រដ្ឋបាល​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ពួក​គេ​បាន​ព្យាយាម​ធ្វើ​ការ​ទាក់ទង​ជាមួយ​នឹង​កូរ៉េខាងជើង​តាមរយៈ​មធ្យោបាយ​ទំនាក់ទំនង​ជាច្រើន​តាំង​ពី​ខែកុម្ភៈ​មក តែ​មក​ដល់​ពេល​នេះ​ក្រុង​ព្យុងយ៉ាង​មិន​បាន​ធ្វើ​ការ​ឆ្លើយតប​ទេ។

«ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​តានតឹង​កើន​ឡើង​យើង​បាន​ព្យាយាម​ធ្វើ​ការ​ទាក់ទង​ទៅ​កាន់​រដ្ឋាភិបាល​កូរ៉េខាងជើង​តាមរយៈ​មធ្យោបាយ​ជាច្រើន​ចាប់​ផ្ដើម​នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ ​ដែល​រួមមាន​ទីក្រុង​ញូវយ៉ក [ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ]» មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់ ១ រូប​បាន​ប្រាប់ បែប​នេះ​ទៅ​កាន់​សារព័ត៌មាន ​Reuters និង CNN ហើយ​បន្ត​ទៀត​ថា៖ «មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ទីក្រុង​ព្យុងយ៉ាង​នៅ​ឡើយ​ទេ។ រឿង​នេះ កើត​ឡើង​ក្នុង​រយៈពេល ១ ឆ្នាំ​ដោយ​គ្មាន​ការ​សន្ទនា​សកម្ម​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង បើ​ទោះបី​មាន​ការ​ព្យាយាម​ជាច្រើន​ពី​សំណាក់​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ការ​ទាក់ទង»។

ការ​បង្ហាញ​អំពី​ការ​បរាជ័យ​របស់​អាមេរិក​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េខាងជើង​បាន​ចោទ​ជា​សំណួរ​អំពី​របៀប​ដែល​លោក Biden នឹង​ដោះស្រាយ​ភាព​តានតឹង​ជាមួយ​នឹង​ក្រុង​ព្យុងយ៉ាង​ជុំវិញ​បញ្ហា​កម្មវិធី​បង្កើត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​ចម្ងាយ​ឆ្ងាយ​របស់​ប្រទេស​នេះ។

កន្លងមក​រដ្ឋបាល Biden មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ពណ៌នា​ជា​សាធារណៈ​អំពី​វិធីសាស្ត្រ​របស់​ពួកគេ​ចំពោះ​កូរ៉េខាងជើង ដោយ​និយាយ​ថា​ខ្លួន​កំពុង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​អន្តរ​ក្រសួង​លើ​គោល​នយោបាយ​របស់​អាមេរិក​ចំពោះ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​មាន​ការ​ប្រជុំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​រវាង​អ្នក​កាន់​តំណែង​មុន​របស់​លោក Biden គឺ​លោក Donald Trump ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong-Un។

កិច្ច​ប្រជុំ​ចំនួន ៣ រវាង​លោក Trump និង​លោក Kim Jong-Un បាន​សម្រេច​សមិទ្ធផល​តិចតួច។ ការ​ចរចា​បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឱ្យ​ភាគី​កូរ៉េខាងជើង​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​ចំណុច​ក្ដៅ​ជាមួយ​នឹង​អាមេរិក និង​ប្រទេស​ជិត​ខាង គឺ​ជប៉ុន និង​កូរ៉េខាងត្បូង ខណៈ​អាមេរិក​មិន​ព្រម​ធ្វើ​ការ​ដក​ទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង។

គេ​រំពឹង​ថា គោល​នយោបាយ​ថ្មី​ចំពោះ​កូរ៉េខាងជើង​នឹង​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ខែ​មេសា​ ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Anthony Blinken បាន​និយាយ​ថា អាមេរិក​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​អាច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង​ ដើម្បី​សម្ពាធ​ឱ្យ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ តែ​រហូត​មក​ដល់​ពេល​នេះ​ទណ្ឌកម្ម​បាន​បរាជ័យ​ក្នុង​ការ​ជំរុញ​ឱ្យ​លោក Kim Jong-Un បោះបង់​អាវុធ​នុយក្លេអ៊ែរ។

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត លោក Biden បាន​និយាយ​ថា លោក Kim Jong-Un ជា «ជន​ខិលខូច» ហើយ​បាន​និយាយ​ថា​នឹង​ជួប​ជាមួយ​លុះត្រា​តែ​មាន «លក្ខខណ្ឌ​ថា នឹង​យល់ព្រម​បន្ថយ​សមត្ថភាព​នុយក្លេអ៊ែរ»។

មេ​ដឹកនាំ​កូរ៉េខាងជើង​បាន​បន្ត​សង្កត់​ធ្ងន់​លើ​សមត្ថភាព​យោធា​របស់​ប្រទេស​ខ្លួន​ដោយ​អះអាង​ពី​ការ​អភិវឌ្ឍ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទំហំ​ធំ ផ្កាយរណប​ចារកម្ម និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ខណៈ​ទាមទារ​ឱ្យ​អាមេរិក​បោះបង់​ចោល «គោល​នយោបាយ​អរិភាព» របស់​ពួក​គេ។

យ៉ាងណា​មិញ ការ​បង្ហាញ​នេះ​ធ្វើ​ឡើង​ខណៈ​លោក Blinken នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក លោក Lloyd Austin នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​នៅ​សប្ដាហ៍​នេះ ដោយ​គេ​រំពឹង​ថា កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង នឹង​ក្លាយ​ជា​ប្រធានបទ​យ៉ាង​សំខាន់​មួយ​ក្នុង​ទស្សនកិច្ច​នេះ។

លោក Blinken នឹង​ជួប​ជាមួយ​នឹង​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​ចិន​នៅ​ពេល​ដែល​លោក​ត្រឡប់​មក​វិញ។ រដ្ឋបាល Trump បាន​ចោទ​ប្រកាន់​ប្រទេស​ចិន ​ថា មិន​បាន​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ទេ។

របាយការណ៍​សម្ងាត់​របស់​អង្គការ​សហប្រជាជាតិ​កូរ៉េខាងជើង បាន​រក្សា និង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​របស់​ខ្លួន​ពេញ ១ ឆ្នាំ ២០២០ ក្នុង​ការ​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​ដោយ​ជួយ​ផ្តល់​ថវិកា​ដល់​កម្មវិធី​ទាំង​នេះ ជាមួយ​នឹង​ទ្រព្យ​លួច​តាម​អ៊ីនធឺណិត ចំនួន ៣០០ លាន​ដុល្លារ៕