធម្មនុញ្ញ​លោក Guaido ប្រធាន​សភា​បាន​ចាត់​ទុក​លោក ម៉ាឌូរ៉ូ ថា «​ខុសច្បាប់​» បន្ទាប់ពី​មាន​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨ ដែល​មេគណបក្ស​ប្រឆាំង​លោក Juan Guaido ចោទប្រកាន់​ថា​មាន​ការលួច​បន្លំ​សន្លឹកឆ្នោត​៕ SK

លោក​ម៉ាឌូរ៉ូ​ថ្លែង​នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​យុវជន​នៅ​វិមាន​ Bolivar​។ AFP