កាល​ពី​ថ្ងៃ​ចន្ទ​ ទី ២៨​ ធ្នូ ​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden​ បាន​និយាយ​ថា​ ក្រុម​រៀបចំ​ការ​ផ្ទេរ​អំណាច​របស់​លោក​រង​ការ​ «រារាំង» ​ពី​មន្ត្រី​របស់​ Trump នៅ​ក្រសួង​ការពារ​ជាតិ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​លើ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋបាល ​Trump ​ក្នុង​ដំណើរការ​ផ្ទេរ​អំណាច ​ខណៈ​ពេល​ដែល​សល់​តែ ​៣ ​សប្ដាហ៍​ទៀត​ដល់​ថ្ងៃ​​ចូល​កាន់​តំណែង។

លោក ​Biden ​បាន​និយាយ​ថា​៖ «សម្រាប់​ទីភ្នាក់ងារ​ខ្លះ​យើង​ទទួល​បាន​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​ពី​បុគ្គលិក​អាជីព​នៅ​ក្នុង​ទីភ្នាក់ងារ​ទាំង​នោះ។ ​សម្រាប់​ទីភ្នាក់ងារ​ផ្សេង​ទៀត​ ជា​ពិសេស​ក្រសួង​ការពារជាតិ យើង​បាន​រង​ការ​រារាំង​ពី​ថ្នាក់​ដឹកនាំ​នយោបាយ​នៃ​ក្រសួង​នោះ​»។

លោក Biden ​បាន​និយាយ​បែប​នេះ ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​នៅ​រដ្ឋ​ Delaware ​ក្រោយ​ពី​លោក ​និង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​លោកស្រី​ Kamala Harris បាន​ស្ដាប់​ការ​រាយការណ៍​សង្ខេប​ដោយ​ក្រុម​រៀបចំ​ការ​ផ្ទេរ​អំណាច​ ដែល​បាន​ត្រួត​ពិនិត្យ​លើ​ទីភ្នាក់ងារ​ដែល​ទាក់ទង​នឹង​សន្តិសុខជាតិ​ និង​គោល​នយោបាយ​ការ​បរទេស​ដូច​ជា​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​ការ​បរទេស​។

លោក​បាន​បន្ត​ទៀត​ថា៖ ​«ការ​ពិត​គឺ​ភ្នាក់ងារ​​ជាច្រើន ​ដែល​មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​របស់​យើង​បាន​ទទួល​​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។ ​បុគ្គលិក​សមត្ថភាព និង​សីលធម៌​របស់​ពួក​គេ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឱ្យ​​ប្រហោង​ក្នុង។​ ដំណើរការ​គោល​នយោបាយ​បាន​ធ្លាក់​ចុះ ​ឬ​ត្រូវ​បាន​បញ្ឈប់»។​

លោក Biden ​រិះគន់​រដ្ឋបាល​លោក ​Trump ពី​ការ​រារាំង​នេះ​ថា៖ «ឥឡូវ​នេះ​យើង​មិន​ទទួល​បាន​ព័ត៌មាន​ទាំង​អស់​ដែល យើង​ត្រូវ​ការ​ពី​រដ្ឋបាល​ចេញ​ពី​តំណែង​ទាក់ទង​នឹង​សន្តិសុខ​ជាតិ។ ក្នុង​ទស្សនៈ​ខ្ញុំ​នេះ គឺ​ជា​អំពើ​មិន​ទទួល​ខុស​ត្រូវ​»។

នៅ​ថ្ងៃ​ចន្ទ​ដដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្ដីទី​ លោក ​Christopher Miller ​បាន​ការពារ​ក្រសួង​ការពារ​ជាតិ​ដោយ​លោក​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ ​«មន្ត្រី​នយោបាយ និង​មន្ត្រី​អាជីព​នៃ​ក្រសួង​ការពារ​ជាតិ​យើង គឺ​កំពុង​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​បំផុត​ ដើម្បី​គាំទ្រ​ដល់​គ្រប់​សកម្មភាព​ផ្ទេរ​អំណាច​ក្នុង​កាល​វិភាគ​បង្រួម​បំផុត ​ហើយ​ពួក​គេ​នឹង​បន្ត​ធ្វើ​ដូច្នេះ​ប្រកប​ដោយ​លក្ខណៈ​តម្លាភាព ដែល​លើក​ស្ទួយ​ប្រពៃណី​ល្អ​បំផុត​របស់​ក្រសួង​»។

លោក Biden​ បាន​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការ​ផ្ទេរ​តំណែង​តាំង​ពី​ថ្ងៃ ដែល​ចេញ​លទ្ធផល​បឋម​ការ​បោះឆ្នោត​មក​ម្ល៉េះ។​ លោក Trump ​បាន​​រារាំង​មិន​ឱ្យ​រដ្ឋបាល​សេវា​ទូទៅ (GSA) បំពេញ​កាតព្វកិច្ច​ក្នុង​ការ​សម្រួល​ដំណើរការ​ផ្ទេរ​អំណាច​រហូត​ដល់​ថ្ងៃទី ​២៣ ​វិច្ឆិកា។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​លោក ​Trump ​បាន​ដក​រដ្ឋមន្ត្រី​ការពារ​ជាតិ ​Mark Esper ​ចេញ​ពី​តំណែង​ហើយ​តែងតាំង​លោក Miller ជា​រដ្ឋមន្ត្រី​ស្ដីទី។​ បន្ទាប់​មក​លោក​ ​Trump បាន​ដក​តំណែង​ថ្នាក់​ដឹកនាំ​ស៊ីវិល​នៃ​ក្រសួង​ការពារ​ជាតិ​មួយ​ចំនួន​ហើយ​ជំនួស​ដោយ​បុគ្គល​ជំនិត​របស់​លោក​វិញ​ដែល​​រួម​មាន​លោក ​Kashyap Patel ដែល​ធ្លាប់​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន​។

មក​ដល់​ពេល​នេះ ​លោក ​Trump ​នៅ​តែ​មិន​ទទួល​យក​ការ​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតី​ ២០២០ ​ដោយ​ប្រកាន់​យក​ជំហរ​ថា​ លោក​បាន​ឈ្នះ តែ​បក្ស​ប្រជាធិប​តេយ្យ​បាន​លួច​ជ័យជម្នះ​របស់​លោក​តាមរយៈ​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត។ ​លោក​បាន​ធ្វើ​ការ​ប្ដឹង​តវ៉ា​នៅ​រដ្ឋ​សំខាន់​ចំនួន ​៦ ​តែ​ពាក្យ​បណ្ដឹង​ទាំង​ជាង ៤០ ​របស់​លោក​បាន​ទទួល​បរាជ័យ​សឹង​ទាំង​អស់​ហើយ។

លោក Trump ​បាន​ប្រើប្រាស់​អំណាច​ចុង​ក្រោយ​របស់​លោក ​ដើម្បី​លើកលែង​ទោស​ឱ្យ​បុគ្គល​ចម្រូងចម្រាស​ជាច្រើន​ដែល​រួមមាន​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​ដូចជា ​លោក Mike Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ ​លោក Paul Manafort អតីត​អ្នក​គ្រប់គ្រង​យុទ្ធនាការ​បោះឆ្នោត ​Charles Kushner ឪពុក​របស់​កូន​ប្រសា​របស់​​លោក ​និង​លោក Chris Collins អតីត​សមាជិក​សភា មក​ពី​គណបក្ស​សាធារណរដ្ឋ។

លោក Trump ​ក៏​បាន​វ៉េតូ​សេចក្ដី​ព្រាងច្បាប់​កញ្ចប់​ថវិកា​ការពារជាតិ ​និង​គំរាម​វ៉េតូ​សេចក្ដី​ព្រាងច្បាប់​កញ្ជប់​ថវិកា​ជាតិ​ ដែល​រួម​មាន​ថវិកា​ជំនួយ​កូវីដ ១៩ ៩០០ ​ពាន់​លាន​ដុល្លារ ដោយ​លោក​ទាមទារ​ឱ្យ​បង្កើន​ទំហំ​សែក​ជំនួយ​ពី ​៦០០​ ដុល្លារ ​ទៅ ​២ ០០០ ​ដុល្លារ​វិញ។ លោក ​Trump បាន​ដកថយ​ការ​គំរាម​របស់​លោក​វិញ​ ហើយ​​បាន​ចុះហត្ថ​លេខា​អនុម័ត​កញ្ជប់​ថវិកា​នេះ​វិញ។

សមាជិក​សភា​មក​ពី​បក្ស​ប្រជាធិបតេយ្យ​វិញ​បាន​អនុម័ត​ការ​បង្កើន​ទំហំ​សែក​ជំនួយ​ពី ​៦០០ ដុល្លារ​ ទៅ ​២ ០០០ ​ដុល្លារ​ក្នុង​សំឡេង​ភាគ​ច្រើន ​២៧៥ ១៣៤ ​ហើយ​បាន​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា ​ដើម្បី​ធ្វើ​ការ​អនុម័ត​បន្ត។

យ៉ាង​ណាមិញ​លោក​ Biden ​ត្រូវ​បាន​អង្គ​បោះឆ្នោត ​(Electoral College) ​បោះឆ្នោត​ឱ្យ ​៣០៦ ២៣២ ​គ្រប់គ្រាន់​សម្រាប់​ទទួល​ជ័យជម្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី។ សម័យ​ប្រជុំ​រួម​នៃ​សភា​អាមេរិក​នឹង​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​របស់​អង្គ​បោះឆ្នោត​នៅ​ថ្ងៃទី​ ៦ មករា​ ២០២១។​ បើ​សិន​មិន​មាន​ការ​តវ៉ា​ក្នុង​សម័យ​ប្រជុំ​នេះ​ទេ ​លោក ​Biden ​នឹង​ឡើង​កាន់​អំណាច​នៅថ្ងៃ​ទី ២០​ មករា​ ២០២១៕