នៅទីបំផុតអតីតអនុប្រធានាធិបតី និងជាបេក្ខជនមកពីបក្សប្រជាធិបតេយ្យលោក Joe Biden ត្រូវសន្និដ្ឋានថា ជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។
សារព័ត៌មាន AP និង Fox News បានរាយការណ៍ថា លោក Biden បានឈ្នះដាច់ក្រោយពីបានសំឡេងភាគច្រើននៅរដ្ឋ Pennsylvania និង Nevada។ លោកទទួលបានអង្គបោះឆ្នោតរហូតដល់ទៅ២៩០ លើសចំនួន ២៧០ ដែលជាចំនួនកំណត់ត្រូវការសម្រាប់ឈ្នះឆ្នោត ខណៈលោក Trump ទទួលបានអង្គបោះឆ្នោតត្រឹមតែ ២១៤ ប៉ុណ្ណោះ។
ក្នុងការថ្លែងសុន្ទរកថាក្រោយពីបានទទួលជ័យជម្នះ លោក Biden បាននិយាយថា៖ «ប្រជាជននៃប្រជាជាតិនេះ បានបញ្ចេញមតិរបស់ពួកគេហើយ។ ពួកគេបានប្រគល់ឱ្យយើងនូវជ័យជម្នះយ៉ាងច្បាស់ ជ័យជម្នះគួរឱ្យជឿជាក់ និងជ័យជម្នះសម្រាប់យើងជាប្រជាជន»។
លោកបានបន្តទៀតថា៖ «ខ្ញុំសន្យាថានឹងធ្វើជាប្រធានាធិបតីដែលព្យាយាមមិនធ្វើឱ្យមានការបែកបាក់តែមានការបង្រួបបង្រួម។ ជាប្រធានាធិបតីដែលមិនឃើញរដ្ឋក្រហម ឬរដ្ឋខៀវទេ តែឃើញសហរដ្ឋអាមេរិកប៉ុណ្ណោះ»។
លោក Biden បន្តថា៖ «ខ្ញុំបានឈរឈ្មោះតំណែងនេះ គឺដើម្បីស្ដារព្រលឹងរបស់សហរដ្ឋអាមេរិកឡើងវិញ ដើម្បីកសាងឆ្អឹងខ្នងនៃប្រជាជាតិ និងវណ្ណៈកណ្ដាលឡើងវិញ ហើយក៏ដើម្បីធ្វើឱ្យអាមេរិកទទួលការគោរពនៅជុំវិញពិភពលោកឡើងវិញ»។
ងាកនិយាយទៅកាន់អ្នកបោះឆ្នោតឱ្យលោក Trumpវិញ លោក Biden ថា៖ «ខ្ញុំយល់ពីអារម្មណ៍នៃការខកចិត្តនៅយប់នេះ។ ខ្ញុំក៏ធ្លាប់ចាញ់ប៉ុន្មានដងដែរ។ ប៉ុន្តែឥឡូវនេះសូមផ្ដល់ឱកាសឱ្យគ្នាទៅវិញទៅមក»។
មេដឹកនាំជុំវិញពិភពលោកបានអបអរសាទរជ័យជម្នះរបស់លោក Biden ដែលរួមមាននាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ប្រធានាធិបតីបារាំងលោក Enmanuel Macron នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ជាដើម។
ដោយឡែកអ្នកគាំទ្រលោក Bidenវិញ បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវទីក្រុងសេរីនិយមធំៗដូចជា Chicago, Los Angeles, New York, Boston, Atlanta, Philadelphia, និងរដ្ឋធានី Washington DC ដើម្បីអបអរសាទរជ័យជម្នះរបស់លោក។ ការអបអរធ្វើឡើងទន្ទឹមនឹងការធ្វើបាតុកម្ម របស់ក្រុមអ្នកគាំទ្រលោក Trump ដែលមិនទាន់ទទួលស្គាល់លទ្ធផលការបោះឆ្នោត ដោយមានជំនឿថា មានការក្លែងសន្លឹកឆ្នោត។
លទ្ធផលថា លោក Biden ឈ្នះត្រូវបានប្រកាសស្របពេលលោក Trump កំពុងវាយកូនហ្គោល នៅឯរដ្ឋ Virginia។ ពេលលោកត្រឡប់មកដល់សេតវិមានវិញ ក្រុមអ្នកគាំទ្រលោក Biden បានប្រមូលផ្ដុំនៅពីមុខហើយបានស្រែកថា «Goodbye»។
គិតមកត្រឹមថ្ងៃសៅរ៍ លោក Donald Trump មិនទាន់ប្រកាសជាសាធារណៈទេថា លោកទទួលស្គាល់លទ្ធផលការបោះឆ្នោតដែរឬទេ? ហើយក៏មិនទាន់ប្រកាសថា ទទួលស្គាល់ខ្លួនឯងចុះចាញ់ឬក៏អត់? ក្នុងអំឡុងពេលបោះឆ្នោត លោក Trump បានអះអាងដោយមិនមានភ័ស្តុតាងថា ការបោះឆ្នោតត្រូវបានគេ «លួច» តាមរយៈការក្លែងសន្លឹកឆ្នោត ហើយទាមទារឲ្យឈប់រាប់សន្លឹកឆ្នោត។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមបាតុករគាំទ្រលោក Trump បានចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យរាប់សន្លឹកឆ្នោត នៅតាមទីក្រុងធំៗនៅរដ្ឋ Swing States មួយចំនួន។
ក្រុមអ្នកគាំទ្រលោក Trump បានប្រើប្រាស់សារផ្ទុយគ្នានៅក្នុងការធ្វើបាតុកម្មចំនួន ២ ផ្សេងគ្នា។ នៅទីក្រុង Detroit រដ្ឋ Michigan ពួកគេបានប្រមូលផ្ដុំគ្នាទាមទារឱ្យមន្ត្រីរៀបចំការបោះឆ្នោតឱ្យ «ឈប់រាប់សន្លឹកឆ្នោត» ក្រោយពីលោក Trump បានដាក់ពាក្យបណ្ដឹង។ នៅរដ្ឋ Michigan លោក Trump បាននាំមុខសំឡេងឆ្នោតនៅពេលដែលចាប់ផ្ដើមរាប់ដំបូង ប៉ុន្តែលោក Biden បានបន្ថយគម្លាត រួចហើយទទួលជ័យជម្នះនៅពេលដែលរាប់ដល់សន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រ។
រីឯនៅទីក្រុង Phoenix រដ្ឋ Arizona វិញ ក្រុមនេះ ដែលខ្លះមានកាន់កាំភ្លើងបានទាមទារធ្វើការ «រាប់សន្លឹកឆ្នោតទាំងអស់» ដោយសារលោក Biden ត្រូវបាន AP និង Fox News សន្និដ្ឋានថាលោកបានទទួលជ័យជម្នះនៅរដ្ឋនេះ ប៉ុន្តែនៅសល់សន្លឹកឆ្នោតមិនទាន់រាប់ច្រើន ។ នៅទីក្រុងដដែលក្រុមអ្នកគាំទ្រលោក Trump ក៏បានប្រឈមមុខដាក់គ្នាជាមួយក្រុមអ្នកគាំទ្ររបស់លោក Biden ផងដែរ ប៉ុន្តែមិនមានការប៉ះទង្គិចធ្ងន់ធ្ងរទេ។
នៅទីក្រុង Philadelphia រដ្ឋ Pennsylvania វិញប៉ូលិសបានឈរយាមរវាងបាតុកម្មរបស់ក្រុមលោក Trump និងក្រុមលោក Biden ដែលក្រោយមកប៉ូលិសបានដាក់រនាំងដែកបំបែកក្រុមទាំង ២ នេះ។
បាតុកម្មបានកើតឡើងនៅទីក្រុងសេរីនិយមដូចជា ទីក្រុង New York, Seattle, Los Angeles, និង រដ្ឋធានី Washington DC ក្រោយពីលោក Trump បានប្រកាសដោយឯកតោភាគីកាលពីថ្ងៃពុធថា បានឈ្នះការបោះឆ្នោត ខណៈពេលដែលសន្លឹកឆ្នោតមិនទាន់រាប់ហើយនៅរដ្ឋ Swing State មួយចំនួន។ នៅសង្កាត់ Manhattan ប៉ូលិសបានចាប់ខ្លួនបាតុករចំនួន ៣០ រូប ដែលបានចោទថា ពួកគេបានរំខានបាតុកម្មសន្តិភាព ដោយបានប៉ុនប៉ងបង្កអគិ្គភ័យ គប់សំរាម និងគប់ពងមាន់។
នៅទីក្រុង Minneapolis រដ្ឋ Minnesota ក្រុមបាតុកម្មប្រឆាំងលោក Trump និងក្រុមបាតុកម្ម Black Lives Matter បានរួមគ្នាដើរក្បួនទៅបិទផ្លូវអន្តររដ្ឋលេខ ៩៤។ ប៉ូលិសបានថែមពិន័យបាតុករចំនួន ៦៤៦ ពីបទធ្វើឱ្យស្ទះផ្លូវ។
ថ្ងៃពុធលោក Trump បានដាក់ពាក្យបណ្ដឹងនៅរដ្ឋ Michigan, Georgia,និង Pennsylvania ហើយមួយថ្ងៃក្រោយមកនៅរដ្ឋ Nevadaទៀត ដោយអះអាងថា សន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រនៅរដ្ឋទាំងនេះ គឺមានភាពមិនប្រក្រតីដែលពាក្យបណ្ដឹងរដ្ឋ Pennsylvania បានឈានទៅដល់តុលាការកំពូលអាមេរិក។ ការដាក់ពាក្យ បណ្ដឹងនេះត្រូវបានគេគិតថា ជាសកម្មភាពដើម្បីពន្យារការរាប់សន្លឹកឆ្នោត និងជាសកម្មភាពធ្វើឱ្យមានការសង្ស័យលើភាពត្រឹមត្រូវនៃការរាប់សន្លឹកឆ្នោត។ លោក Trump បានចាញ់រឿងក្ដីនៅរដ្ឋ Michigan និង Georgia ហើយអ្នកវិភាគមួយចំនួនបានគិតថា លោកនឹងបន្តចាញ់នៅរដ្ឋដទៃទៀត។
នៅរដ្ឋធានីLansing នៃរដ្ឋ Michigan សភាគ្រប់គ្រងដោយសមាជិកមកពីបក្សសាធារណរដ្ឋបានបើកការស៊ើបអង្កេតទៅលើការបោះឆ្នោតនៅក្នុងរដ្ឋនេះ ដោយបានអះអាងថា មានភាពមិនប្រក្រតីកើតឡើង។ កាលពីថ្ងៃសៅរ៍ សមាជិកសភានេះ បានបោះឆ្នោតតាមខ្សែបន្ទាត់បក្ស ដើម្បីចេញដីកាទាញយកកំណត់ត្រាការបោះឆ្នោតសម្រាប់ធ្វើការស៊ើបអង្កេត។ ក្រុមអ្នកគាំទ្រលោក Trump ក៏បានប្រមូលផ្ដុំគ្នានៅអគារសភានេះ ដើម្បីធ្វើការតវ៉ាលទ្ធផលឆ្នោត។
យ៉ាងណាមិញក្រុមហ៊ុន Facebook បានលុបគណនីក្រុម (group) មួយដែលមានឈ្មោះថា «បញ្ឈប់ការលួច» របស់អ្នកគាំទ្រលោក Trump។ គណនីក្រុមនេះ គឺបានប្រើប្រាស់សម្រាប់រៀបចំបាតុកម្មប្រឆាំងនឹងការរាប់សន្លឹកឆ្នោត ហើយសមាជិកមួយចំនួនបានទាមទារឱ្យមានការប្រព្រឹត្តអំពើហិង្សាផងដែរ។ សមាជិកប្រមាណ ៣៥ ម៉ឺននាក់នៅក្នុងក្រុមនេះ ភាគច្រើនមានជំនឿថា បក្សប្រជាធិបតេយ្យ គឺកំពុង «លួច» ជ័យជម្នះការបោះឆ្នោតតាមរយៈការក្លែងសន្លឹកឆ្នោត។
បើទោះបីជាលោក Biden ទទួលបានជ័យជម្នះក៏ដោយ នៅសល់រយៈពេលប្រមាណ ២ ខែទៀត ទើបលោកបានចូលកាន់តំណែងជាប្រធានាធិបតី។ រដ្ឋនីមួយៗនឹងត្រូវធ្វើការបញ្ជាក់លទ្ធផលឆ្នោតហើយតែងតាំងអង្គបោះឆ្នោតនៅរយៈពេលរវាងចុងខែវិច្ឆិកា និងដើមខែធ្នូ។ អង្គបោះឆ្នោតនឹងចូលរួមកិច្ចប្រជុំ Electoral College នៅពាក់កណ្ដាលខែធ្នូ។ លទ្ធផលនៃកិច្ចប្រជុំ Electoral College នឹងត្រូវបានបញ្ជាក់ដោយសម័យប្រជុំរួមនៃសភាតំណាងរាស្ត្រ និងព្រឹទ្ធសភានៅដើមខែមករា ឆ្នាំ ២០២១។
ប្រធានាធិបតីថ្មីនឹងត្រូវធ្វើពាក្យសម្បថចូលកាន់តំណែងនៅពាក់កណ្ដាលខែមករា៕